រដ្ឋបាលរាជធានីភ្នំពេញ នឹងផាកពិន័យចំពោះជនណាដែលចោលសំរាមផ្ដេសផ្ដាស

0
887

(ភ្នំពេញ) ស្ត្រី២នាក់កំពុងយកសំរាមចោលក្នុងធុង ខណៈអ្នកពាក់ព័ន្ធ អំពាវនាវឲ្យជួយ ថែរក្សាបរិស្ថាន ក្នុងថ្ងៃបុណ្យ អុំទូកនេះសាលារាជធានីភ្នំពេញអះអាងថា កំពុងពិនិត្យ និងរៀបចំវិធានការថ្មី ដើម្បីផាកពិន័យអ្នកបោះ សំរាមចោលផ្ដេសផ្ដាសគ្មានសណ្ដាប់ធ្នាប់ ដែលការព្រមាននេះ គឺបន្ទាប់ពីក្រុម យុវជនបានចុះទៅកាយ សំរាមដែលអណ្ដែតព្រោងព្រាតនៅលើប្រឡាយលូតំបន់បឹងត្របែក។

អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ម៉េត មាសភក្ដី​ មានប្រសាសន៍ថា អាជ្ញាធរពាក់ព័ន្ធបានចាត់ វិធានការចាំបាច់នានាទាក់ទងនឹងបញ្ហាសំរាមនេះ ដូចជាការចុះទៅប្រមូល និងកាយសំរាមជាទៀតទាត់ ការផ្សព្វផ្សាយ និងអប់រំឲ្យពលរដ្ឋបានយល់ដឹងជាដើម។

លោកបន្ថែមថា អាជ្ញាធរក៏កំពុងពិនិត្យ លើវិធានការផាកពិន័យចំពោះអ្នក បន្ដចោលសំរាមពាសវាល ពាសកាល មិនថា នៅតំបន់លូប្រឡាយបឹងត្របែក ឬនៅតំបន់ផ្សេងទៀតនោះទេ។ ប៉ុន្ដែ លោកមិន ទាន់អាចបញ្ជាក់បានទេថាតើការផាកពិន័យនឹងចាប់ផ្ដើមនៅពេលណា និងកម្រិតនៃការផាកពិន័យធ្ងន់ធ្ងរ ប៉ុណ្ណា។

លោកបន្ដថា៖ «យើងនឹងធ្វើការអនុវត្តការផាកពិន័យ សម្រាប់បងប្អូនដែល នៅតែបន្ដធ្វេសប្រហែសមិន យកចិត្តទុកដាក់ក្នុងការគ្រវែងថង់គ្រវែងដប គ្រវែងសំរាមទៅទីធ្លាសារណៈ ឬប្រឡាយលូហ្នឹងដែរ កិច្ចការទាំងអស់នេះយើងកំពុងធ្វើសស្រាក់សស្រាំ»។

កាលពីជាង ១០ថ្ងៃមុន គេសង្កេតឃើញក្រុមយុវជនបានចុះទៅកាយ និងស្រង់យកសំរាម ដែលអណ្ដែត ឡើងព្រោងព្រាតធ្វើឲ្យស្ទះប្រឡាយលូនៅតំបន់បឹងត្របែក ស្ថិតក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។

យុវជនម្នាក់ដែលបានចូលរួមកាយសំរាមចេញពីប្រឡាយលូតំបន់បឹងត្របែកនេះ លោក ដារ៉ា វីត ប្រាប់ថា លោកបានស្ម័គ្រចូលរួមកាយសំរាមនេះ ដោយសារឃើញសំរាមច្រើនធ្វើឲ្យកកស្ទះប្រឡាយលូតំបន់នេះ និងមានក្លិនស្អុយភាយចេញមក។

លោកបន្ដថា៖ «បើនិយាយពីមូលហេតុអ្នកទាំងអស់គ្នាសុទ្ធតែហើយថា វាស្អុយវាគគ្រិច យើងទៅទើសភ្នែក ទើសអី សុទ្ធតែរឿងអញ្ចឹង អត់មានរឿងអីធ្ងន់ធ្ងរទេ»។

អភិបាលខណ្ឌចំការមន លោក ព្រំ សំខាន់ អរគុណដល់ក្រុមយុវជន ដែលបានធ្វើសកម្មភាព ចុះស្រង់យក សំរាមចេញពីប្រឡាយលូតំបន់បឹងត្របែកនេះ ដោយលោកថា វាបានជួយដល់ពលរដ្ឋផ្សេងទៀតបញ្ឈប់ នូវការចោលសំរាមផ្ដេសផ្ដាស។

លោកបន្ដថា៖ «សំរាមនេះនៅលើទឹកដីរបស់ខ្ញុំបាទ ប៉ុន្ដែ ក្មេងៗដែលវាទៅយកនេះ គឺជាស្មារតីភ្ញាក់រលឹក របស់គាត់ ឲ្យអាជ្ញាធរយើងទៅឃាត់ ក៏ឃាត់មិនកើតពីព្រោះយុវជនយើងស្ម័គ្រចិត្ត»។

សកម្មជនបរិស្ថានរបស់អង្គការមាតាធម្មជាតិ អ្នកនាង គីម ស័រ យល់ថា បញ្ហាសំរាមនេះកើតចេញពីពលរដ្ឋ ខ្លួន​ឯងដែលខ្វះការយល់ដឹង និងមិនខ្វល់ពីបរិស្ថាន។ ប៉ុន្ដែ អ្នកនាងក៏រិះគន់ផងដែរ លើចំណាត់ការរបស់ អាជ្ញាធរ និងក្រុមហ៊ុនកាយសំរាម ដែលបណ្ដែតបណ្ដោយឲ្យបញ្ហាសំរាមចោទឡើងបែបនេះ។

កញ្ញាបន្ដថា៖ «អាជ្ញាធរធ្លាប់កាយសំរាមហ្នឹងដែរ ប៉ុន្ដែកាយនៅតែមកៗ មិនមែនថា អាជ្ញាធរគាត់អត់ធ្វើទេ។ ប៉ុន្ដែ ក្នុងហ្នឹងក៏វាបូករួមផ្សំគ្នា គាត់អត់មានយុទ្ធសាស្ដ្រក្នុងការទុកដាក់សំរាមអាជ្ញាធរហ្នឹង។ ហើយមួយទៀត ប្រជាជនយើងគាត់អត់យល់ដឹងពីការបោះចោលសំរាមវាគួបផ្សំគ្នា វាធ្វើឲ្យសំរាមហ្នឹងនៅពេញតែក្នុងលូហ្នឹង វាអត់ណាទេ»។

កាលពីបុណ្យអុំទូក អកអំបុក និងសំពះព្រះខែ ខែវិច្ឆិកា ឆ្នាំ២០១៨ មន្ទីរបរិស្ថានរាជធានីភ្នំពេញ បានព្រមាន ផាកពិន័យប្រាក់ចំនួនពី២ម៉ឺន ទៅ២០ម៉ឺនរៀល ចំពោះអ្នកដែលចោលសំរាម ពាសវាលពាសកាល ធ្វើឲ្យខូចសោភ័ណភាពទីក្រុង នៅអំឡុងថ្ងៃបុណ្យអ៊ុំទូកនេះ៕ប្រភពVOD

LEAVE A REPLY

Please enter your comment!
Please enter your name here