(ភ្នំពេញ) អ្នកនាំពាក្យអាកាសចរស៊ីវិលបានឱ្យដឹងថា ការបង្កើតអាកាសយានដ្ឋានអន្តរជាតិ ភ្នំពេញថ្មីខ្នាត4Fលើផ្ទៃដីទំហំ២៦០០ ហិកតា ដែលអាចទទួលយន្តហោះខ្នាតធំបានស្ថិត នៅក្នុងភូមិសាស្ត្រខេត្តកណ្តាល និងខេត្តតាកែវ គឺមានស្តង់ដារប្រហាក់ ប្រហែលអាកាសយាន ដ្ឋានប្រទេសអាស៊ានមួយចំនួន។
ឯកឧត្តម ជា អូន រដ្ឋលេខាធិការប្រចាំការ និងជាអ្នកនាំពាក្យអាកាសចរ ស៊ីវិលបានឲ្យដឹងថា នៅព្រឹក ថ្ងៃសុក្រ ទី០១ ខែមីនា ឆ្នាំ២០១៩នេះថា ៖ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី នេះមានទំហំ ប្រហាក់ប្រហែល នឹងអាកាសយានដ្ឋាននៅប្រទេសថៃ និងប្រទេសសិង្ហបុរី ដែលអាចប្រើប្រាស់ សម្រាប់ឱ្យយន្តហោះធុនធំហោះហើរផ្លូវឆ្ងាយរយៈពេលពី១២ ដល់ ១៦ម៉ោង ដូចជាទៅបារាំង ឬសហរដ្ឋអាមេរិក ហោះហើរចេញឬចុះចតបាន។ «យើងអត់ចាញ់ទេ អត់ចាញ់ព្រលាន យន្តហោះប្រទេសថៃ ម៉ាឡេស៊ី ឬក៏សិង្ហបុរីទេ បើធ្វើទំហំ២៦០០ហិកតានេះគឺសើ្ម សិង្ហបុរី ថៃសុវណ្ណភូមិ ហើយវាទៅជាការប្រឡងប្រណាំងផ្នែកអាកាសចរស៊ីវិល នេះយើង ប្រឡងប្រណាំងជាមួយគេហើយ»។ នេះជាការបញ្ជាក់បន្ថែមរបស់ ឯកឧត្តម ជា អូន រដ្ឋលេខាធិការប្រចាំការ។ លោក អ្នកនាំពាក្យឱ្យបានដឹងទៀតថា ការហោះហើរចន្លោះ១៥ទៅ ១៦ម៉ោងចេញ ពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី នេះទោះទៅទិសខាងកើតក៏ដោយខាងលិចក៏ដោយគឺស្មើពាក់កណ្តាលផែនដីហើយ នៅពេលអាកាស យានដ្ឋាននេះ កើតឡើងវានឹងអាច ឱ្យអ្នកដំណើរ មកដល់កម្ពុជាដោយផ្ទាល់ដោយមិនបាច់ចុះចតនៅប្រទេសណាមួយ មុនមកដល់កម្ពុជាដែលជាការខាតពេលវេលានោះទេ។
ឯកឧត្តមបន្ថែមថា កម្ពុជានឹងទទួលបានភ្ញៀវទេសចរច្រើន ហើយប្រជាពលរដ្ឋកម្ពុជា ក៏មានការងារ ធ្វើច្រើននៅពេលយើងមានជើងហោះហើរត្រង់ជាមួយប្រទេសក្នុងតំបន់ និងពិភពលោក ដោយផ្តើម ចេញពីការវិនិយោគអាកាសយានដ្ឋានថ្មីនេះ។ ឯកឧត្តម បន្តទៀតថា កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៩ កិច្ចប្រជុំលើកទី១ គណៈកម្មការរៀបចំទីតាំង គម្រោងសាងសង់ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មីទទួលបានលទ្ធផលចំនួន៩ ចំណុចក្នុងចំណោម ៩ចំណុច មានចំណុចមួយដែលគណៈកម្មការបានប្រគល់ ភារកិច្ចជូន ឯកឧត្តម ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋាន អាកាសចរស៊ីវិលរៀបចំ កិច្ចព្រមព្រៀង ដាក់ពិគ្រោះយោ បល់ជាមួយស្ថាប័ន និងអង្គភាពពាក់ព័ន្ធ និងសុំការសម្រេច ពីរាជរដ្ឋាភិបាល ដើម្បីចុះហត្ថលេខាជាមួយក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវេសមិន ខូអិលធីឌី រីឯការ សិក្សាកំណត់តំបន់សុវត្ថិភាព នៃការហោះហើរ គឺស្ថិតនៅជំហានទី២,៣,៤បន្ដទៀត ៕