ស្របពេលឥទ្ធិពលនៃការហាមឃាត់របស់រដ្ឋាភិបាលអាមេរិកមកលើ Huawei នៅតែបន្តកើតមាន ក៏ជាកត្តារុញច្រានឲ្យក្រុមហ៊ុនយក្សប្រទេសចិនមួយនេះត្រូវជួបរឿងហ្មងសៅពីមួយទៅមួយឥតឈប់ឈរ។ ថ្មីៗនេះរបាយការណ៍ពីគេហទំព័រ 9to5Google បានចុះផ្សាយថា Huawei ត្រូវបានដកឈ្មោះចេញពីសាមជិកនៃ SD Association ជាផ្លូវការហើយ ពោលគឺមានន័យថារាល់បណ្តាផលិតផលមិនថាស្មាតហ្វូននិង Laptop របស់ពួកគេទៅថ្ងៃមុខ នឹងមិនអនុញ្ញាតឲ្យប្រើប្រាស់ SD ឬ microSD Card ទៀតឡើយ។
SD Association បានបញ្ជាក់ដូច្នោះថាក្រុមហ៊ុន Huawei ត្រូវបានដកឈ្មោះចេញពីក្រុម ឆ្លើយតបទៅនឹងការបញ្ជាដ៏តានតឹងរបស់ប្រធានាធិបតីលោក Donald Trump ជុំវិញការហាមឃាត់កិច្ចសហការជាមួយក្រុមហ៊ុនចិន។ នេះពុំមែនជាបញ្ហាទោលនោះទេ ទៀតសោតមានតាំងពី Google, ARM, Intel, Qualcomm និង Broadcom ដែលជាក្រុមហ៊ុនយក្សចាំជួយផ្គត់ផ្គង់ផ្នែកទន់និងរឹងឲ្យ Huawei កាលពីអតីតកាល បានសម្រេចបញ្ចប់កិច្ចសហការតកន្ទុយគ្នា។
ជុំវិញដំណោះស្រាយមិនទាន់មានការបង្ហើបឲ្យជាក់ច្បាស់នៅឡើយ តែតាមដែលដឹង Huawei ក៏នឹងបន្តដោះស្រាយដូចការច្នៃប្រឌិត OS ថ្មីមកជំនួស Android ដោយក្រុមហ៊ុនខ្លួនក៏អភិវឌ្ឍរួចស្រេចលើប្រភេទកាត Nano Memory Card ដែលមានទម្រង់តូចជាង microSD Card ហើយអាចជំនួសការប្រើប្រាស់ជាស្តង់ដារក្នុងពេលខាងមុខ៕ ប្រភពSabay