ស្ពានជ្រោយចង្វារទី១ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ហើយ

0
608

ភ្នំពេញ៖ នៅព្រឹកថ្ងៃពុធ ១៤រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៩ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង លោក Hidehisa Horinouchi ឯកអគ្គរដ្ឋទូតជប៉ុន ប្រចាំនៅកម្ពុជា បានអញ្ជើញកាត់ខ្សែ បូរួមគ្នាបើកអោយ ប្រើប្រាស់ស្ពានមិត្តភាពកម្ពុជា-ជប៉ុន (ស្ពានជ្រោយចង្វារទី១) បន្ទាប់ពីបានជួសជុលកែលំអរសោភ័ណភាព និងសុវត្ថិភាពរួចរាល់។

ការជួសជុលស្ពាននេះ គឺបានចំណាយថវិកាប្រមាណ ៣០លានដុល្លារអាមេរិក ដែលជាជំនួយ ឥតសំណងរបស់រាជរដ្ឋាភិបាលជប៉ុន។ ស្ពានដែលត្រូវបានជួសជុលរួចស្រេចជាស្ថាពរនេះ គឺមានគុណ ភាពរឹងមាំល្អប្រសើរក្រោមការយកចិត្តទុកដាក់ខ្ពស់ពីក្រុមវិស្វករជួសជុលរបស់ប្រទេសជប៉ុន និងកម្ពុជា។

ស្ពានជ្រោយចង្វារទី១ គឺជាស្ពានដ៏សំខាន់ឆ្លងកាត់ទន្លេសាប ដែលជាតម្រូវការចាំបាច់ បំផុតរបស់ ប្រទេសជាតិ។ស្ពាននេះមានប្រវែង ៩៧១ម៉ែត្រ និងទទឹង ១៣ម៉ែត្រ។ ស្ពាននេះគឺជាសសៃ ឈាម សេដ្ឋកិច្ចដ៏សំខាន់បំផុតមួយរបស់ប្រទេសជាតិ។

សូមរំលឹកឡើងវិញអំពីប្រវត្តិស្ពានជ្រោយចង្វារទី១ ដែលក្នុងសម័យសង្គ្រាមក្នុងអំឡុងឆ្នាំ ១៩៧២ ស្ពាននេះត្រូវបានកាត់ផ្តាច់ពីគ្នា ដែលធ្វើអោយ ឱ្យប្រជាពលរដ្ឋជួបការលំបាកយ៉ាងខ្លាំង ក្នុងការធ្វើដំណើរ ដោយត្រូវជិះទូក និងជិះកាណូតឆ្លងដើម្បីកាត់ទន្លេស្លាបដ៏ធំមួយនេះ។

រហូតដល់ឆ្នាំ១៩៩២ ក្នុងពេលប្រទេសកម្ពុជាស្ថិតក្នុងដំណាក់កាលស្វះស្វែងរកសុខសន្តិភាព ឯកភាពជាតិ រួបរួមគ្នាបញ្ចប់សង្រ្គាម នៅពេលនោះស្ពានជ្រោយចង្វារទី១ ក៏ត្រូវបានជួសជុល និងតភ្ជាប់ឡើងវិញ ដោយប្រទេសជប៉ុន ហើយក៏បានប្តូរឈ្មោះទៅជាស្ពានមិត្តភាព កម្ពុជា-ជប៉ុន ដោយព្រះមហាវិរៈក្សត្រ ព្រះបរមរតនកោដ្ឋ សម្ដេចព្រះបាទ នរោត្ដម សីហនុ។

នៅចុងឆ្នាំ២០១៧ ដោយសារតែស្ពាននេះមានអាយុកាលច្រើន ហើយស្របពេលកំណើនសេដ្ឋកិច្ច និងលំហូ រចរាចរណ៍កើនឡើងជាលំដាប់នោះ ស្ពាននេះតម្រូវឱ្យមានការ ជួសជុលធានាសុវត្ថិភាព ឡើងវិញជា បន្ទាន់។

ក្រោយពីការជួសជុលរួចរាល់ដែលបានដាក់អោយប្រជាពលរដ្ឋប្រើប្រាស់ ស្ពានមិត្តភាពកម្ពុជា-ជប៉ុន នៅ ថ្ងៃនេះ គឺយើងអាចប្រើបានរយៈពេល ៥០ឆ្នាំទៅមុខថែមទៀត។ ដូច្នេះថ្ងៃនេះការសម្ពោធដាក់ឱ្យប្រើប្រាស់ ឡើងវិញនៃស្ពានជ្រោយចង្វារទី១នេះ ហាក់បីដូចជាសមិទ្ធផលថ្មីមួយទៀតផងដែរ សម្រាប់រាជធានីភ្នំពេញ ក្នុងការបម្រើដល់ការធ្វើដំណើរ និងដឹកជញ្ជូនទំនិញចេញចូលរបស់បងប្អូនប្រជាពលរដ្ឋទូទៅ ជាពិសេសករដាក់អោយប្រប្រាស់ថ្ងៃនេះ ក៏ជាចំណងដៃថ្មីដល់ប្រជាពលរដ្ឋ មុនឱកាសនៃពិធីបុណ្យចូលឆ្នាំប្រពៃណី ជាតិខ្មែរដែលនឹងចូល មកដល់ពាក់កណ្តាលខែមេសាខាងមុខនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here