ព្រះមហាក្សត្រ សង្ឃឹមថា រដ្ឋសភានឹងបន្តខិតខំប្រឹងប្រែងដោះស្រាយបញ្ហាប្រឈមនានា សំដៅធានា បាននូវសង្គមជាតិកម្ពុជា

0
376

ព្រះមហាក្សត្រ សង្ឃឹមថា រដ្ឋសភានឹងបន្តខិតខំប្រឹងប្រែងដោះស្រាយបញ្ហាប្រឈមនានា សំដៅធានា បាននូវសង្គមជាតិកម្ពុជា ប្រកបដោយភាពសុខដុមរមនា និងការអភិវឌ្ឍបន្តទៅទៀត។ ព្រះរាជសាររបស់ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ផ្ញើជូនរដ្ឋសភា ក្នុងឱកាសបើកបវេសនកាលនៃសម័យប្រជុំពេញអង្គលើកទី២ នីតិកាលទី៦ នៅថ្ងៃទី១ ខែមេសានេះ បានលើកឡើងថា រដ្ឋសភាដ៏ឧត្តុង្គឧត្តម ជាតំណាងរបស់ប្រជាពលរដ្ឋទូទាំងព្រះរាជាណាចក្រកម្ពុជា នឹងបន្តខិតខំប្រឹងប្រែងដោះ ស្រាយបញ្ហា ប្រឈមចំពោះមុខបន្តទៀត សំដៅធានាបាននូវសង្គមជាតិកម្ពុជា ប្រកបដោយភាពសុខដុមរមនា មានសន្តិភាព ស្ថិរភាព នយោបាយនិងការអភិវឌ្ឍទៅតាមទិសដៅ រួមជាជំហានៗ ។

ព្រះករុណា ព្រះមហាក្សត្រ បន្តថា រយៈកាលកន្លងមកនេះ រដ្ឋសភាបានយកចិត្តទុកដាក់សហការជាមួយ រាជរដ្ឋាភិបាល ធានាការពារនូវសន្តិភាព ស្ថិរភាព សន្តិសុខ និងសុវត្ថិភាព សម្រាប់ការរស់នៅដោយសុខ ក្សេមក្សាន្តរបស់ប្រជាពលរដ្ឋគ្រប់ទិសទីក្នុងផ្ទៃប្រទេស និងប្រឹងប្រែង បន្តអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម គ្រប់វិស័យដោយផ្តោតជាអាទិភាព ទៅលើការកែទម្រង់អភិបាលកិច្ចល្អការកសាងសមត្ថភាពអភិវឌ្ឍ ធនធានមនុស្ស និងការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ ដើម្បីជំរុញលើកកម្ពស់ និងកែលម្អជីវភាព ប្រជាពលរដ្ឋឲ្យកាន់តែប្រសើរឡើង និងពង្រឹងប្រព័ន្ធគាំពារសង្កប សម្រាប់ប្រជាពលរដ្ឋ គ្រប់រូបពិសេស អ្នកក្រីក្រ។

ព្រះអង្គបានកោតសរសើរចំពោះសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងសមាជិក រដ្ឋសភាទាំងអស់ដែលបានបំពេញការងារអស់ពីកម្លាំងកាយចិត្ត ពុំគិតពីការនឿយហត់ ខិតខំយកចិត្តទុក ដាក់ក្នុងការបម្រើដល់ប្រជាពលរដ្ឋ និង បានដោះស្រាយនូវរាល់បញ្ហាប្រឈមនានា បានដោយជោគជ័យ តាមលំដាប់លំដោយ ។ ព្រះអង្គ មានព្រះបន្ទូលថា ការខិតខំប្រឹងប្រែងរបស់សមាជិករដ្ឋសភាគ្រប់រូប គឺជាសកម្មភាពបម្រើប្រជាពលរដ្ឋ ដែលភារកិច្ចនេះរួមមានការអញ្ជើញ យ៉ាងសកម្មចុះសួរសុខទុក្ខ ជួយដោះស្រាយបញ្ហាប្រជារាស្រ្តជាម្ចាស់ឆ្នោត នៅតាមមូលដ្ឋាន ព្រមទាំងទទួលយកនូវរាល់បញ្ហាកង្វល់ និងបញ្ហាប្រឈមនានា មកជម្រាបជូនរាជរដ្ឋាភិបាល ដើម្បីរិះរកវិធានការដោះស្រាយជាបន្ទាន់រាល់ បញ្ហាទាំងឡាយនោះ ។

ជាមួយគ្នានេះ ព្រះអង្គក៏បានកោតសរសើរចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយក រដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលមានគុណបំណាច់ដ៏ថ្លៃថ្លា វីរភាពដ៏ឧត្តុង្គឧត្តម និងជាមគ្គ ទេសក៍ដ៏ឆ្នើម ដឹកនាំប្រទេសប្រកបដោយគតិបណ្ឌិត និងសក្តានុពល បានធ្វើឲ្យព្រះរាជាណាចក្រកម្ពុជា មានសុខសន្តិភាព ស្ថិរភាពសង្គម និងការអភិវឌ្ឍន៍ជាតិរីកចម្រើនលើគ្រប់វិស័យជាលំដាប់រហូតមក ទល់ពេលនេះ ៕ដោយ​ វុន សុខជា

LEAVE A REPLY

Please enter your comment!
Please enter your name here