កាន់តែធ្ងន់ទៀតហើយចិន!!! សមាជិកព្រឹទ្ធសភាអាមេរិក ស្នើច្បាប់ដាក់ទណ្ឌកម្មចិនករណីជម្លោះក្នុងសមុទ្រចិនខាងត្បូង និងខាងកើត

0
430

សេចក្តីប្រកាសព័ត៌មានដែលចេញដោយលោក ម៉ាកូ រូប៊ីអូ បានឲ្យដឹងថា ច្បាប់នេះនឹងដាក់ទណ្ឌកម្មប្រឆាំង បុគ្គល ឬក្រុមហ៊ុនណាដែលចូលរួមជាមួយរដ្ឋាភិបាលក្រុងប៉េកាំងក្នុងសកម្មភាពខុសច្បាប់ នានា។ សកម្មភាពខុសច្បាប់ទាំងនោះរួមមាន ការរំលោភយកដែនកោះ ការបង្កើតកោះសិប្បនិម្មិត និងការកសាងហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ចល័តក្នុងតំបន់ដែលកំពុងមានជម្លោះ ជាដើម។

តាមសេចក្តីប្រកាសព័ត៌មានដែលចេញផ្សាយកាលពីម្សិលមិញ លោក ម៉ាកូ រូប៊ីអូ (Marco Rubio) សមាជិកព្រឹទ្ធសភាមកពីគណបក្សសាធារណរដ្ឋ និងលោក ឌីក ដឺប៊ីន (Dick Durbin) នៃគណបក្សប្រជាធិបតេយ្យ ជាអ្នកដឹកនាំស្នើច្បាប់នេះ។ ក្រុម​សមាជិក​ព្រឹទ្ធសភាអាមេរិក បាន​ស្នើជាថ្មី​នូវច្បាប់ដាក់​ទណ្ឌកម្ម​អ្នក​ដែល​ពាក់​ព័ន្ធ​ជាមួយប្រទេស​ចិន​ ក្នុងករណី​រំលោភអធិបតេយ្យ​តំបន់​​កំពុងមាន​ជម្លោះ​ក្នុងសមុទ្រចិនខាងត្បូង និងខាងកើត​។

តាមការចុះផ្សាយ​របស់​សារព័ត៌មាន​ South China Morning Post ប្រសិន​បើ​ច្បាប់នេះ​ចូល​ជាធរមាន​ រដ្ឋាភិបាល​អាមេរិក​នឹងដកហូតទ្រព្យសម្បត្តិ​របស់​បុគ្គល​ ឬក្រុម​ហ៊ុន​ចិនទាំងនោះ ឬបដិសេធការចេញ​ទិដ្ឋាការឲ្យពួកគេចូល​ទឹក​ដី​អាមេរិក​។

លោក ម៉ាកូ រូប៊ីអូ បានថ្លែងប្រាប់​សារព័ត៌មាន​ដែលមាន​មូលដ្ឋាន​នៅទីក្រុងហុងកុង​ដដែលនេះថា​ ច្បាប់ដែល​ស្នើឡើង​ដោយព្រឹទ្ធសមាជិកទាំង​ពីរ​គណបក្សនេះ ​នឹងពង្រឹងកិច្ច​ខិតខំប្រឹងប្រែងរបស់​សហរដ្ឋអាមេរិកនិង សម្ព័ន្ធមិត្ត​ ដើម្បីទប់ទល់នឹង​សកម្មភាពយោធា​ដ៏គ្រោះថ្នាក់​របស់​ចិន​នៅ​តំបន់​មាន​ជម្លោះក្នុង​ដែនសមុទ្រចិន ខាងត្បូង។ សមាជិកព្រឹទ្ធសភារូបនេះ បន្ថែម​ថា ​ច្បាប់នេះបង្ហាញ​ពីការ​ប្តេជ្ញារបស់​អាមេរិក​ក្នុងការរក្សាតំបន់ សមុទ្រ​ចិនខាង​ត្បូង ​ជាតំបន់​មួយដែល​បើកចំហសម្រាប់​គ្រប់​ប្រទេសទាំងអស់។ លោកបន្ថែម​ថា​ច្បាប់នេះ ក៏នឹង ​ធ្វើឲ្យចិន​ទទួល​ខុសត្រូវ​ចំពោះ​សកម្មភាព​គំរាម​កំហែងរបស់ខ្លួន​​ទៅលើ​ប្រទេសផ្សេងៗក្នុងតំបន់​ផងដែរ។

ប៉ុន្តែ ​រដ្ឋាភិបាល​ក្រុងប៉េកាំង បាន​ហៅ​សំណើបង្កើត​ច្បាប់​ដាក់​ទណ្ឌកម្ម​ក្រុមហ៊ុន និង​ជនជាតិ​ចិនពី​សំណាក់ សមាជិក​ព្រឹទ្ធសភា​អាមេរិក​នេះ ថា ​រំលោភ​ច្បាប់​អន្តរជាតិ។ អ្នកនាំពាក្យក្រសួងការបរទេសចិន​ លោក លូ ខាង បាន​លើកឡើងបែបនេះក្នុង​សន្និសីទសារព័ត៌មាន​មួយកាលពីម្សិលមិញ​។ អ្នកនាំពាក្យក្រសួងការ បរទេសចិនរូបនេះ អះអាងថា​ ការកសាង​សំណង់​នានា​នៅ​ដែនសមុទ្រចិនខាងត្បូង និងសមុទ្រចិន​ខាងកើត គឺធ្វើឡើង​​នៅ​ក្នុង​ដែន​អធិបតេយ្យរបស់​ចិន។

លោក លូ ខាង បន្ថែម​ថា ភាគី​​ចិនប្រឆាំងដាច់ខាតនឹង​សំណើ​ច្បាប់នេះ។ លោក ក៏បាន​ជំរុញ​ទៅ​អាមេរិក បញ្ឈប់​ដំណើរការច្បាប់​នេះជាបន្ទាន់​​ ដើម្បី​កុំ​ឲ្យ​ប៉ះពាល់​ដល់​ទំនាក់​ទំនងទ្វេភាគីរវាងប្រទេស ទាំងពីរ។

ច្បាប់ដាក់​ទណ្ឌកម្ម​អ្នក​ដែល​ពាក់​ព័ន្ធ​ជាមួយប្រទេស​ចិន​ ក្នុងករណី​រំលោភអធិបតេយ្យ​តំបន់​​កំពុងមាន​ជម្លោះ​ក្នុងសមុទ្រចិនខាងត្បូង និងខាងកើតនេះ ធ្លាប់​ត្រូវបាន​ស្នើម្តងរួច​ទៅ​​ហើយកាលពីឆ្នាំ២០១៧ ប៉ុន្តែ​ វាមិនត្រូវបាន​អនុម័ត​ទេនៅពេលនោះ៕ប្រភពVOD ដោយ សុខជា

LEAVE A REPLY

Please enter your comment!
Please enter your name here