ប្រធានរដ្ឋសភាព ជំរុញសមាជិកសភា ខិតខំពិនិត្យសិក្សាសេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងប្រេងកាត និងផលិតផលប្រេងកាត ឱ្យបានល្អិតល្អន់ ស៊ីជម្រៅបំផុត

0
775

ភ្នំពេញ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានជំរុញឲ្យស្ថាប័ននីតិប្បញ្ញត្តិ រដ្ឋសភា និងព្រឹទ្ធសភា ត្រូវបង្កើនកិច្ចខិតខំប្រែងរួមគ្នាបន្ថែមទៀត ក្នុងការពិនិត្យសិក្សា និងវិភាគសេចក្តីព្រាង ច្បាប់នេះឱ្យបានល្អិតល្អន់ ស៊ីជម្រៅ និងគ្រប់ជ្រុងជ្រោយ  ដើម្បីធ្វើឱ្យប្រាកដថា សេចក្តីព្រាងច្បាប់ប្រេងកាត ដែលនឹងអនុម័តនៅពេលដ៏ខ្លីខាងមុខ ស្របទៅនឹងបរិបទ និងសង្គមកម្ពុជា ជាពិសេសការមិន ប៉ះពាល់ ដល់បរិស្ថាន និងទទួលបានផលប្រយោជន៍ជាអតិប្បរមាដល់សង្គម និងប្រជាពលរដ្ឋ។ ជាមួយគ្នានេះ ក៏ត្រូវពិនិត្យ និងយកចិត្តទុកដាក់ខ្ពស់ចំពោះនិរន្តភាព និងផលប្រយោជន៍យូរអង្វែង ដែលកើតចេញ ពីវិស័យប្រេងកាត ដោយត្រូវធ្វើឱ្យប្រាកដថា វិស័យនេះមិនត្រឹមតែផ្តល់អត្ថប្រយោជន៍ដល់ការរីកចម្រើន សេដ្ឋកិច្ចជាតិប៉ុណ្ណោះទេ ប៉ុន្តែត្រូវធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋខ្មែរបានចូលរួម ទទួលបាននូវ ចំណេះដឹង បទពិសោធន៍ពីការរុករក ការទាញយកផល និងការធ្វើអាជីវកម្មប្រេងកាត ដោយឯករាជ្យ ក្នុងកម្រិតណាមួយនៅពេលអនាគត។

សម្តេចអគ្គមមហាពញាចក្រី ហេង សំរិន បានលើកឡើងដូច្នេះ នៅក្នុងឱកាសសម្តេចអញ្ជើញជាអធិប តីភាពដ៏ខ្ពង់ខ្ពស់ បើកសិក្ខាសាលាស្តីពីការស្វែងយល់អំពីសេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងប្រេងកាត និងផលិតផលប្រេងកាត ដែលរៀបចំឡើងដោយគណៈកម្មការសាធារណការ ដឹកជញ្ចូន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់នៃរដ្ឋសភា សហការជាមួយក្រសួងរ៉ែ និងថាមពល នៅព្រឹកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៩។

លោកជំទាវ និន សាផុន ប្រធានគណៈកម្មការសាធារណការ ដឹកជញ្ចូន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់នៃរដ្ឋសភា បានគូសបញ្ជាក់ថា នៅក្នុងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ និងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិ បាលនីតិកាលទី៦នៃរដ្ឋសភា បានផ្តោតអាទិភាពលើការជំរុញការអភិវឌ្ឍធនធានរ៉ែ ប្រេង និងឧស្ម័ន ដើម្បីប្រែក្លាយធនធានទំាងនេះ ឲ្យទៅជាប្រភពថ្មី និងសំខាន់មួយទៀតសម្រាប់អភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា ពិសេសបន្ថែមសន្ទុះថ្មី សម្រាប់ធានាកំណើនសេដ្ឋកិច្ចខ្ពស់ជាប់ៗគ្នា ឈានទៅសម្រេចចក្ខុវិស័យនៅ ឆ្នាំ២០៣០ និងឆ្នាំ២០៥០។ លោកជំទាវ បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាល ពិសេសក្រសួងរ៉ែ និងថាមពល បានរៀបចំតាក់តែងសេចក្តីព្រាងច្បាប់នេះឡើង ដោយបានគិតហ្មត់ចត់អំពីបច្ចុប្បន្នភាព សេដ្ឋកិច្ច នយោបាយ និងសង្គម ព្រមទំាងអនាគតនៃប្រជាពលរដ្ឋកម្ពុជាជំនាន់ក្រោយ។

សេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងប្រេងកាត និងផលិតផលប្រេងកាត ចែកចេញជា៩ជំពួក និង៧២មាត្រា និងឧបសម្ពន្ធ័ចំនួន០១។ ឯកឧត្តម ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល បានលើកឡើងថា សេចក្តីព្រាងច្បាប់នេះ ត្រូវបានតាក់តែងឡើង ដោយមានការជួយគំាទ្រ ផ្នែកបច្ចេកទេសពីអ្នកជំនាញ ការច្បាប់នៃធនាគារអភិវឌ្ឍន៍នៅឆ្នាំ១៩៩៦ និងមានការពិនិត្យបន្ថែមទៀតពីអ្នកជំនាញការច្បាប់ មកពី ក្រុមហ៊ុនជប៉ុន Idemitsu Oil and Gas។ ចាប់ពីឆ្នាំ២០០៦ អតីតអាជ្ញាធរប្រេងកាតកម្ពុជា បានយកសេចក្តី ព្រាងច្បាប់នេះ មកកែសម្រួលឡើងវិញ ដោយមានការពិគ្រោះយោបល់ជាមួយអ្នកជំនាញបច្ចេកទេស និងច្បាប់ជាតិនិងអន្តរជាតិនានា។ ក្រោយអាជ្ញាធរប្រេងកាតជាតិកម្ពុជា បានធ្វើសមាហរណកម្ម មកក្រោមក្រសួងរ៉ែនិងថាមពល ក្នុងឆ្នាំ២០១៣មក សេចក្តីព្រាងច្បាប់នេះ ត្រូវបានកែសម្រួលបន្ថែម ដោយបញ្ចូលបរិបទថ្មីៗមួយចំនួន ផ្អែកលើបទពិសោធន៍ពីបណ្តាប្រទេសនានា។

សម្តេចប្រធានរដ្ឋសភា បានលើកឡើងថា រហូតមកទល់ពេលនេះ ប្រទេសមួយចំនួននៅក្នុងតំបន់ និងពិភពលោក ដែលមានធនធានប្រេងកាត ទទួលបានពរជ័យពីការទាញយក ផលដើម្បីអភិវឌ្ឍ សេដ្ឋកិច្ចសង្គម  ហើយក៏មានប្រទេសមួយចំនួន ក៏ត្រូវរងបណ្តាសារពីការវិនិយោគលើវិស័យនេះផងដែរ។ ដូច្នេះនេះជាបទពិសោធន៌ដ៏សំខាន់ដែលកម្ពុជា ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះហានិភ័យនានា ដែលអាចនឹងកើតមានឡើងដោយចៃដន្យពីការវិនិយោគលើវិស័យនេះ។ ត្រូវចាំថា ធនធានរ៉ែ ជាធនធាន មួយដែលងាយនឹងរីងស្ងួត ហើយងាយនឹងទទួលរងនូវផលប៉ះពាល់។ ដូចនេះទាំងអស់គ្នាត្រូវតែពិចារ ណាឱ្យបានល្អិតល្អន់ និងគ្រប់ជ្រុងជ្រោយ ដើម្បីជៀសវាងឱ្យខាងតែបានពីផលអវិជ្ជមានដែលអាចកើត មានឡើងពីវិស័យនេះ។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានមានប្រសាសន៍បន្តថា សេចក្តីព្រាងច្បាប់ស្តីពីការគ្រប់ គ្រងប្រេងកាត និងផលិតផលប្រេងកាត មានសារៈសំខាន់ និងចាំបាច់សម្រាប់កម្ពុជា ជាពិសេសសម្រាប់ រាជរដ្ឋាភិបាលអាណត្តិទី៦ នៃរដ្ឋសភា ក្នុងការពង្រីកមូលដ្ឋានកំណើនសេដ្ឋកិច្ច តាមរយៈការជំរុញ ការអភិវឌ្ឍធនធានរ៉ែ ប្រេង និងឧស្ម័ន ដើម្បីប្រែក្លាយធនធាននេះឱ្យទៅជាប្រភពថ្មី និងសំខាន់មួយទៀត សម្រាប់អភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា សំដៅឈានទៅសម្រេចបាននូវ  ចក្ខុវិស័យរបស់ខ្លួនក្នុងការប្រែក្លាយ ប្រទេសកម្ពុជាឱ្យទៅជាប្រទេសមានចំណូលមធ្យមកម្រិត  ខ្ពស់នូវឆ្នាំ២០៣០ និងប្រទេសចំណូលខ្ពស់ នៅឆ្នាំ២០៥០។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានផ្តល់ជាអនុសាសន៍បន្ថែមថា បន្តពង្រឹង និងលើកកម្ពស់ តួនាទីត្រួតពិនិត្យរបស់សភា ដើម្បីធានាថា ការអភិវឌ្ឍ និងការគ្រប់គ្រងវិស័យប្រេងកាតត្រឹមត្រូវនិង ស្រប តាមនិយាមបច្ចេកទេស និងការគ្រប់គ្រងប្រកបដោយគណនេយ្យភាព តម្លាភាពនិងមានការទទួល ខុសត្រូវខ្ពស់ ដែលនឹងអាចនាំមកនូវផលប្រយោជន៍សេដ្ឋកិច្ចជាអតិបរមា ដែលនឹងជួយបង្កើនល្បឿន អភិវឌ្ឍប្រទេសជាតិឱ្យកាន់តែលឿនមួយកម្រិតថែមទៀត។ អគ្គលេខាធិការដ្ឋានសភាទាំងពីរត្រូវចូលរួម សិក្សា ពិនិត្យ និងផ្តល់យោបល់ ព័ត៌មានលម្អិត បែបវិភាគ និងគ្រប់ជ្រុងជ្រោយ ជូនសមាជិក សមាជិកាសភាទាំងពីរ ដើម្បីឱ្យពួកគាត់មានមូលដ្ឋានគ្រឹះច្បាស់លាស់ ត្រឹមត្រូវ ក្នុងការវិភាគ វាយតម្លៃ មុននឹងឈានទៅអនុម័តលើសេចក្តីព្រាងច្បាប់ នេះឱ្យមានសង្គតភាព និងល្អប្រសើរ។

ជាមួយគ្នានេះ សម្តេចប្រធានរដ្ឋសភាបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះរាជរដ្ឋា ភិបាលដែល បានខិតខំ និងយកចិត្តទុកដាក់ក្នុងការអភិវឌ្ឍវិស័យប្រេងកាត ជាពិសេសការសម្រេចបាននូវសេចក្តីព្រាង ច្បាប់ដ៏សំខាន់មួយនេះ ដើម្បីដាក់ជូនរដ្ឋសភាអនុម័តនាពេលដ៏ខ្លីខាងមុខ។ សម្តេចមាន ជំនឿមុតមាំថា សិក្ខាសាលានាឱកាសនេះ នឹងមានការជជែក ពិភាក្សា និងផ្លាស់ប្តូរយោបល់គ្នាទៅវិញទៅមកព្រមទាំងរក ឃើញនូវចំណុចសំខាន់ៗ និងគំនិតល្អៗ ដែលនឹងអាចយកទៅប្រើប្រាស់ ជាមូលដ្ឋានឈានទៅអនុម័ត លើសេចក្តីព្រាងច្បាប់ស្តីពី “ការគ្រប់គ្រងប្រេងកាត និងផលិតផលប្រេងកាត”នាពេលខាងមុខនេះឱ្យកាន់ តែមានលក្ខណៈល្អប្រសើរ គ្រប់ជ្រុងជ្រោយ ឆ្លើយតបនឹងបំណងប្រាថ្នារបស់ប្រជាពលរដ្ឋ៕

ដោយ សុខជា 

LEAVE A REPLY

Please enter your comment!
Please enter your name here