(ភ្នំពេញ) នារសៀលថ្ងៃពុធ ១កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ត្រូវនឹងថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៩ លោកជំទាវ អ៉ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី និងឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន ព្រមទាំងលោកជំទាវ បានអញ្ជើញចូលរួមក្នុងពិធីអបអរសាទរខួបលើកទី១០៨ ទិវានារីអន្តរជាតិ ៨មីនា ឆ្នាំ២០១៩ ក្រោមប្រធានបទ “លើកកម្ពស់សមភាពយេនឌ័រ និងការគាំទ្រការពារសង្គម ដើម្បីអភិវឌ្ឍន៍ធនធានមនុស្ស”។
លោកជំទាវ មុំ ថានី រដ្ឋលេខាធិការ និងជាប្រធានសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព ក្រសួងបរិស្ថាន បានលើកឡើងថា ក្រសួងបរិស្ថាន ប្រារព្ធទិវាអន្តរជាតិនារី ៨ មិនា ដើម្បីបង្ហាញពីវឌ្ឍនភាពនៃការងារនារីនៅក្រសួងបរិស្ថាន ដែលបានចូលរួមចំណែកក្នុងសង្គម និងជាពិសេសក្នុងវិស័យបរិស្ថាន។ ក្នុងឱកាសនោះ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន មានប្រសាសន៍លើកឡើងថា ក្រសួងបរិស្ថាន សម្រេចបានលទ្ធផលធំៗជាច្រើន ជាពិសេសក្នុងការធ្វើទំនើបកម្មក្រសួងក្នុងអាណ្ណត្តិរាជរដ្ឋាភិបាលកន្លងទៅ នេះដោយមានការចូលរួមពីស្រ្តីផងដែរ។ បើគ្មានការចូលរួមរបស់ស្ត្រី ការងារក្នុងវិស័យបរិស្ថានមិនអាចទទួលបានការគាំទ្រ និងជោគជ័យនោះទេ។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តី បានលើកឡើងពីការគាំពារនារី ផ្តោតសំខាន់ លើសុខមាលភាព និងជីវភាពនៅក្នុងសង្គម តាមរយៈផែនការយុទ្ធសាស្រ្ត បន្តនៅក្នុងផែនការយុទ្ធសាស្រ្តរដ្ឋបាលទំនើបនៃក្រសួងបរិស្ថានក្នុងរាជរដ្ឋាភិបាល អាណ្ណត្តិទី៦ នៃរដ្ឋសភា។ ឯកឧត្តម សាយ សំអាល់ បានលើកទឹកចិត្តដល់មន្រ្តីរាជការទាំងអស់ ជាពិសេសនារី ដែលកំពុងបំរើការងារក្នុងក្រសួង ដើម្បីលើកម្ពស់ការយល់ដឹង ការអភិវឌ្ឍសម្ថភាពនៅក្នុងស្ថាប័ន ក៏ដូចជារៀបចំបណ្តុះបណ្តាលក្លាយជាអ្នកដឹកនាំនៅក្នុងពេលខាងមុខ។
លោកជំទាវ អ៉ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី បានលើកឡើងថារាជរដ្ឋាភិបាលកម្ពុជាតែងតែ បានយកចិត្តទុកដាក់ជានិច្ច ក្នុងការលើកកម្ពស់ស្រ្តី រហូតបង្កើតបានជាពាក្យស្លោកថា ស្រ្តីជាឆ្អឹងខ្នង សេដ្ឋកិច្ចជាតិ ។ នារីបានធ្វើសកម្មភាពបង្កើតស្នាដៃ និងបានចូលរួមចំណែកទទួល និងការតែងតាំងដោយរាជរដ្ឋាភិបាល បានផ្ដល់នូវការលើកទឹកចិត្ដ ។ លោកជំទាវ បានថ្លែងអំណរគុណចំពោះ ថ្នាក់ដឹកនាំក្រសួងបរិស្ថាន ដែលជានិច្ចជាកាលបានផ្តល់ឱកាសឱ្យនារី បានទទួលការលើកទឹកចិត្ត និងកិច្ចគាំពារផ្សេងទាំងក្នុងសង្គមគ្រួសារ និងសង្គមជាតិ។
សូមបញ្ចាក់ថា នៅក្នុងពិធីអបអរសាទខួបលើកទី១០៨ ទិវានារីអន្តរជាតិ ៨មីនា ឆ្នាំ២០១៩ ក្រៅពីមានបទបង្ហាញឯកសារវីដេអូស្តីពីការចូលរួមរបស់ស្រ្តី ក្នុងវិស័យបរិស្ថាន រួចមក ជាមួយអ្នកចូលរួមក្នុងវេទិការនាពេលនេះ បានទទួលបានការចែលរំលែកបទពិសោធន៍ និងភាពជោគជ័យ ពីវាគ្មិនជានារីឆ្នើមៗ មកពីស្ថាប័នមួយចំនួន ដែលជោគជ័យក្នុងអាជីពការងារ និងទទួលបានការគាំទ្រ និងលើកទឹកចិត្តផ្សេងៗពីគ្រួសារ និងសង្គមជាតិ ទទួលបានការបណ្តុះបណ្តាល បានតស៊ូជំនះឧបសគ្គនានា លះបង់ខ្ពស់ចំពោះជំនាញវិជ្ជាជីវៈ និងបានក្លាយជាអ្នកដឹកនាំ និងគ្រប់គ្រងស្ថាប័នធំៗផងដែរ៕