ភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី ២៧ខែមិនា ឆ្នាំ២០១៩ នៅសាលារាជធានីភ្នំពេញ ពិធីនេះកឡើងរបស់ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញក្នុងឱកាសដែលឯកឧត្តម ជួបសម្តែងការគួរសមជាមួយ លោក អេម ផាយគីនដាវង្ស ឯកអគ្គរដ្ឋទូតនៃសាធារណៈរដ្ឋ ប្រជាធិបតេយ្យប្រជាមានិតឡាវ ប្រចាំនៅព្រះរាជា ណាចក្រកម្ពុជា ។
ឯកឧត្តម ឃួង ស្រេង ក្នុងឱកាសជំនួបសម្តែងការគួរសមនោះ បានលើកឡើងពីទំនាក់ទំនង នៃប្រទេស ទាំងពីរកម្ពុជាឡាវដែលមានភូមិផងរបងជាមួយគ្នាជាយូរលង់មកហើយ។ ឯកឧត្តមបានបន្តថា ទីក្រុង ភ្នំពេញនិងទីក្រុងវៀងច័ន្ទបានចងសម្ព័ន្ធមេត្រីភាពជាមួយគ្នាក្នុងឆ្នាំ២០១៤ ដើម្បីអោយ ទីក្រុងទាំងពីរ ក៏ដូចជាប្រទេសទាំងពីរ មានកិច្ចប្រតិបត្តិការរវាងគ្នាកាន់តែប្រសើរឡើងមួយកម្រិតថែមទៀត។
ឯកឧត្តម ឃួង ស្រេង ក្នុងឱកាសនោះដែរក៏បានលើកឡើងពីការអភិវឌ្ឍរីកចម្រើន លើគ្រប់វិស័យរបស់ រាជធានីភ្នំពេញ ។ ទន្ទឹមនឹងនោះលោក ក៏បានលើកឡើងពីភាព អសកម្មមួយចំនួននៅក្នុងរាជធានីភ្នំពេញ ផងដែរ ដូចជាបញ្ហាប្រឈមទៅ នឹងការកកស្ទះចរាចរណ៍បញ្ហាសំរាមដែលរដ្ឋបាលរាជធានីភ្នំពេញ បាននិងកំពុងយកចិត្តទុកដាក់ដើម្បីធ្វើការដោះស្រាយ។ អ្វីដែលជាការប្រសើរមួយទៀតនោះ សម្រាប់ រដ្ឋបាលរាជធានីភ្នំពេញ យើងបាននិងកំពុងដាក់ឲ្យដំណើរការ ច្រកចេញចូលតែមួយដើម្បីបម្រើ សេវាសាធារណៈជូនប្រជាពលរដ្ឋ កាន់តែប្រសើរឡើង។
ក្នុងជំនួបនោះដែរ ឯកឧត្តម ឃួង ស្រេង តាមរយៈលោកឯកអគ្គរដ្ឋទូតនៃសាធារណៈរដ្ឋ ប្រជាធិបតេយ្យ ប្រជាមានិតឡាវប្រចាំនៅព្រះរាជាណាចក្រកម្ពុជា សូមអញ្ជើញ អភិបាលទីក្រុងវៀង ច័ន្ទមកទស្សនកិច្ចនៅទីក្រុងភ្នំពេញនៅពេលដ៏សមគួរមួយ។
លោក អេម ផាយគីនដាវង្ស បានមានប្រសាសន៍លើកឡើងថា រវាងប្រទេសកម្ពុជា និងប្រទេសឡាវ គឺពិតជាមានទំនាក់ទំនងល្អជាមួយគ្នា តាំងពីយូរលង់ណាស់មកហើយ ដោយសារតែប្រទេសយើងជា ប្រទេសដែលនៅជិតខាងនឹងគ្នា លោកចង់ឲ្យទំនាក់ទំនងជិតស្និទ្ធនេះកាន់តែល្អបន្ថែមទៀត។
ក្នុងឱកាសនោះដែរលោកអេម ផាយគីនដាវង្ស ក៏បានសំណូមពរឲ្យអាជ្ញាធររាជធានីភ្នំពេញជួយមើលថែ ដូចជាការពារសន្តិសុខ ដល់និស្សិត ក៏ដូចជាអ្នកវិនិយោគទុនឡាវដែលបាន និងកំពុងសិក្សា និងរកស៊ី នៅរាជធានីភ្នំពេញ ខណៈដែររាជធានីភ្នំពេញបាននិងកំពុងអភិវឌ្ឍរីកចម្រើនយ៉ាងខ្លាំង ពិសេសក្នុងដំណាក់ កាលចុងក្រោយនេះមានអគារខ្ពស់ៗរីកដូចផ្សិត៕