កំពត៖ នៅថ្ងៃអង្គារ ១៣រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៩នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញសម្ពោធដាក់ឱ្យដំណើរ ការជាផ្លូវ ការនូវប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតខេត្តកំពត សាងសង់ឡើងក្រោម ជំនួយរបស់ រដ្ឋាភិបាល ជប៉ុនតម្លៃជាង ២៦លានដុល្លារសហរដ្ឋអាមេរិក។
ប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតខេត្តកំពតនេះ បានចាប់ផ្តើមសាងសង់កាលពីខែកក្កដា ឆ្នាំ២០១៦ ហើយបញ្ចប់ ការសាងសង់ជាស្ថាពរកាលពីខែសីហា ឆ្នាំ២០១៨។ តាមរយៈប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតនេះ នឹងជួយឱ្យ អង្គភាពរដ្ឋាករទឹកខេត្តកំពត មានសមត្ថភាពផលិតទឹកស្អាតសរុប ប្រមាណ១៣,២៦០ម៉ែត្រគូប ក្នុងមួយថ្ងៃ គឺស្មើនឹងជាង២ដងនៃសមត្ថភាពផលិតពីមុន។ វត្តមានប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតថ្មីនេះ រួមជាមួយបណ្តាញ ចែកចាយសរុបប្រវែង ១៧៦.៩គីឡូម៉ែត្រ ធ្វើឱ្យអង្គភាពរដ្ឋាករទឹក ខេត្តកំពតអាចមានលទ្ធភាពផ្គត់ផ្គង់ទឹក ស្អាតដែលមានគុណភាព សុវត្ថិភាព និរន្តរភាព និងតម្លៃសមរម្យ ដោយគិតជាថ្លៃមធ្យម ១៤០០រៀលក្នុង ១ម៉ែត្រគូប ជូនប្រជាពលរដ្ឋនៅក្រុងកំពត និងស្រុកទឹកឈូ សរុបប្រមាណ ១៣,០០០គ្រួសារ។
ប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតនេះ ក៏ជាការរួមចំណែកធ្វើឱ្យអង្គភាពរដ្ឋាករទឹកខេត្តកំពត សម្រេចបាននូវគោលន យោបាយរបស់រដ្ឋាភិបាលដែលបានកំណត់ថា «ត្រូវពង្រីកវិសាលភាពនៃការផ្គត់ផ្គង់ទឹកស្អាតនៅទីក្រុង ទីប្រជុំជនឱ្យបាន៩០% ត្រឹមឆ្នាំ២០២៣ និង១០០% ត្រឹមឆ្នាំ២០២៥ សម្រាប់បម្រើតម្រូវការចាំបាច់របស់ ប្រជាជន ក៏ដូចជាសម្រាប់ផលិតកម្ម និងសេវាកម្មនានា»។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា ការកើតមានប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតនៅក្នុងខេត្តកំពត ដែលកើតចេញពីជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុននាពេលនេះ ជាការរួមចំណែកយ៉ាងសំខាន់ ក្នុងការលើកកម្ពស់សុខមាលភាពរបស់ប្រជាពលរដ្ឋ ការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម ជាពិសេសក៏ ជាការទាក់ទាញឱ្យមានការវិនិយោគ កាន់តែច្រើនបន្ថែមទៀតនៅទីក្រុងឆ្នេរសមុទ្រមួយនេះផងដែរ៕ដោយ សុខជា