ភ្នំពេញៈ មន្ត្រីប៉ូលិសដែលជាជនដៃដល់បាញ់សម្លាប់ប្រជាពលរដ្ឋម្នាក់ និងម្នាក់រងរបួស ដោយសង្ស័យថា ជាចោរលួចឡាននោះ ត្រូវឃាត់ខ្លួនបានហើយ និងកំពុងតែសាកសួរនៅស្នងការនគរបាលខេត្តព្រៃវែងនៅរសៀលថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩នេ ការចាប់ខ្លួននេះ គឺបន្ទាប់ពីមន្ត្រីប៉ូលិសរូបនេះបានរត់គេចខ្លួនបីថ្ងៃ។
មន្ត្រីប៉ូលិសដែលចាប់ខ្លួនឈ្មោះ ជឹម រតនៈ ប្រធានផ្នែកអន្តោប្រវេសន៍ស្រុកព្រះស្តេច ត្រូវជាកូនរបស់លោកឧកញ៉ា ជឹម សុខ ឈ្មួញរកស៊ីនាំកូន ក្របី ទៅវៀតណាម។
នៅក្នុងសំណុំរឿងបាញ់សម្លាប់ជនសង្ស័យនេះ មានមនុស្សជិត១០នាក់ ត្រូវបានឃាត់ខ្លួនសាកសួរ។ ដោយក្នុងនោះមានមន្ត្រីប៉ូលិសចំនួនបីនាក់។
ករណីស្ទាក់បាញ់សម្លាប់ជនសង្ស័យ បានកើតឡើងកាលពីម៉ោង១១យប់ ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៩ នៅចំណុចភូមិគោកសណ្តែក ឃុំរក្សជ័យ ស្រុកបាភ្នំ ខេត្តព្រៃវែង។ ជនសង្ស័យទាំងពីរនាក់ គ្មានអាវុធនៅក្នុងខ្លួនទេ ប៉ុន្តែពេលដែលឈប់ឡាន គឺត្រូវប៉ូលិសដែលជាជនដៃដល់បាញ់តែម្តង។
យោងតាមរបាយការណ៍ភ្នាក់ងារសារព័ត៌មាន បានបង្ហាញថា ជនដែលឃាត់ខ្លួនមានដូចជាៈ
១. ឈ្មោះ ជា ឡាឌីន មេប៉ុស្តិ៍កំពង់សឹង (ប្រធានដឹកនាំអន្តរាគមន៍)។
២. ឈ្មោះ ជឹម វិន មន្ត្រីប៉ុស្តិ៍។
៣. ឈ្មោះ ភាព ផានី ប្រជាពលរដ្ឋអ្នកផ្តល់ព័ត៍មានឲ្យនាយប៉ុស្តិ៍។
៤. ឈ្មោះ អ៊ូ ប៊ុនទីឃីយ៉ាត់ ធ្វើការនៅបេនឡានស្លូត។
៥. ឈ្មោះ សេង ឈិន ម្ចាស់បណ្តឹង (ផ្តល់ព័ត៍មានមកឈ្មោះ ផាន់ សុឌី ឲ្យជួយចាប់ចោរលួចឡាន)។
៦. ឈ្មោះ ទ្រាវ ឈុនឡាយ អ្នករួមដំណើរ។
៧. ឈ្មោះ ផាន់ សុឌី (អ្នកទទួល និងប្តឹងផ្តល់ព័ត៍មានទៅមេប៉ុស្តិ៍កំពង់សឹង)។
៨. ឈ្មោះ វ៉ែន ប៊ុនសារៈ អ្នករួមដំណើរ។
ចំណែកជនរងគ្រោះ (សង្ស័យជាចោរលួចឡាន) ឈ្មោះ យ៉ន រ៉ាវុធ ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរជាងម៉ៅការសំណង់ មានស្រុកកំណើតនៅ ឃុំឈើកាច់ ស្រុកបាភ្នំ ខេត្តព្រៃវែង បច្ចុប្បន្នស្នាក់នៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ស្លាប់។
ចំណែកអ្នករួមដំណើរជាមួយឈ្មោះ វ៉ាន់ ខេមរិន ភេទប្រុស អាយុ២៧ឆ្នាំ នៅភូមិឈើកាច់ ឃុំឈើកាច់ ស្រុកបាភ្នំ ខេត្តព្រៃវែង បានរងរបួស និងត្រូវសមត្ថកិច្ចឃាត់ខ្លួន៕