(ភ្នំពេញ) នៅព្រឹកថ្ងៃចន្ទ ៦រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែកុម្ភៈ គ.ស២០១៩នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីអបអរសាទរ «ទិវាជាតិទីក្រុងស្អាត» លើកទី៧ ក្រោមប្រធានបទ «ទីក្រុងស្អាត៖ ទីក្រុងផ្តល់ភាពកក់ក្តៅ» ដែលបានប្រព្រឹត្តទៅ នៅសណ្ឋាគារសុខាភ្នំពេញ។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍អំពាវនាវដល់ប្រជាពលរដ្ឋកុំឲ្យមានការភ័យតក់ស្លុតចំពោះការចាក់បង្ហាញរឿងសត្វឆ្កែខាំលើមនុស្សកន្លងទៅថ្មីៗនេះ។ ទន្ទឹមនឹងនេះ ដោយមានការភ័យខ្លាច និងព្រួយបារម្ភ គឺមានប្រជាពលរដ្ឋជាច្រើន រួមទាំងអ្នកខ្លះមិនមានសត្វឆ្កែខាំផង បាននាំគ្នាតម្រង់ជួររងើ់ចាំចាក់ថ្នាំវាក់សាំងការពារជំងឺ “ឆ្កែឆ្គួត” ដែលធ្វើឲ្យមានការកកស្ទះនៅកន្លែងចាក់ថ្នាំបង្កាវិទ្យាស្ថានប៉ាស្ទ័រ។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានជំរុញឲ្យក្រសួងសុខាភិបាលបន្តផ្សព្វផ្សាយឲ្យប្រជាពលរដ្ឋបានដឹង និងត្រូវពង្រាយសេវាចាក់ថ្នាំនៅតាមមន្ទីពេទ្យនានាអោយបានច្រើន។ ជាមួយគ្នានេះផងដែល សម្តេចតេជោនាយករដ្ឋមន្ត្រី បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋត្រូវចេះការពារខ្លួនធ្វើយ៉ាងណាកុំឲ្យឆ្កែខាំ។
ក្នុងឱកាសនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី បន្តអំពាវនាវឲ្យប្រជាពលរដ្ឋចូលរួមរក្សាសន្តិភាព កុំឲ្យមានអំពើរភេវរកម្ម ជាពិសេសត្រូវធ្វើយ៉ាងណាឲ្យតំបន់ររមណីយដ្ឋាន តំបន់ទេសចរណ៍ តំបន់រោងចក្រក្លាយទៅជាសហគមន៍ដ៏សុខសាន្តមួយ ដោយក្នុងនោះអាជ្ញាធរត្រូវបន្តអនុវត្តភូមិឃុំមានសុវត្ថិភាពឲ្យបានខ្ជាប់ ខ្ជួនដើម្បីធានាដល់ភាពសុខសាន្តរបស់ប្រជាពលរដ្ឋ ។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ឲ្យអ្នកដែលបម្រើសេវាកម្មទេសចរណ៍ទាំងអស់ដូចជា ផ្នែកសណ្ឋាគារ និងភោជនីដ្ឋាន ត្រូវបង្កើនការយកចិត្តទុកដាក់ចំពោះសេវាកម្ម ការបដិសណ្ឋារកិច្ច និងផ្នែកអនាម័យ គឺត្រូវអនុវត្តឲ្យបានល្អបំផុតដល់ភ្ញៀវ ធ្វើយ៉ាងណាទាក់ទាញភ្ញៀវមកស្នាក់នៅ ហើយលើកក្រោយមកទៀតជាមួយមិត្តគ្រួសារ និងអ្នកទេសចរជាច្រើនទៀត។ ទន្ទឹមនឹងនេះដែរ សម្តេចតេជោនាយករដ្ឋមន្ត្រី បានជំរុញឲ្យវិស័យទេសចរណ៍ត្រូវមានការផ្សាភ្ជាប់ ឬទាញផលប្រយោជន៍ពីវិស័យកសិកម្មតាមរយៈការជំរុញឲ្យកសិករ ម្ចាស់រមណីយដ្ឋាន និងភោជនីយដ្ឋាន បង្កើនការដាំដុះដំណាំកសិកម្មបែបធម្មជាតិឲ្យបានច្រើន ដើម្បីបំពេញតម្រូវការដល់ភ្ញៀវទាំងជាតិ និងអន្តរជាតិ។
ជាថ្មីម្តងទៀត សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានអំពាវនាវដល់គ្រប់ក្រសួងស្ថាប័ន រាជធានី-ខេត្ត អាជ្ញាធរគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ វិស័យឯកជន អង្គការសង្គមស៊ីវិល ដៃគូអភិវឌ្ឍន៍ ពាក់ព័ន្ធ ព្រះសង្ឈគ្រប់ព្រះអង្គ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និសិ្សត យុវជន យុវនារី មន្ត្រីរាជការ បុគ្គលិក ក្រុមហ៊ុនឯកជន រោងចក្រ និងបងប្អូនជនរួមជាតិទាំងអស់ មេត្តាបន្តផ្តល់ការគាំទ្រ និងចូលរួមអនុវត្តឲ្យបានផុលផុសប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ចំពោះចលនាប្រឡងប្រណាំង “ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ បដិសណ្ឋារកិច្ចល្អ” ឲ្យបានផុលផុសថែមទៀត ដើម្បីឲ្យកម្ពុជាក្លាយជាគោលដៅទេសចរណ៍ប្រកបដោយគុណភាព ចីរភាព និងទាក់ទាញសម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិសក្តិសមនឹងកិត្តិនាម “កម្ពុជា៖ ព្រះរាជាណាចក្រអច្ឆរិយៈ ផ្តល់ភាពកក់ក្តៅ”។ ទន្ទឹមនឹងនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក៏បានអបអរសារដល់ខេត្ត និងក្រុងដែលទទួលបានជ័យលាភីជាទីក្រុងដែលមានពិធីបុណ្យចូលឆ្នាំសកលល្អជាងគេប្រចាំឆ្នាំគឺមានៈ ១)រាជធានីភ្នំពេញ ២)ខេត្តសៀមរាប និង៣)ខេត្តកែប៕