ក្មេងប្រុសម្នាក់ បើកម៉ូតូសណ្ដោងរ៉ឺម៉ក រេចង្កូតធ្លាក់ប្រឡាយក្រឡាប់សង្កត់ពីលើ បណ្ដាលឲ្យស្លាប់អាណោចអាធ័ម

0
216

ខេត្តកណ្ដាលៈ ក្មេងប្រុសម្នាក់ បើកម៉ូតូសណ្ដោងរ៉ឺម៉ក រេចង្កូតធ្លាក់ប្រឡាយក្រឡាប់សង្កត់ពីលើ បណ្ដាលឲ្យស្លាប់អាណោចអាធ័ម ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១និង៣០នាទីព្រឹក ថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៩ ត្រង់ចំណុចមាត់ព្រែកមេស្រុក ស្ថិតក្នុងភូមិព្រែកអំបិល ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល ។

មន្រ្ដីនគរបាលចរាចរណ៍ស្រុកស្អាងបានឲ្យដឹងថា ក្មេងប្រុសរងគ្រោះឈ្មោះ ហ៊ីវ ហាវ អាយុ១៤ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស មានទីលំនៅភូមិព្រែកអំបិល ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល ។

ប្រភពដដែលបន្ដថា នៅមុនពេលកើតហេតុ សាក្សីបានឃើញក្មេងប្រុសរងគ្រោះខាងលើនេះ បានបើកម៉ូតូសណ្ដោងរ៉ឺម៉ក ដោយរួមដំណើរជាមួយក្មេងៗ៦នាក់ជិះ ពីលើរ៉ឺម៉កផងដែរ ។ លុះបើកមកដល់ចំណុចកើតហេតុ ក៏ស្រាប់តែរេចង្កូតធ្លាក់ម៉ូតូរ៉ឺម៉កចូលទៅក្នុងប្រឡាយ បណ្ដាលឲ្យម៉ូតូ និងរ៉ឺម៉កក្រឡាប់ផ្ងារជើងឡើងលើ សង្កត់ក្មេងប្រុសជាជនរងគ្រោះជាអ្នកបើកស្លាប់តែម្ដង ។ ចំពោះក្មេងៗ៦នាក់ទៀតពុំរងរបួសទេ ព្រោះលោតផ្លោះចេញពីរ៉ឺម៉កទាន់ពេល ។

ក្រោយពីមានហេតុការណ៍កើតឡើង នគរបាលចរាចរណ៍បានចុះទៅពិនិត្យកន្លែងកើតហេតុ រួចបញ្ជាក់ថា ក្មេងប្រុសរងគ្រោះពិតជាស្លាប់ដោយសារក្រឡាប់ម៉ូតូសណ្ដោងរ៉ឺម៉កប្រាកដមែន ។ ចំពោះករណីខាងលើនេះ គឺបណ្ដាលមកពីក្មេងប្រុសរងគ្រោះបើកបរមិនប្រយ័ត្ន បានជារេចង្កូតធ្លាក់ប្រឡាយស្លាប់យ៉ាងបែបនេះ ។ ចំណែកសាកសព បច្ចុប្បន្នត្រូវក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕

ប្រភព៖ FB

LEAVE A REPLY

Please enter your comment!
Please enter your name here