នៅរសៀលថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩នេះ គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានអញ្ជើញដល់សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដោយសុវត្ថិភាព នៅក្នុងដំណើរទស្សនកិច្ចជាផ្លូវការនិងមិត្តភាព នៅក្នុងប្រទេសនេះ រយៈពេលបីថ្ងៃ គឺពីថ្ងៃទី៣០ ខែឧសភា ដល់ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៩ តបតាមការអញ្ជើញរបស់ លោកជំទាវ ផានី យ៉ាថូទូ (PANY YATHOTOU) ប្រធានរដ្ឋសភាឡាវ។
ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភានៅប្រទេសឡាវ ធ្វើឡើងបន្ទាប់ពីបានបញ្ចប់ទស្សនកិច្ចនៅប្រទេសវៀតណាមរយៈពេលបីថ្ងៃរួចមក។ នៅអាកាសយានដ្ឋានអន្តរជាតិ នាទីក្រុងវៀងច័ន្ទ គណៈប្រតិភូបានទទួលស្វាគមន៍យ៉ាងកក់ក្តៅពីរដ្ឋសភាប្រទេសឡាវ។
តាមគម្រោងនៅព្រឹកថ្ងៃទី៣១ ខែឧសភា សម្តេចប្រធានរដ្ឋសភា និងជួបពិភាក្សាការងារទ្វេភាគីជាមួយ លោកជំទាវ ផានី យ៉ាថូទូ (PANY YATHOTUO) ប្រធានរដ្ឋសភាឡាវ ដើម្បីពង្រឹងពង្រីកចំណងមិត្តភាពសាមគ្គីភាពប្រទេសទំាងពីរឲ្យរឹងមាំថែមទៀត ពិសេសកិច្ចសហប្រតិបត្តិការរដ្ឋសភាប្រទេសទំាងពីរឲ្យបានគ្រប់ជ្រុងជ្រោយ៕