ប្រទេសថៃ ៖ បើតាមការដកស្រង់ចេញពីកាសែតថៃឲ្យដឹងថា មានពលរដ្ឋខ្មែរ ១៨ នាក់មកពីបណ្តាខេត្តចំនួន៦ ក្នុងប្រទេសកម្ពុជាត្រូវបាន កម្លាំងទាហានថៃ សហការជាមួយមន្រ្តីជំនាញរក្សាព្រៃឈើថៃ បានចាប់ឃាត់ខ្លួនបានជាបន្តបន្ទាប់ និងយកទៅចាត់ការតាមផ្លូវច្បាប់នោះហើយ ខណៈដែលពលរដ្ឋខ្មែរទាំង១៨នាក់នោះ ឆ្លងដែនខុសច្បាប់ចូលទៅកាប់ឈើគ្រញូងក្នុងទឹកថៃឧទ្យានជាតិ ថាប់ឡានទី៣ និងទី៤ចំណុចខ្លងណាំម៉ាន់ស្ថិតនៅស្រុកខនបុរីខេត្តនគររាជសីម៉ាប្រទសថៃ កាលពីល្ងាចថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៩ ។
បើតាមការសែតថៃឲ្យដឹងទៀតថា នៅក្នុងកិច្ចប្រតិបត្តិការដែលកម្លាំងសមត្ថកិច្ចចម្រុះបង្រ្កាបចាប់ឃាត់ខ្លួន ទន្ទឹមដែលពលរដ្ឋខ្មែរជាច្រើននាក់បានកំពុងធ្វើដំណើរមានសម្ភារជាមធ្យោបាយដូចជារណាយន្ត ស្បៀងអាហារ និងមានកាំភ្លើងបាញ់ខ្យល់ហ្គាសផងដែរ ត្រូវបានសមត្ថកិច្ចចម្រុះថៃឡើមព័ទ្ធចាប់បានជាបន្តបន្ទាប់ និងមានមួយចំនួនទៀតរត់គេចខ្លួនបានដោយសុវត្ថិភាព ខណៈដែលពួកគេដើរសំដៅកាត់ព្រៃ និងភ្នំឆ្ពោះលបចូលទៅកាប់ឈើគ្រញូង ក្នុងតំបន់ឧទ្យានជាតិថាប់ឡាន ។ ពលរដ្ឋខ្មែរទាំង១៨នាក់មកពីខេត្តបាត់ដំបង បន្ទាយមានជ័យ ឧត្ថរមានជ័យ សៀមរាប កំពង់ចាម និងតាកែវ ។
សូមបញ្ជាក់ថា ជុំវិញនៃការឆ្លងដែនខុសច្បាប់ ពីពលរដ្ឋខ្មែរចូលកាប់ឈើគ្រញូងខុសច្បាប់ នៅក្នុងទឹកដីថៃកន្លងមកសេចក្តីរាយការណ៍ឲ្យដឹងថា គឺមានពលរដ្ឋខ្មែរ មួយចំនួនត្រូវរងការបាញ់សម្លាប់ចាប់ដាក់គុកពីសំណាក់សមត្ថកិច្ចថៃជាបន្តបន្ទាប់ ។
ពលរដ្ឋខ្មែរទាំងនោះត្រូវបានឈ្មួញរកស៊ីជំនួញឈើគ្រញូងជនជាតិថៃ និងឈ្មួញខ្មែរសហការគ្នាជួលពួកគេឆ្លងដែនចូលកាប់ឈើគ្រញូង ក្នុងទឹកដីថៃទាំងប្រថុយប្រឋាន ។ ការលួចឆ្លងដែនខុសច្បាប់ចូលទៅកាប់ឈើគ្រញូងក្នុងទឹកដីថៃត្រូវគេរាយការណ៍ឲ្យដឹងថា ពលរដ្ឋខ្មែរធ្វើដំណើរជាក្រុមៗយ៉ាងហោចណាស់១ក្រុម មានគ្នាចាប់ពី៥០នាក់ឡើងទៅផងដែរ ៕
ប្រភព៖ Heng Ly