ភ្នំពេញ៖ នាព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៩នេះ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងមន្រ្តីពាក់ព័ន្ធ បានប្រារពពិធីប្រកាស ស្តីពី ការបង្កើត និងដាក់អោយដំណើរការ រដ្ឋបាលខណ្ឌ និងប្រកាសមុខតំណែង ប្រធាន និងសមាជិកក្រុមប្រឹក្សាខណ្ឌកំបូលទាំង១៧រូប។
នាឱកាសនោះ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានណែនាំដល់ រដ្ឋបាលខណ្ឌថ្មី ក៏ដូចជា ក្រុមប្រឹក្សា ដែលទើបនឹងទទួលបានការគាំទ្រ ពីការបោះឆ្នោតជ្រើសរើស ជាប្រធាន និងសមាជិក ក្រុមប្រឹក្សាខណ្ឌកំបូល អាណត្តិទី៣ ត្រូវពង្រឹងការគ្រប់គ្រង នៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួនឱ្យបានល្អ តាមគោលការណ៍ណែនាំ របស់រដ្ឋបាលរាជធានីភ្នំពេញ ពិសេស ក្រសួងមហាផ្ទៃ សំដៅបំរើ ផលប្រយោជន៍ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ទាំងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និង ជម្រុញការអភិវឌ្ឍន៍ក្នុងមូលដ្ឋានឱ្យមានប្រសិទ្ធភាព និង តម្លាភាព។
ឯកឧត្តមបញ្ជាក់ថា បើទោះជាខណ្ឌកំបូលទើបតែបង្កើតថ្មីក៏ដោយ ប៉ុន្តែមន្រ្តីបំរើការគ្រប់ផ្នែកក្នុងរដ្ឋបាល ខណ្ឌនេះ ភាគច្រើនជាមន្រ្តីដែលចេញមកពីខណ្ឌចាស់ ទាំងមន្រ្តីរដ្ឋបាលសាធារណៈ និងកម្លាំង មានសមត្ថ កិច្ចជាពិសេស ប្រធាន និងសមាជិកទាំង១៧រូប របស់ក្រុមប្រឹក្សាខណ្ឌ ជាមន្រ្តីដែលធ្លាប់ បំរើការងារ ក្រោម រដ្ឋបាលខណ្ឌ និងរដ្ឋបាលរាជធានីភ្នំពេញ ដូច្នេះត្រូវប្រឹងប្រែងបំរើប្រជាជនឱ្យបានល្អទ្វេរដងតាមអនុ សាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ របស់ប្រមុខរាជរដ្ឋាភិបាល ដែលបានលើកឡើង កាលពីពេល កន្លងទៅនេះ។
ជាមួយគ្នានោះ ឯកឧត្តម អភិបាល បានជម្រាបជូនពីគោលបំណង ដែលរាជរដ្ឋាភិបាល សម្រេចបង្កើត ខណ្ឌថ្មីទាំងពីនេះឡើង មិនមែនដើម្បីចែកអំណាចគ្នានោះទេ គឺចង់ឱ្យអភិបាលខណ្ឌ ក៏ដូចជាក្រុមប្រឹក្សា ទាំងអស់ បានចុះទៅឱ្យបានកៀកកិតជាមួយប្រជាជន ស្តារបញ្ហា និងដោះស្រាយបញ្ហាឱ្យបាន ទាន់ពេល វេលា ឆ្លើយតបនឹងតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ ពិសេសអ្នករស់នៅជាយៗរាជធានីភ្មំពេញ ទាំងការ បំរើសេវាសាធារណៈ បញ្ហាការការពារសន្តិសុខ សណ្តាប់ធ្នាប់ បរិស្ថាន និងអនាម័យជាដើម ដែលត្រូវយក ចិត្តទុកដាក់ខ្ពស់បន្ថែមទៀត។
សូមបញ្ជាក់ថា ខណ្ឌកំបូល ត្រូវបានបង្កើតឡើងតាម អនុក្រឹត្យរបស់រាជរដ្ឋាភិបាល កាលពីថ្ងៃទី៨ ខែមករា ឆ្នាំ២០១៩នេះ ដោយបំបែកចេញពីខណ្ឌពោធិសែនជ័យ និងខណ្ឌដង្កោ ក្នុងនោះមានសង្កាត់ចំនួន៧ គឺសង្កាត់ កំបូល កន្ទោក ស្នោ ភ្លើងឆេះរទេះ ប្រទះឡាង ឪឡោក និងសង្កាត់បឹងធំ៕