(កណ្តាល)៖ ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តកណ្តាល នៅល្ងាចថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៩នេះ បានចេញដីកាបង្គាប់ឱ្យឃុំខ្លួន មន្រ្តីយោធាដែលបាញ់៤គ្រាប់ ផ្អើលនៅខារ៉ាអូខេ B Gold ដាក់ពន្ធនាគារខេត្តកណ្តាលជាបណ្តោះអាសន្នហើយ។មន្រ្តីយោធារូបនេះ មានឈ្មោះ សាន សុច អាយុ៣៨ឆ្នាំ មានទីលំនៅភូមិព្រែកហូរលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល ដែលត្រូវបានអាវុធហត្ថខេត្តកណ្ដាល បានបញ្ជូនទៅកាន់តុលាការខេត្តកណ្តាល នៅរសៀលថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៩នេះ ដើម្បីចាត់ការតាមនីតិវិធីច្បាប់។
ហេតុការណ៍ផ្ទុះអាវុធនេះ បានកើតឡើងនៅវេលាម៉ោង ៨៖៣០នាទីយប់ នៅចំណុចខារ៉ាអូខេ B-Gold ភូមិព្រែករាំងសង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល តែក្រោយកើតហេតុ ជនសង្ស័យបានជិះម៉ូតូគេចខ្លួនតែម្តង។
វត្ថុតាងមួយចំនួន ត្រូវបានសមត្ថកិច្ចរកឃើញនៅកន្លែងកើតហេតុ ដែលក្នុងនោះមាន ស្រោមកាំភ្លើងពណ៌ខ្មៅចំនួន០១, សោរ ម៉ូតូ១ចង្កោម (កូនសោរម៉ូតូ១, កូនសោររថយន្ត១ តេឡេរថយន្ត១)។ ជននេះ បានប្រើកាំភ្លើងខ្លី ម៉ាកឡុក ផ្ទុកគ្រាប់ចំនួន០៤ តែបានបាញ់ផ្ទុះ អស់៣គ្រាប់ (លេខA-USA 9MM-LUGER) ។
នៅមុនកើតហេតុ បុរសខាងលើបានជិះម៉ូតូ C125 ពណ៌ខ្មៅ ស៊េរី២០១៩ ចូលផឹកស៊ីច្រៀងខារ៉ាអូខេ B Gold បន្ទប់លេខ888 ជាមួយមិត្តភក្តិប្រុស០២នាក់ទៀត មិនស្គាល់ឈ្មោះ។ បន្ទាប់មកក៏បានឈ្លោះប្រកែកគ្នាហើយ គេឃើញជនសង្ស័យ ដើរចេញមកក្រៅហាងចាក់កែបម៉ូតូយកកាំភ្លើងខ្លីម៉ាកឡុក ពណ៌ខ្មៅ យកដើរចូលទៅបាញ់ ក្នុងហាងខាងលើ ចំនួន ០៣គ្រាប់។ ពេលនោះជនសង្ស័យបានស្រែកថា «អញឈ្មោះ អាសុច អាណាខ្លាំងចេញមកអញ បាញ់ឲ្យងាប់ រួចហើយក៏ជិះម៉ូតូតាមផ្លូវ១១៥ ទៅទិសខាងលិច រួចក៏បាញ់ឡើងលើ០១គ្រាប់ទៀត គេចខ្លួនបាត់តែម្តង»។ លុះដល់ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៩ ជនបង្កបានប្រគល់ខ្លួនជូនអាវុធហត្ថខេត្តកណ្តាល ដើម្បីទទួលទោសតាមច្បាប់ផងដែរ៕