ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា នឹងជួបប្រធានាធិបតីកូរ៉េខាងត្បូង ដើម្បីស្នើសុំឲ្យកូរ៉េខាងត្បូង ជួយទិញផលិតផលរបស់កម្ពុជាបន្ថែមទៀត

0
358

(ភ្នំពេញ) សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩នេះ នៅក្នុងឱកាសដែលសម្តេចតេជោ បានអញ្ជើញជាអធិបតីភាពបិទសន្និបាត បូកសរុបការងារ ឆ្នាំចាស់ឆ្នាំ២០១៨ និងលើកទិសដៅការងារឆ្នាំថ្មី ឆ្នាំ២០១៩ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

ក្នុងនោះដែរប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន​ សែន បានមានប្រសាសន៍ថា​ សម្តេចនឹងជជែក ពិភាក្សាជាមួយ លោកប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ចេអ៉ិន ដើម្បីស្នើឱ្យកូរ៉េខាងត្បូង ជួយទិញ ផលិតផលរបស់កម្ពុជាបន្ថែមទៀត។

សម្តេចតេជោ ហ៊ុន​ សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា៖ «ល្ងាចនេះខ្ញុំនឹងបាយជាមួយប្រធានាធិបតី សាធារណរដ្ឋកូរ៉េ ក្នុងលក្ខណៈជាគ្រួសារទេ ហើយស្អែកទើបបានចរចាផ្លូវការ និងធ្វើវេទិកាធុរកិច្ចរួមគ្នា ក៏ប៉ុន្តែដើម្បីគាត់មកដល់ គឺតួអង្គព្រះមហាក្សត្រទេ ដែលត្រូវលផ្តល់ភោជនីយអាហារ ផ្លូវការសម្រាប់ ប្រធានាធិបតី  ក៏ប៉ុន្តែល្ងាចនេះខ្ញុំនឹងជួបជាមួយគាត់ បាយជាមួយគ្នា តែពីរនាក់ប្តីប្រពន្ធ ពីរនាក់ប្តីប្រពន្ធទេ យើងនឹងខិតខំបើកទីផ្សារ ហើយស្អែកគម្រោងនៃការលើករបស់ខ្ញុំស្នើឱ្យកូរ៉េជួយទិញផលិតផល របស់កម្ពុជាបន្ថែមទៀត»។

ជាមួយគ្នានេះដែរប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា ក៏មានប្រសាសន៍បន្តផងដែរថា ទីផ្សារផលិតផល របស់ កម្ពុជាពិតជាមិនអាចទៅចំណុះលើទីផ្សារ ណាមួយដោយអ្នកទាំងនោះមកខ្ទប់ច្រមុះយើងឱ្យស្លាប់នោះទេ ហើយនៅក្នុងឆ្នាំនេះ សម្តេចនឹងធ្វើដំណើរទៅកាន់ប្រទេសអាស៊ី និងអឺរ៉ុបមួយចំនួនទៀត ដើម្បីទាញ យកផលិតផលរបស់យើងទៅកាន់ទីផ្សារនៅក្នុងប្រទេសទាំងនោះផងដែរ ហើយកម្ពុជានឹងតម្រង់ផលិតផល របស់ខ្លួនបន្ថែមទៀត ទៅកាន់តំបន់មជ្ឃឹមបូព៌ាបន្ថែមទៀត ព្រមទាំងបើកទីផ្សារឱ្យកាន់តែធំផងដែរ។

សម្តេចតេជោ បានមានប្រសាសន៍បញ្ជាក់ថា កម្ពុជាមិនអាចរស់ដោយការតម្រូវ របស់ប្រទេសណា មួយនោះទេ ហើយកម្ពុជាមានមោទនភាព ចំពោះវឌ្ឍនភាពរបស់ខ្លួន ក៏ប៉ុន្តែកម្ពុជាតែក៏ត្រូវបន្តរួមគ្នាបន្ថែម ដើម្បីដោះស្រាយបញ្ហាប្រឈមដទៃទៀតឱ្យកាន់តែមានប្រសិទ្ធភាពផងដែរ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here