ឯកឧត្តម ឃួង ស្រេង ដឹកនាំមន្ត្រី ចុះជំរឿន ដើម្បីចងក្រងទិន្នន័យប្រជាពលរដ្ឋសម្រាប់ដាក់ផែនការការអភិវឌ្ឍប្រទេស

0
367

(ភ្នំពេញ) ក្រុមមន្ត្រីជំរឿនដឹកនាំដោយឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ សហការជាមួយ អាជ្ញាធរខណ្ឌទួលគោកកាលពីព្រឹកថ្ងៃទី០៣ ខែមិនា ឆ្នាំ២០១៩បានចុះផ្ទាល់ ដល់ភូមិ គ្រឹះសម្តេចពិជ័យសេនាទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ដែលស្ថិតក្នុង សង្កាត់បឹង កក់ទី២ ខណ្ឌទួលគោក ស្របពេលដែលមន្ត្រីជំរឿន នៅទូទាំងប្រទេសបាននឹងកំពុងធ្វើសកម្មភាពជំរឿន ប្រជាពលរដ្ឋទាំងអស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា។

ក្នុងឱកាសដែលមន្រ្តីជំរឿន ចុះផ្ទាល់ដល់ភូមិគ្រឺះសម្ដេច ពិជ័យសេនាទៀបាញ់ ក្រុមការងារ នៃមន្រ្តីជំរឿន បានជម្រាបជូនសម្ដេចពិជ័យសេនា ពីគោលការណ៍មួយចំនួនពាក់ព័ន្ធនឹងការជំរឿនប្រជាពលរដ្ឋ ដោយ មន្ត្រីជំរឿនបានបញ្ជាក់ថា ការជំរឿនត្រូវរៀបចំជាសំណួរសួរពាក់ព័ន្ធនឹង ជីវភាពរស់នៅ របស់ប្រជាពលរដ្ឋ ។ ជាក់ស្ដែងការជំរឿននៅក្នុងភូមិគ្រឹះសម្ដេចនេះ ក្រុមការងារត្រូវ ដាក់ជាសំណួរ ទៅលើសមាជិក ទាំងអស់នៅក្នុងភូមិគ្រឹះរបស់សម្ដេច រួមមានទាំងអ្នកបំរើ អង្គរក្ស ដោយសួរ ពាក់ព័ន្ធនឹងការសិក្សា ការបង្កកំណើត ការស្រង់ទៅលើផ្ទះសម្បែងអគារផ្សេងៗ ដោយធ្វើការសម្ភាសន៍ ផ្ទាល់នៅក្នុងគ្រួសារតែម្តង ជាមួយនិងការបង្ហាញ អត្តសញ្ញាណប័ណ្ណ សំបុត្រកំណើត ប៉ុន្តែទោះបីជាយ៉ាងណាក្តីមន្រ្តីជំរឿនបាន បញ្ជាក់ប្រាប់សម្តេចផងដែរថា ក្រុមមន្រ្តីជំរឿន មិនបង្ខំ តម្រូវឲ្យមានអត្តសញ្ញាណ បណ្ណឬសំបុត្រ កំណើតរបស់ប្រជាពលរដ្ឋមកបង្ហាញនោះទេ។

សម្ដេចពិជ័យសេនាទៀបាញ់ប្រកាសនោះបានសម្តែងនូវការកោតសរសើរ ចំពោះអាជ្ញាធររាជ ធានីភ្នំពេញពិសេសឯកឧត្តម ឃួង ស្រេង អភិបាល រាជធានីភ្នំពេញ ដែលបានយកចិត្តទុកដាក់ ក្នុងការ អភិវឌ្ឍន៏រាជធានីភ្នំពេញអោយមានការអភិវឌ្ឍន៍រីកចំរើន ។ ជាងនេះទៅទៀតនៅក្នុងពេលនេះឯកឧត្តម ឃួងស្រេង នូវបានដឹកនាំមន្រ្តីជំរឿនចុះផ្ទាល់មកដល់ភូមិគ្រឹះរបស់សម្ដេច ដើម្បីជំរឿន ដែលនេះ ជាសកម្មភាព មួយដ៏ល្អប្រសើរ ដែល យើងទាំងអស់គ្នាត្រូវ តែរួមគ្នា ធ្វើកិច្ចការងារនេះអោយបានល្អ។

សម្ដេចពិជ័យសេនាបានបញ្ជាក់ថា ក្នុងនាមជាថ្នាក់ដឹកនាំ យើងត្រូវតែធ្វើជាមន្រ្តីគំរូដោយត្រូវសហការ ជាមួយមន្រ្តីជំរឿន ដើម្បីផ្តល់លទ្ធភាពអោយមន្រ្តីជំរឿន ចងក្រងទិន្នន័យប្រជាពលរដ្ឋច្បាស់លាស់សម្រាប់ ដាក់ផែនការការអភិវឌ្ឍប្រទេសជាតិ។​

ពាក់ព័ន្ធនឹងការងារខាងលើនេះ សម្តេចអគ្គមហាសេនាបតីតេជោតេជោហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋសូមចូលរួម និងផ្តល់កិច្ច សហការ ជាជាមួយមន្ត្រីជំរឿនឲ្យបានល្អប្រសើរនិងទទួលបានលទ្ធផលល្អ។

ដោយឡែករដ្ឋបាលរាជធានីភ្នំពេញក៏បានចេញសេចក្តីណែនាំស្ដីពីការអនុវត្តការងារធ្វើជំរឿនទូទៅប្រជាជននៅរាជធានីភ្នំពេញឆ្នាំ២០១៩ដោយបានគូសបញ្ជាក់ថា គ្រប់ទីតាំង អង្គភាព ស្ថាបន័ឬគ្រឹះស្ថាននានា ទាំងវិស័យសាធារណៈ និងវិស័យឯកជនដូចជាសណ្ឋាគារ ផ្ទះសំណាក់ មណ្ឌលកំសាន្ត មន្ទីរពេទ្យ ផ្សារ ចំណត់ឡាន កំពង់ផែ ព្រលានយន្តហោះជាដើមដែលមានទីតាំងក្នុងរាជធានីភ្នំពេញ ត្រូវចូលរួម ផ្តល់កិច្ចសហការជាមួយមន្ត្រីជំរឿនក្នុងការធ្វើសម្ភាសន៏ជំរឿន។ដោយឡែកទី តាំងអង្គភាព មួយចំនួន ដែលមានលក្ខណៈជាគ្រួសារស្ថាប័នដូចជា៖វត្តអារាម,ពន្ធនាគារ អន្តេវាសិកដ្ឋាននិងមណ្ឌលប្រមូលផ្តុំនានា ត្រូវផ្តល់កិច្ចសហការ និងចូលរួមជាមួយមន្ត្រីជំរឿនក្នុងការរាប់សម្ភាសន៏អ្នករស់នៅតាមស្ថាប័ន ឬគ្រឹះស្ថានទាំងនោះចាប់ពីថ្ងៃទី៣ដល់១៣មិនា ឆ្នាំ២០១៩៕ដោយ សុខជា

 

LEAVE A REPLY

Please enter your comment!
Please enter your name here