(បារាំង) រដ្ឋមន្ដ្រីកិច្ចការបរទេសអឺរ៉ុបរបស់ប្រទេស បារាំង បានឲ្យដឹងថា ការស្នើសុំណាមួយដោយចក្រភពអង់គ្លេសក្នុងការពន្យារពេលការចាកចេញពីសហភាពអឺរ៉ុប «នឹងមានតម្លៃគួរពិចារណា»។
ប៉ុន្តែលោកស្រី Nathalie Loiseau បានប្រាប់ក្រុមអ្នកកាសែតថា កិច្ចព្រមព្រៀង Brexit ដែលបានយល់ព្រមរវាងទីក្រុងឡុងដ៍ និងទីក្រុងប៊្រុចសែល ដែលត្រូវបានបដិសេធដោយសភាចក្រភពអង់គ្លេស មិនអាចត្រូវបានចរចាជាថ្មីនោះទេ។ លោកស្រីថ្លែងថា៖ «ប្រសិនបើរដ្ឋាភិបាលចក្រភពអង់គ្លេស ដែលគាំទ្រដោយសំឡេងភាគច្រើននៅក្នុងសភា ដែលនឹងបង្កើតការរីកចម្រើនពិតប្រាកដជាមួយនឹងគំនិតថ្មីអំពីអនាគតនៃទំនាក់ទំនងចក្រភពអង់គ្លេស និងអឺរ៉ុប ហើយស្នើសំពន្យារពេល វានឹងមានតម្លៃគួរពិចារណា»។
លោកស្រី Loiseau អនុរដ្ឋមន្ដ្រី រាយការណ៍ជូនលោក Jean-Yves Le Drian រដ្ឋមន្ដ្រីក្រសួងការបរទេសបានឲ្យដឹងថា៖ «ការពន្យារពេលមិនមែនជាដំណោះស្រាយនោះទេ»។
លោកស្រីបានប្រាប់សន្និសីទព័ត៌មានមួយ ក្នុងអំឡុងការប្រមូលផ្ដុំគ្នាតវ៉ារបស់យុវជនចំពោះលោកប្រធានាធិបតី អេម៉ានុយអែល ម៉ាក្រុង ថា៖ «ត្រូវតែមានកម្មវត្ថុនយោបាយថ្មី និងគួរឲ្យទុកចិត្ត»។
លោកស្រីបញ្ជាក់ថា៖ «នោះមានន័យថា រដ្ឋាភិបាលចក្រភពអង់គ្លេស ត្រូវតែស្នើសុំដំណោះស្រាយមួយដែល មិនបើកចំហជាថ្មីនូវកិច្ចព្រមព្រៀងចាកចេញនោះទេ»។ លោកស្រីបន្តថា៖ «យើងបានយល់ព្រមលើកិច្ចព្រមព្រៀងការចាកចេញនេះ ហើយវាមិនអាចត្រូវបានចរចាជាថ្មីនោះទេ»។
រដ្ឋសភារបស់ចក្រភពអង់គ្លេស កាលពីសប្ដាហ៍មុន បានបដិសេធកិច្ចព្រមព្រៀងការចាកចេញរបស់ EU ដែលបានចុះហត្ថលេខាដោយលោកស្រីនាយករដ្ឋមន្ដ្រី ថេរ៉េសា ម៉េ ជាមួយទីក្រុងប៊្រុចសែល ដែលទុកឲ្យចក្រភពអង់គ្លេសស្ថិតក្នុងភាពគ្មានផែនការ និងថ្ងៃ Brexit នឹងធ្វើឡើងនៅថ្ងៃទី ២៩ ខែមីនា។
លោកស្រី ម៉េ កំពុងនិយាយទៅកាន់សមាជិកសភាគណបក្សអភិរក្សរបស់លោកស្រី និងសម្ព័ន្ធមិត្តអៀរឡង់ ខាងជើងរបស់លោកស្រី ដើម្បីបង្កើតការផ្លាស់ប្តូរ ដែលអាចបញ្ចុះបញ្ចូលពួកគេ ឲ្យគាំទ្រកិច្ចព្រមព្រៀងនេះ មុនពេលចាប់ផ្ដើមការចរចាជាថ្មីជាមួយទីក្រុងប៊្រុចសែល។
សមាជិកសភាទាំងនេះភាគច្រើនមានការបារម្ភពីអ្វីដែលគេហៅថា ការគាំទ្រ ជាការរៀបចំមួយដែលនឹងរក្សាចក្រភពអង់គ្លេសស្ថិតក្នុងភាពស្របនឹងច្បាប់ពាណិជ្ជកម្មរបស់ EU ដោយគ្មានដែនកំណត់ និងជាមធ្យោបាយមួយក្នុងការបន្តការបើកចំហព្រំដែនជាមួយប្រទេស អៀរឡង់។
សុន្ទរកថារបស់លោកស្រី Loiseau បានធ្វើឡើងមួយថ្ងៃបន្ទាប់ពីលោក Philip Hammond រដ្ឋមន្ដ្រីក្រសួងហិរញ្ញវត្ថុរបស់ចក្រភពអង់គ្លេស បានឲ្យដឹងកាលពីថ្ងៃសុក្រថា លោកជឿជាក់ថា EU អាចសម្របសម្រួលលើកិច្ចព្រមព្រៀង Brexit នៅក្នុងមធ្យោបាយមួយថា នឹងបញ្ចុះបញ្ចូលក្រុមតំណាងរាស្ដ្រនៅទីក្រុងឡុងដ៍ ឲ្យគាំទ្រកិច្ចព្រមព្រៀងនេះ៕AFP/LA