ត្បិតថាយូរខែទៀតទើប iPhone ស៊េរីថ្មី និង iOS 13 ប្រកាសចេញជាផ្លូវការ ប៉ុន្តែប្រភពចំនួនពីរបានចែករំលែកដំណឹងសំខាន់ៗមួយចំនួនអំពី iPhone ជំនាន់ថ្មី និងប្រព័ន្ធប្រតិបត្តិការជំនាន់ចុងក្រោយផងដែរ។
ចាប់ផ្ដើមជាមួយ iPhone 11 គឺវាដូចគ្នានឹងដំណឹងលេចចេញកន្លងមកដែរ ដោយ iPhone ស៊េរីថ្មីទាំងគូមានបំពាក់អេក្រង់ OLED ទំហំ ៥,៨ អ៊ីញ និង ទំហំ ៦,៥ អ៊ីញ។ គួរសោកស្ដាយនោះគឺស្នាមឆាកនៅមិនផ្លាស់ប្ដូរទំហំនោះឡើយ។
យ៉ាងណាក្ដីប្រភពបានលើកឡើងថាមុខងារ FaceID នឹងមានសមត្ថភាពខ្លាំងជាងមុនលើការដោះសោ។ ឧទាហរណ៍ដូចជាអាចចំណាំផ្ទៃមុខបានក្នុងទំហំធំទូលាយជាងមុន។ រន្ធបំពងសំឡេងបែប Stereo ក៏នឹងមានសមត្ថភាពប្រសើរជាងមុខផងដែរ។អំពីកាមេរ៉ាវិញ iPhone ឆ្នាំ ២០១៩ នឹងមានបំពាក់កាមេរ៉ា ៣ នៅខាងក្រោយ មួយជាកាមេរ៉ាធម្មតា, មួយជាកាមេរ៉ា Zoom និងមួយទៀតជាកាមេរ៉ា Ultra-Wide។ កាមេរ៉ាទីបីនេះដើមឡើយត្រូវមានមុខងាររក្សាលំនឹង OIS ប៉ុន្តែ Apple បានសម្រេចទុកប្រើលើ iPhone ឆ្នាំ ២០២០។ ដូចនេះមុខងារ OIS នឹងមានតែនៅលើកាមេរ៉ាមេ និងកាមេរ៉ា Zoom ប៉ុណ្ណោះ។
ចំពោះកាមេរ៉ា Wide-Angle វិញ អាចផ្ដិតយករូបភាពក្នុងទំហំ ១២០ ដឺក្រេ។ ទំហំនេះមិនធំជាងគេណាស់ណាឡើយ ប៉ុន្តែក៏មិនតូចជាងកាមេរ៉ារបស់គូប្រជែងផ្សេងទៀតដែរ។ គួរចាប់អារម្មណ៍នោះគឺ ភ្លើង LED នៅខាងក្រោយនឹងមិនឡើងទំហំនោះទេ ប៉ុន្តែនឹងអាចជះពន្លឺបានភ្លឺ និង ធំជាងមុន។ ចំណែកឯកម្រាស់នៃកាមេរ៉ានឹងស្ដើងជាងមុន មិនលៀនខ្លាំងដូចមុនឡើយ។ ចំពោះ iOS 13 វិញគឺនឹងមានបន្ថែមមុខងារថ្មីដែលស្រដៀងនឹង Dark Mode ហើយមានសមត្ថភាពចាត់ចែង RAM ល្អប្រសើរជាងមុន។ ចំណែកការ Jailbreak ក៏នឹងពិបាកជាងមុនផងដែរ ជាមួយការពង្រឹងប្រព័ន្ធការពារថ្មី៕ ប្រភពSabay