ឧត្តរមានជ័យ៖ មានករណីឃាតកម្មមួយបានកើតឡើងកាលពីវេលាម៉ោង១៣និង៣០នាទី ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៩ ត្រង់ចំណុចភូមិស្រែក្រសាំង ឃុំ-ស្រុកត្រពាំងប្រាសាទខេត្តឧត្តរមានជ័យចម្ងាយ៣០ម៉ែត្រពីបង្គោលអង់តែនសេវាទូរស័ព្ទមិតហ្វូន០៩៧ នោះ។
សមត្ថកិច្ចបានឲ្យដឹងថាករណីនេះបង្កឡើងដោយជនសង្ស័យឈ្មោះ អង រ័ត្ន ភេទប្រុសអាយុ២៧ឆ្នាំ មានទីលំនៅភូមិដំណាក់ថ្មីឃុំតាគង់ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ដោយរូបគេបានប្រើកាំបិតផ្គាក់ដងឈើ កាប់ទៅលើជនរងគ្រោះ ដែលត្រូវជាប្រពន្ធរបស់ខ្លួនត្រូវចំនួន០៤កន្លែងត្រូវចំត្រចៀកខាងស្តាំ០១កន្លែងស្មាខាងស្តាំ០១កន្លែងក្រោយកញ្ចឹងក០១កន្លែង និងដើមដោះទាំងសងខាង០១កន្លែង បណ្តាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ។សមត្ថកិច្ចបានបន្តថា ជនរងគ្រោះឈ្មោះ ម៉ាប់ ស្រីមុំ ភេទស្រី អាយុ២៥ឆ្នាំត្រូវជាប្រពន្ធជនសង្ស័យ មានទីលំនៅភូមិ-ឃុំជាមួយគ្នាមានកូនចំនួន០១នាក់ ឈ្មោះ ម៉ាប់ ង៉ា ភេទប្រុស អាយុ០៤ឆ្នាំ។
ក្រោយធ្វើសកម្មភាពជនសង្ស័យត្រូវបានប្រជាពលរដ្ឋក្នុងភូមិព័ទ្ធចាប់ប្រគល់ទៅឲ្យកងរាជអាវុធហត្ថស្រុកត្រពាំងប្រាសាទ។ សមត្ថកិច្ចបានឲ្យដឹងទៀតថាចំពោះមូលហេតុដែលនាំឲ្យកើតមានការប្រព្រឹត្តិអំពើឃាតកម្មលើជនរងគ្រោះដែលត្រូវជាប្រពន្ធរបស់ខ្លួន តាមការសួរនាំពីកម្លាំងអាវុធហត្ថស្រុកសង្ស័យបែកថ្នាំដោយជនសង្ស័យបានឆ្លើយសារភាពថាខ្លួនបានជក់គ្រឿងញៀនកន្លងមក០២ថ្ងៃមកហើយព្រោះនៅមុនពេលកើតហេតុជនរងគ្រោះ និងជនសង្ស័យជាប្តីប្រពន្ធពុំមានជម្លោះឈ្លោះប្រកែកគ្នាអ្វីទាំងអស់ហើយជនសង្ស័យក៏ពុំធ្លាប់មានប្រវត្តិជំងឺសរសៃប្រសាទនោះដែរ។
បច្ចុប្បន្ន ជនសង្ស័យ កំពុងកសាងសំណុំរឿងនៅមូលដ្ឋានកងរាជអាវុធហត្ថស្រុកត្រពាំងប្រាសាទ៕
ចាន់ ធី