ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក៏ធ្លាប់ជាអភិបាលរាជធានីភ្នំពេញ ដែលបច្ចុប្បន្ននេះជាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ឯកឧត្ដម ជា សុផារ៉ា បានលើកឡើងថា ការរៀបចំទីក្រុងមួយឱ្យបាន និរន្តរភាព និងអាចរក្សាអត្តសញ្ញាណជាតិចាំបាច់ត្រូវផ្ដោតលើការងារសំខាន់ និងអាទិភាពចំនួន ៥ ចំណុចដូចខាងក្រោមនេះ ។
ឯកឧត្ដម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់
១) រៀបចំផែនការប្រើប្រាស់ដី
ថ្លែងក្នុងឱកាស សំណេះសំណាលជាមួយប្រតិភូយុវជនកម្ពុជា នៃកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុន (SSEAYP) លើកទី៤៥ កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៨ នៅទីស្ដីការក្រសួង ឯកឧត្ដម លើកឡើងថា ការកសាងហេដ្ឋារចនាសម្ព័ន្ធគ្រប់បែបយ៉ាងនៅក្នុងទីក្រុងមានជាអាទិ៍ តំបន់រដ្ឋបាល តំបន់សាធារណៈ ឧស្សាហ៍កម្ម តំបន់ពាណិជ្ជកម្ម តំបន់ទេសចរ និងលំនៅឋានជាដើមចាំបាច់ត្រូវមានផែនការរៀបចំផែនការប្រើប្រាស់ដីជាមុនសិន។ ការរៀបចំខ្សែក្រវ៉ាត់បៃតង ដែលគួរធ្វើនៅខាងក្រៅក្រុង ការរៀបចំផ្សារ ដែលមិនគួររុញមកកន្លែងតែមួយ ជាហេតុបង្កឱ្យមានការកកស្ទះចរាចរណ៍។ ឧទាហរណ៍ដូចការរៀបចំផ្សារដើមគរពីដំបូង គឺគេអាចដឹកជញ្ជូនបន្លែពីច្បារអំពៅ តាខ្មៅ និងស្ទឹងមានជ័យ ដើម្បីចែកចាយទៅក្នុងរាជធានីភ្នំពេញ និងទៅក្រៅក្រុង លើកលែងតែផ្សារថ្មីមួយប៉ុណ្ណោះ ដែលត្រូវបានបង្កើតតាំងពីសម័យអាណានិគមនិយមបារាំងតែមួយប៉ុណ្ណោះ។
២) ការប្រព័ន្ធលូ និងបង្ហូរទឹកកខ្វក់
ការរៀបនូវហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធលូ និងបង្ហូរទឹកកខ្វក់នេះ គឺជាគោលដៅចម្បង ក្នុងការធានាឱ្យបាននូវការអភិវឌ្ឍប្រកបដោយនិរន្តរភាព។ ករណីកង្វះខាតអនាម័យប្រព័ន្ធគ្រប់គ្រង ទឹកកខ្វក់ អាចប៉ះពាល់សុខភាព ដែល ជាឧបសគ្គដល់ការអភិវឌ្ឍ ហើយយើងមិនអាចនឹងមើលរំលងបានទេ។ ឯកឧត្ដមបានរំលឹកឡើងវិញកាលឯកឧត្ដមកាន់តំណែងជាអភិបាលរាជធានីភ្នំពេញ ទឹកកខ្វក់ត្រូវបានបង្ហូរតាមប្រឡាយស្ទឹងមានជ័យ ធ្លាក់ទៅបឹងទំពុន ការរៀបចំប្រព័ន្ធទំនប់កប់ស្រូវ ដើម្បីបូមទឹកកខ្វក់ចេញពីក្រុងភ្នំពេញ។
៣) ការមើលទិសខ្យល់
ការរៀបចំទីក្រុងមួយក៏ចាំបាច់ត្រូវសិក្សាលើទិសខ្យល់ ខណៈរបបខ្យល់បក់ក្នុងប្រទេសកម្ពុជាមានខ្យល់មូសុង បក់ពីទិសនិរតី ខ្យល់បក់មកទិសខាងជើង និងទិសឧត្តរជាដើម។ បុព្វបុរសខ្មែរ កសាងរាជធានីអង្គរ មិនត្រឹមសិក្សាទិសខ្យល់បក់មកទេ ប៉ុន្តែក៏បានសិក្សាដល់ប្រព័ន្ធពន្លឺ និងទិសដៅរបស់ព្រះអាទិត្យផងដែរ។ ទីក្រុងពិតណាស់ជាកន្លែង មានមនុស្សរស់នៅច្រើន ដូច្នេះការសាងសង់រោងចក្រ និងឧស្សាហ៍កម្មធំៗ ដែលមានបង្ហុយផ្សែងពុលត្រូវសិក្សាពីរបបខ្យល់បក់ តើអាចហ៊ុយចូលមកទីក្រុងដែរឫទេ?
៤)ប្រភពទឹកស្អាត
ប្រភពទឹកស្អាត គឺជាតម្រូវការចាំបាច់បំផុតសម្រាប់ប្រជាពលរដ្ឋទូទៅប្រើប្រាស់ប្រចាំថ្ងៃ។ បច្ចុប្បន្ននេះទឹកស្អាតដែលផ្គត់ផ្គង់នៅរាជធានីភ្នំពេញមានប្រភពពីទឹកទន្លេ។ ទឹកទន្លេប្រែប្រួលទៅតាមរដូវទឹកឡើង និងទឹកស្រក។ តួយ៉ាងដូចជាប្រភពទឹកទន្លេបាសាក់នៅរដូវវស្សានឹងហូរចូលទន្លេសាប ប៉ុន្តែពេលទឹកស្រកវិញ នឹងធ្វើឱ្យទឹកទន្លេសាបឡើងល្អក់។ ពេលទឹកល្អក់ខ្លាំងអ្នកជំនាញត្រូវប្រើប្រាស់ក្លរច្រើន ដើម្បីសម្លាប់មេរោគ។ ដូច្នេះយើងត្រូវលើកផែនការបូមទឹកទន្លេមេគង្គវិញ ដោយសារទឹកហូរមិនសូវល្អក់ខ្លាំង។
៥) សំណង់ស្ថាបត្យកម្មមានលក្ខណៈជាខ្មែរ
រចនាបថសំណង់អាគារខ្ពស់ៗក្នុងទីក្រុង ត្រូវបញ្ចូលគំនិតស្ថាបត្យកម្ម ខ្មែរ ដើម្បីរក្សាបានអត្តសញ្ញាណជាតិ និងការទាក់ទាញភ្ញៀវទេសចរ។ ឯកឧត្ដមថា ខណៈវិស័យសំណង់នៅក្នុងប្រទេសកម្ពុជាកំពុងមានការរីកចម្រើន ក្រសួងរៀបចំដែនដីកន្លងមកក៏បានលើកទឹកចិត្តឱ្យជួយចូលរួមលើកកម្ពស់តម្លៃស្ថាបត្យកម្មខ្មែរនាសម័យមុន តាមរយៈការរចនាប្លង់សំណង់ទាំងខាងក្នុងអគារ និងក្រៅ អគារឱ្យមានលក្ខណៈជាស្ថាបត្យកម្មខ្មែរផងដែរ។
បច្ចុប្បន្នក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ កំពុងរៀបចំធ្វើផែនការគោលរៀបចំទីក្រុង និងទីប្រជុំជន ខណៈបច្ចុប្បន្នធ្វើបាននៅខេត្តព្រះសីហនុ ខេត្តសៀមរាប និងក្រុងភ្នំពេញ។ នេះបើតាមឯកឧត្ដម ជា សុផារ៉ា៕ ប្រភពសប្បាយ