កំពង់ឆ្នាំង៖ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលកម្ពុជា កំពុងរង់ចាំការឆ្លើយតបពីសាធារណរដ្ឋតួកគី ដើម្បីបញ្ជូននាវាដែលផ្ទុកម៉ាស៊ីនភ្លើងដ៏ធំ សម្រាប់ផ្តល់អគ្គិសនី ប្រើប្រាស់ក្នុងរយៈពេលប៉ុន្មានខែនេះ។
នៅល្ងាចថ្ងៃសៅរ៍ ១១កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៩ ក្នុងឱកាសប្រារព្ឋពិធី “បុណ្យទន្លេលើកទី៥” នៅខេត្តកំពង់ឆ្នាំង សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋ មន្រ្តីនៃកម្ពុជា បានមានប្រសាសន៍ជម្រាបដល់បងប្អូនប្រជាពលរដ្ឋទូទាំងប្រទេសបានដឹងថា កត្តាប្រែប្រួល សអាកាសធាតុបានធ្វើអោយកម្ពុជា ជួបប្រឈមនឹងបញ្ហាគ្រោះរាំងស្ងួត ដែលមានរយៈ ពេលរហូតដល់ខែមិថុនា ឆ្នាំ ២០១៩ ។ ទន្ទឹមនឹងនេះដែរ យើងក៏កំពុងជួបបញ្ហាខ្វះខាតភ្លើង ប្រើប្រាស់រហូតដល់ ៤០០ មេហ្គាវ៉ាត់ ដែលទំហំនេះ អាចនឹងកើនឡើងថែមទៀត។ សូមបញ្ជាក់ថា វារីអគ្គីសនីដែលយើងមានសព្វថ្ងៃ នេះ គឺដំណើរការបានដោយមានទឹកប្រើប្រាស់គ្រប់គ្រាន់។ ដូច្នេះប្រសិនបើមិនមានទឹកគ្រប់គ្រាន់ទេ គឺវារីអគ្គិសនីនឹងប្រឈមបញ្ហាផលិតថាមពលគ្គីសនីមិនខាន។
នៅពេលនេះ រាជរដ្ឋាភិបាលកម្ពុជាបាននឹង កំពុងខិតខំដោះស្រាយ បញ្ហាដោយបន្ថែម ម៉ាស៊ីភ្លើង ជាច្រើនគ្រឿងដើម្បីចែកចាយភ្លើង។ ទោះបីអគ្គីសនីពេលនេះមានតម្លៃថ្លៃបន្តិចក៏ដោយ តែប្រសើរជាង យើងខ្វះអគ្គិសនីប្រើប្រាស់។ វិធានការជាបន្ទាន់នៅពេលនេះ គឺដើម្បីជំរុញអោយសង្វាក់ផលិតកម្មទាំងអស់ ពិសេសផលិតកម្មម៉ាស៊ីនកិនស្រូវ អាចបន្តដំណើរការកែឆ្នៃផលិតផលស្រូវអង្ករទៅបាន ជៀសវាងទទួលរងនូវផលប៉ះពាល់នានា។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលកម្ពុជា កំពុងរង់ចាំការឆ្លើយតបពីសាធារណរដ្ឋតួគី ដើម្បីបញ្ជូននាវាដែលផ្ទុកម៉ាស៊ីនភ្លើងដ៏ធំ សម្រាប់ផ្តល់អគ្គិសនី ប្រើប្រាស់ក្នុងរយៈពេលប៉ុន្មានខែនេះ។
សូមបងប្អូនប្រជាពលរដ្ឋទូទាំងប្រទេស និងអាជីវករទាំងអស់ មេត្តាយោគយល់ អធ្យាស្រ័យក្នុងករណីដែលនៅទីកន្លែងខ្លះមានដាច់ភ្លើង និងការខ្វះភ្លើងប្រើ។ សូមបងប្អូនជួយបញ្ចេញម៉ាស៊ីនភ្លើង និងទិញម៉ាស៊ីនភ្លើងដាក់ប្រើប្រាស់បន្តសិន ដើម្បីអោយការងារដំណើរការទៅមុខទាន់ពេលវេលា៕ប្រភពCEN