(ភ្នំពេញ) នៅព្រឹកថ្ងៃពុធ ១កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៩នេះ នៅសង្កាត់ពន្សាំង រៀបចំប្រកាស់តំបន់វិនិច្ឆ័យដីធ្លី មានលក្ខណៈជាប្រព័ន្ធ ដោយមានការចូលរួមពីលោក លោក ប៊ិន សូឈី អនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និង សុរិយោដី រាជធានីភ្នំពេញ លោក សុខ សម្បត្តិ អភិបាលខណ្ឌព្រែកព្នៅ លោក ឈួន ឆាំ ចៅសង្កាត់ពន្សាំង និងមន្ត្រីពាក់ព័ន្ធជាច្រើននាក់ ព្រមទាំងបងប្អូនប្រជាពលរដ្ឋចំនួន២៣០នាក់ ។
ក្នុងឱកាសប្រជុំផ្សព្វផ្សាយ ប្រកាស តំបន់វិនិច្ឆ័យដែលមានលក្ខណៈជាប្រព័ន្ធ ស្ថិតក្នុងសង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ នាព្រឹកថ្ងៃទី ០៦ ខែមិនា នេះ លោក ស៊ូ ស៊ីវត្ថា ប្រធានការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ សុរិយោដី និង ភូមិបាលខណ្ឌព្រែកព្នៅ និងជាប្រធានក្រុមវាល បានថ្លែងថា ក្រុមការងារបច្ចេកទេស ចាប់ដំណើរការ ការងារចុះបញ្ជីដីធ្លីដែលមានលក្ខណៈជាប្រព័ន្ធតាមភូមិទាំង២៤ នៃសង្កាត់ ពន្សាំង ខណ្ឌព្រែកព្នៅ ពីថ្ងៃទី០៦ ខែមិនា នេះតទៅដោយចាប់ផ្ដើមពីភូមិឧសភាមុនគេ ។ ការចុះបញ្ជីនេះ ក្រុមបច្ចេកទេស ឬ ក្រុមវាល នឹងចុះទៅ ស្រង់ទិន្នន័យវាស់វែង កំណត់ព្រំដី ដើម្បីកសាងប្លង់សុរិយោដីនិងបញ្ជីឈ្មោះម្ចាស់ដីដោយសហការជាមួយមន្ដ្រីសង្កាត់និងមេភូមិ។ដូចនេះនៅពេលដែលមេភូមិជូនដំណឹងដល់បងប្អូនស្នាក់នៅនោះ សូមបងប្អូនត្រៀមឯកសារដែលពាក់ព័ន្ធនឹងការកាន់កាប់ដីធ្លី របស់បងប្អូន រៀបចំព្រំដីដោយបោះបង្គោលព្រំ និងមានការឯកភាពពីម្ចាស់ដីជាប់ព្រំព្រមទាំងដោះស្រាយទំនាស់ផ្សេងៗ ឲ្យបានរួចរាល់ និងត្រៀមខ្លួនចង្អុលបង្ហាញ ក្រុមបច្ចេកទេសពីព្រំដីដែលបងប្អូនកាន់កាប់ ដើម្បីធ្វើឲ្យដំណើរការនៃការចុះបញ្ជីនេះ ប្រព្រឹត្តិទៅបានដោយរលូន ប្រកបដោយប្រសិទ្ធភាព។
លោក សុខ សម្បត្តិ អភិបាលខណ្ឌព្រែកព្នៅ មានប្រសាសន៍ថាដីគឺជាអាយុជីវិតរបស់ប្រជាពលរដ្ឋ ដូចនេះសូមបងប្អូនប្រជាពលរដ្ឋ សហការឲ្យបានល្អប្រសើរជាមួយក្រុមការងារ ព្រោះការចុះបញ្ជីរមានលក្ខណៈជាប្រព័ន្ធ បានផ្តល់នូវសារៈប្រយោជន៍ដល់បងប្អូន ប្រជាពលរដ្ឋ ដោយធានាបាននូវភាពកក់ក្តៅ សុវត្ថិភាពដីធ្លី និងសិទ្ធិកាន់កាប់ដីធ្លីពេញលេញ ហើយវិញ្ញាបនប័ត្រសំគាល់ម្ចាស់អចលនៈវត្ថុទៀតសោត មានសារៈសំខាន់សំរាប់ធ្វើជាភស្តុតាង នូវការកាន់កាប់ដីធ្លីរបស់ខ្លួន និងចៀសវាងបាននូវការរំលោភបំពានលើដីធ្លី។ ប័ណ្ណនេះ បងប្អូនអាច យកទៅដាក់ធនាគារ ដើម្បីយកថវិកា មកប្រកបរបរអាជីវកម្មផ្សេងៗបានថែមទៀត។
បន្ថែមពីនេះទៅទៀត វាមានសារៈសំខាន់ដល់ រដ្ឋព្រោះវា ផ្តល់លទ្ធភាពយ៉ាងធំធេងក្នុងការគ្រប់គ្រងដីធ្លី និងរៀបចំឲ្យមានសណ្តាប់ធ្នាប់ល្អប្រសើរ និងសំរួលដល់ការធ្វើផែនការ ប្រើប្រាស់ដីធ្លីបានសមស្របនិងគ្រប់គ្រងដីធ្លីបានល្អប្រសើរ ជាមូលដ្ឋានឲ្យរដ្ឋគិតគូរប្រមូលចំណូលថវិកាជាតិនិងផ្តល់ លក្ខណៈងាយស្រួលក្នុងការជំរុញ កិច្ចការវិនិយោគលើកស្ទួយសេដ្ឋជាតិបានកាន់តែប្រសើរ ។
ការចុះបញ្ជីដីធ្លីមាន៥ដំណាក់កាល គឺការកំណត់តំបន់វិនិច្ឆ័យ ការបើកវគ្គបណ្ដុះបណ្ដាល ការចុះវាស់វែងស្រង់ទិន្នន័យក្បាលដី ការបិទផ្សាយជាសាធារណៈ នូវទិន្នន័យនៃការចុះបញ្ជីដីក្នុងតំបន់វិនិច្ឆ័យ និង ការចែកវិញ្ញាបនបត្រសំគាល់ម្ចាស់អចលនវត្ថុ។ កម្មវិធីអនុវិស័យរដ្ឋបាលដីធ្លី រាជធានីភ្នំពេញដែលចាប់ដំណើ ការតាំងពីឆ្នាំ២០០៣មកនោះអនុវត្តបាន៦៧សង្កាត់ ក្នុងចំណោម១០៥សង្កាត់ដោយចុះប្រមូលទិន្នន័យបានចំនួន២៣៨ ០០០ក្បាលដី ក្នុងនោះ មានខណ្ឌ៣ដែលបានចុះបញ្ជីចប់ជាស្ថាពរ គឺមានខណ្ឌទួលគោក ខណ្ឌ សែនសុខ និង ខណ្ឌដូនពេញ។ នេះជាការបញ្ជាក់របស់លោក ប៊ិន សូឈី អនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និង សុរិយោដី រាជធានីភ្នំពេញ ។
សូមបញ្ជាក់ផងដែរថា សង្កាត់ពន្សាំងសក្តានុពលយ៉ាងខ្លាំងក្នុងចំណោម សង្កាត់ទាំង៥ ក្នុងខណ្ឌព្រែកព្នៅ សង្កាត់មានចំនួន២៤ភូមិ ៕