ក្រចេះ៖ ពេលនេះជំងឺគ្រុនឈាមកំពុងផ្ទុះឡើងនៅក្នុងខេត្តក្រចេះ ចាប់តាំងពីដើមឆ្នាំ ២០១៩មក ជំងឺនេះបានកើតឡើងចំនួន ៤៤២ ករណី ហើយបណ្តាលឱ្យមានមនុស្សស្លាប់ចំនួន ៣ នាក់ នេះបើយោងតាមការលើកឡើងរបស់លោក ឈ្នាង សុវត្ថា ប្រធានមន្ទីរសុខាភិបាលខេត្តក្រចេះ ។
ករណីជំងឺគ្រុនឈាមផ្ទុះឡើងខ្លាំងនៅខេត្តក្រចេះនេះគឺភាគច្រើនបានកើតឡើងនៅឃុំមួយចំនួនក្នុង ស្រុកស្នួល និង ស្រុកចិត្របុរី ដោយកើតលើមនុស្សចាស់មាន ៦ ករណី និង មានស្លាប់ចំនួន ៣ នាក់ ក្នុងនោះ មានមនុស្សធំអាយុ ១៥ ឆ្នាំម្នាក់ បានស្លាប់ នាប៉ុន្មាថ្ងៃចុងក្រោយនេះ ប៉ុន្តែលោកប្រធានមន្ទីរសុខាភិ បាលបានធ្វើការអះអាងថា ស្ថានភាពជំងឺគ្រុនឈាមនៅដើមឆ្នាំនេះគឺ អាចគ្រប់គ្រងបាន ។
លោក ឈ្នាង សុវត្ថា បានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋឱ្យចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺគ្រុនឈាម តាមរយៈការលុបបំបាត់ជម្រកដង្កូវទឹក ដែលមាននៅក្នុង និង ជុំវិញបរិវេណផ្ទះ ទីសាធារណៈនានា ព្រមទាំងការពារខ្លួនកុំឱ្យមូសខាំ ប្រសិនបើកូនចៅកើតជំងឺគ្រុនឈាម សូមប្រញាប់នាំកូន ឬ សមាជិកគ្រួសារមកកាន់មណ្ឌលសុខភាព ឬ មន្ទីរពេទ្យឱ្យបានទាន់ពេលវេលា ៕ដក់ស្រង់ពី ប្រជាប្រិយ