ភ្នំពេញ៖ រលកនៃការរិះគន់និងប្រតិកម្មជាបន្ដបន្ទាប់ពីសំណាក់មហាជននៅលើបណ្ដាញសង្គម នៅពេលនេះ នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានបញ្ជាឲ្យសមត្ថកិច្ចកសាងសំណុំរឿងមន្ដ្រីនគរបាលពាក់ស័ក្ដិ៣ (ឆ្លើយថាច្រឡំ)យក iPad គេ បញ្ជូនខ្លួនទៅកាន់តុលាការ ដើម្បីចាត់វិធានការតាមផ្លូវច្បាប់ហើយ ។
នាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន បានថ្លែងប្រាប់អង្គភាពព័ត៌មានថា «ករណីនេះខ្ញុំបានបញ្ជាឲ្យសមត្ថកិច្ចជំនាញកសាងសំណុំរឿង បញ្ជូនមន្ដ្រីនគរបាលពាក់ស័ក្ដិ៣ នៅនាយកដ្ឋានការពារព្រំដែនទឹក ទៅកាន់តុលាការដើម្បីបន្ដនីតិវិធីតាមផ្លូវច្បាប់នៅថ្ងៃនេះ» ។
ការបញ្ជាឲ្យសមត្ថកិច្ចកសាងសំណុំរឿងមន្ដ្រីនគរបាលពាក់ស័ក្ដិ៣ បញ្ជូនខ្លួនទៅកាន់តុលាការ នេះ បន្ទាប់ពី ឯកឧត្តមនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានថ្លែងប្រាប់អង្គភាពព័ត៌មានដដែលខាងលើនេះកាលពីព្រឹកថ្ងៃទី៣១ ឧសភា ២០១៩ កន្លងទៅនេះថា «បន្ទាប់ពីបញ្ចប់ការសួរនាំនៅ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ មន្ដ្រីនគរបាលខាងលើ ត្រូវបានអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញហើយ ក្រោយធ្វើកិច្ចសន្យាអប់រំ និងអ្នកធានាត្រឹមត្រូវ ។ ករណីនេះ មិនមែនជាករណីលួចទេ គឺជាករណីច្រឡំ ហើយភាគីទាំងពីរទាំងខាងម្ចាស់ហាង និងមន្ត្រីនគរបាល ក៏បានសម្របសម្រួលបញ្ចប់ហើយដែរ ។ ម្ចាស់ហាងក៏មិនបានដាក់ពាក្យបណ្តឹងអ្វីដែរ» ។
ទាំងនេះធ្វើឲ្យមានប្រតិកម្មកាន់តែខ្លាំង ក្រោយពីលោកស័ក្តិ៣ ហេង ហាប់ ដែលបន្លំចូលលួចយក iPad និងល្បីផ្អើលនៅលើបណ្តាញសង្គមហ្វេសប៊ុកនោះ ត្រូវបានដោះលែងវិញ ដោយមិនបានបញ្ជូនទៅកាន់តុលាការ ដើម្បីឲ្យទទួលទោសនោះទេ ក្រោមការសួរនាំ ធ្វើការអប់រំ និងមានអ្នកធានា នៅនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ។ ហើយប្រការនេះធ្វើអោយមហាជនគ្រប់មជ្ឈដ្ឋាន ពិសេសអ្នកលេងនៅលើបណ្តាញសង្គមហ្វេសប៊ុកតែម្តង នៅតែប្រតិកម្ម និងបន្តរិះគន់យ៉ាងផុលផុស ។ រហូតដល់មានសេចក្តីបំភ្លឺរបស់អ្នកនាំពាក្យ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ពាក់ព័ន្ធករណីមន្ត្រីនៃអង្គភាពនគរបាលជើងទឹក០១រូប ដែលត្រូវបណ្តាញទំនាក់ទំនងសង្គមផ្សព្វផ្សាយអំពីសកម្មភាពយក Ipad ពីផ្ទះវេរប្រាក់មួយកន្លែង៕