(ភ្នំពេញ) ក្នុងគោលបំណងដើម្បីជួយសម្រួលដល់ការងារវិនិយោគរបស់ក្រុមហ៊ុនជប៉ុននៅកម្ពុជា និងដោះ ស្រាយ នូវបញ្ហាមួយចំនួន នៅព្រឹកថ្ងៃព្រហស្បតិ៍ ៩កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩ នៅទីស្តីការក្រសួងបរិស្ថាន ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋលេខាធិការ បានជួបបន្ត ពិភាក្សាការងារជាមួយ Japanese Business Council of Cambodia, JBAC និងក្រុមហ៊ុនជប៉ុន។
ក្នុងឱកាសនៃកិច្ចពិភាក្សានោះ ឯកឧត្តម អ៊ាង សុផល្លែតបានជម្រាបជូន JBAC និងតំណាងក្រុមហ៊ុនជប៉ុន នូវដំណើការនៃការវាយតម្លៃពីហេតុប៉ះពាល់បរិស្ថាន (EIA) ដោយបានបញ្ជាក់ពីប្រភេទគម្រោងដែលត្រូវធ្វើ EIA រយៈពេលវាយតម្លៃ និងសេវាចំណាយដែលបានកំណត់ដោយក្រសួងបរិស្ថាន។
ឯកឧត្តមបានជម្រាប ជូនភាគីជប៉ុនថា ករណី EIA ជាករណីដែលក្រសួងបរិស្ថាន បានយកចិត្ត ទុកដាក់ក្នុង ការសម្របសម្រួល លើការដាក់សំណើសុំត្រួតពិនិត្យ ដោយក្រសួងបានរៀបចំការិយាល័យច្រកចេញ-ចូលតែមួយ និងដំណើ ការឯកសារនៅអង្គភាពជំនាញ បន្ទាប់មកឆ្លងកិច្ចប្រជុំពិភាក្សា ដែលមានថ្នាក់ដឹកនាំ ក្រសួងចូលរួម សម្របសម្រួលជាបន្តបន្ទាប់។ ជាមួយនេះដែរ ឯកឧត្តមបានបញ្ជាក់ថា រយៈពេល ដែលត្រូវ សិក្សា EIA ត្រូវបានជំរុញឱ្យមានដំណើការឆាប់ និងខ្លី ដោយមានក្រុមហ៊ុន ពិគ្រោះយោបល់ ឯកជនជាអ្នករៀបចំ និងតម្លៃសេវកម្មទាំងនេះត្រូវបានកំណត់ដោយក្រសួងបរិស្ថាន រួចជាស្រេច។
សូមបញ្ជាក់ជូនថា ថ្មីៗនេះ ក្រសួងបរិស្ថានក៏កំពុងតែរៀបចំធ្វើចំណាត់ថ្នាក់សម្រាប់ EIA ដើម្បីកំណត់ថា តើទំហំអាជីវកម្មក្រុមហ៊ុនប្រភេទណាដែលត្រូវធ្វើ EIA និងប្រភេទបែបណា ដែលគួរមានត្រឹមតែ Checklist។ ក្រោយពីការបញ្ចប់នូវការធ្វើចំណាត់ថ្នាក់់នេះ ក្រសួងបរិស្ថាននឹងរៀបចំនូវ Apps មួយសម្រាប់ សម្រួលដល់ វិនិយោគិនបរទេសអាចទទួលបាននូវព័ត៌មានលំអិត និងស្នើសុំតាមគម្រោង។ ក្នុងឱកាសនេះ ឯកឧត្តម អ៊ាង សុផល្លែតក៏បានស្នើសុំ JBAC ចូលរួមក្នុងការរៀបចំ Apps នេះ។
ជាកិច្ចបញ្ចប់ ឯកឧត្តមរដ្ឋលេខាធិការបានជម្រាបជូនភាគីជប៉ុនថា ក្នុងដំណាក់កាល នៃការរៀបចំធ្វើសុក្រឹត្យ កម្មចំណាត់ថ្នាក់ EIA ក្រុមហ៊ុនជប៉ុនអាចស្នើសុំការពិគ្រោះយោបល់ជាមួយមន្ត្រីជំនាញលើការស្នើសុំធ្វើ EIA សម្រាប់ដំណើការអាជីវកម្ម ដោយក្រសួងបរិស្ថាននឹងរៀបចំឱ្យមានជំនួបរវាងវិនិយោគិនជប៉ុន ជាមួយអង្គ ភាពជំនាញដើម្បីបំភ្លឺដោះស្រាយនូវរាល់ចំងល់ និងបញ្ហាផ្សេងៗ។
តាមរយៈកិច្ចប្រជុំនេះ JBAC និងក្រុមហ៊ុនជប៉ុនទទួលបាន នូវព័ត៌មានច្បាស់លាស់ ពីកាតព្វកិច្ចក្រុមហ៊ុន ក្នុងការរៀបចំធ្វើ EIA និងបានសម្រួលដោះស្រាយនូវចំងល់រួមមួយជំហាន មុនកិច្ចប្រជុំរួមរបស់ក្រុមការងារ តាមវិស័យ សម្រាប់ធ្វើជាដៃគូពិភាក្សាជាមួយវិស័យឯកជន ដែលគ្រោងនឹងរៀបចំនៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩ ខាងមុខនេះ ក្នុងគោលបំណងដោះស្រាយរាល់ការលំបាករបស់អ្នកវិនិយោគ ដែលបានបណ្តាក់ ទុននៅកម្ពុជា។