ចិន៖ ពិតជាអស្ចារ្យណាស់ រថយន្តក្រុង ៤គ្រឿង បើកបរដោយខ្លួនឯង បានចាប់ផ្តើមប្រតិបត្តិការសាកល្បងនៅថ្ងៃសៅរ៍ទី២ធ្នូនៅទីក្រុងសិនចិន ភាគខាងត្បូងប្រទេសចិន ដែលជាទីក្រុងល្បីល្បាញខាងសម្បូរក្រុមហ៊ុនបច្ចេកវិជ្ជាខ្ពស់។ រថយន្តក្រុងឆ្លាតទំហំតូចជាងរថយន្តក្រុងធម្មតានេះ បានចាប់ផ្តើមរត់លើផ្លូវប្រវែង ១,២ គីឡូម៉ែត្រ ជាមួយនឹងចំណត ៣ កន្លែងនៅក្នុងតំបន់ហ្វូទៀន។
រថយន្តក្រុងមានល្បឿនកំណត់ទុកមុនគឺពី ១០ ទៅ ៣០ គីឡូម៉ែត្រក្នុងមួយម៉ោង។ ដោយបំពាក់មកជាមួយឧបករណ៍ចាប់ពន្លឺរថយន្តដទៃ កាមេរ៉ា និងអង់តែន GPS រថយន្តក្រុងនេះអាចបញ្ចៀសការបុកអ្នកថ្មើរជើង យានយន្តនានា និង របាំងចែកទ្រូងថ្នល់ ប្តូរគន្លងផ្លូវដោយសុវត្ថិភាព និង ឈប់នៅទីតាំងដែលបានកំណត់។
ឡានក្រុងនេះនឹងមានអ្នកបើកបរម្នាក់ ដែលអាចចាប់ហ្វ្រាំងឬប្តូររថយន្តនេះពីការបើកបរដោយខ្លួនវាទៅជាបើកបរដោយមនុស្ស នៅពេលមានអាសន្ន។ គម្រោងនេះត្រូវបានបង្កើតឡើងរួមគ្នាដោយមជ្ឈមណ្ឌលប្រព័ន្ធដឹកជញ្ជូនឆ្លាតថ្នាក់ជាតិផ្នែកវិស្វកម្មនិងបច្ចេកវិជ្ជា និងក្រុមហ៊ុន Shenzhen Bus Group៕
ដក់ស្រង់ពី Sabay កែសម្រួលដោយ៖ សុខជា