ភ្នំពេញ៖ កាលពីវេលាម៉ោង១១ និង២០នាទីព្រឹក ថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៩ ស្ថិតនៅលើដងផ្លូវសហព័ន្ធរុស្សី មុខហាងលក់ទ្វារសុវត្ថិភាពអប្សរា ភូមិក្បាលដំរី២ សង្កាត់កាកាប២ ខណ្ឌពោធិសែនជ័យ ។
ជនរងគ្រោះឈ្មោះ ឃី ម៉េងលីន ភេទស្រី អាយុ៤៤ឆ្នាំ មុខរបរ ជាមន្រ្តីរាជការ មានទីលំនៅ ភូមិកំពង់សីម៉ា សង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។
សម្ភារ បាត់បង់ដែលមាននៅក្នុងកាបូប លុយ២លានរៀល អត្តសញ្ញាណប័ណ្ណផ្ទាល់ខ្លួន កាតATM ទូរស័ព្ទដៃ ហ៊ូវៃ និងឯកសារការងារ មួយចំនួនទៀត ត្រូវបានលោកចោរ ឆក់យកទៅបាត់ ។
តាមប្រភពបានឲ្យដឹងថា មុនកើតហេតុ ជនរងគ្រោះ បានដើរចេញពីស្នាក់ការ គណៈបក្សខ្មែរតែមួយ ដែលមានទីតាំងក្បែរកន្លែងកើតហេតុ ដោយយួរកាបូបដៃ ដើរថ្មើរជើង គោលបំណង រកម៉ូតូកង់បីជិះ លុះមកដល់ចំណុចហាងលក់ទ្វារសុវត្ថិភាព ផ្លូវសហព័ន្ធរុស្សី ស្រាប់តែជនសង្ស័យមានគ្នា២នាក់ ជិះម៉ូតូមួយគ្រឿងម៉ាក ឃ្លីក ពណ៌ខ្មៅ មិនចាំស្លាកលេខ ជិះពីលិចទៅកើត មកដល់ធ្វើសកម្មភាពឆក់យកកាបូបដៃ បានសម្រេចហើយ ជិះបត់ត្រឡប់ក្រោយទៅទិសខាងលិច គេចខ្លួនបាត់ដោយសុវត្ថិភាព ទោះជារត់ដេញតាមស្រែកឲ្យគេឯងជួយក៏មិនបានលទ្ធផល ។
ក្រោយកើតហេតុ ជនរងគ្រោះទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍កាកាប២ ដើម្បីឲ្យសមត្ថកិច្ចជួយស្រាវជ្រាវតាមចាប់ខ្លួនមុខសញ្ញាឆក់ លួច ទ្រព្យសម្បត្តិខាងលើ ៕
ប្រភព៖ FB