អភិបាលរាជធានី បានអនុញ្ញាតឲ្យ អភិបាលក្រុងឡុងប៊ិច នៃរដ្ឋកាលីហ្វរញ៉ា សហរដ្ឋអាមេរិច ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

0
382

ក្នុងឪកាសដែលប្រតិភូនៃទីក្រុងឡុងប៊ិចមកបំពេញទស្សនៈ កិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា ចាប់ពី ថ្ងៃទី ២៦ រហូតដល់ថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៩ ។ ការជួបសម្តែងការគួរសមនិងពិភាក្សាការងារនេះ ត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី ២៨ ខែមករា ឆ្នាំ២០១៩ នេះ នារាជធានីភ្នំពេញ ។

ថ្លែងនៅក្នុងឪកាសនោះ ឯកឧត្តម ឃួង ស្រេង អភិបាលរាជាធានីភ្នំពេញ បានធ្វើសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះដំណើរទស្សនៈកិច្ចរបស់គណៈប្រតិភូទីក្រុងឡុងប៊ិច ដែលដឹកនាំដោយលោកបណ្ឌិត រ៉ូប៊ើត ហ្គាសៀ អភិបាលក្រុងឡុងប៊ិច ដែលបានអញ្ញើញមកទស្សនៈកិច្ចជាផ្លូវការនៅ ព្រះរាជាណាចក្រកម្ពុជា ក្នុងន័យរិតចំណងមិត្តភាព សាមគ្គីភាព កិច្ចសហប្រតិបត្តិការ និងការចុះអនុស្សារណៈស្តីពីការចងសម្ព័ន្ធមេត្រីភាព រវាងរដ្ឋបាលនៃប្រទេសទាំងពីរ ភ្នំពេញ-ឡុងប៊ិច អោយកាន់តែរឹងមាំ និងកាន់តែស៊ីជម្រៅ ។

ឯកឧត្តម ឃួង សេ្រង បានអោយដឹងទៀតថា ព្រះរាជាណាចក្រកម្ពុជា និងសហរដ្ឋអាមេរិច បានបង្កើតទំនាក់ទំនងការទូតទ្វេភាគីជាមួយគ្នាចាប់តាំងពីឆ្នាំ១៩៥០មកម្ល៉េះ រហូតមកដល់ពេលនេះ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរ មានអត្រាកំណើនគួរអោយកត់សម្គាល់ ក្នុងនោះទំហំពាណិជ្ជកម្មរវាងកម្ពុជា និងសហរដ្ឋអាមេរិក បានកើនឡើងពី ៣,១៧៣លានដុល្លាអាមេរិក ក្នុងឆ្នាំ២០១៦ រហូតជិត៤ពាន់លានដុល្លា នៅក្នុងឆ្នាំ២០១៨ និងមានការកើនឡើងជាបន្តបន្ទាប់ទៀត ។

ឯកឧត្តមអភិបាលរាជធានីភ្នំពេញបានអោយដឹងទៀតថា ក្នុងឪកាសចូលជួបសម្តែងការគួរសម និងពិភាក្សារបស់គណៈប្រិតភូទីក្រុងឡុងប៊ិច និងរដ្ឋបាលរាជធានីភ្នំពេញ នាពេលនេះ ភាគីទីក្រុងទាំងពីរ ក៏បានធ្វើាការចុះអនុស្សារណៈនៃការយោគយល់គ្នា ស្តីពីការចងសម្ព័ន្ធមេត្រីភាពរវាងទីក្រុងឡុងប៊ិច រដ្ឋកាលីហ្វរញ៉ា នៃសហរដ្ឋអាមេរិក និងរាជធានីភ្នំពេញ នៃព្រះរាជាណចក្រកម្ពុជា ក្នុងគោលបំណងបង្កើនទំនាក់ទំនងវប្បធម៍ និងការអបរំ ក៏ដូចជាវិស័យសេដ្ឋកិច្ច និងចំណងមិត្តភាព រវាងប្រជាជននៃទីក្រុងទាំងពីរ តាមរយៈលក្ខខណ្ឌ និងខ្លឹមសារដូចជា៖ ទី១ ទីក្រុងទាំងពីរបានត្រៀមខ្លួនរួវជាស្រេង ដើម្បីអនុវត្តការផ្លាស់ប្តូរសហប្រតិបត្តិការ ដោយផ្អែកលើមូលដ្ឋានសមភាព និងផលប្រយោជន៍ទាំងសងខាង ។

ទី២ រាជធានីភ្នំពេញ និងទីក្រុងឡុងប៊ិច និងសម្របសម្រួលអោយមានការផ្លាស់ប្តូរកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗ រួមមានសេដ្ឋកិច្ច ពាណិជ្ជកម្ម អប់រំ វប្បធម៍ កសិកម្ម ទេសចរណ៍ សុខាភិបាល និងធនធានមនុស្ស វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា ជំរុញអោយមានការអភិវឌ្ឍជារួម ដើម្បីចែករំលែកភាពរីកចំរើនរវាងគ្នានិងគ្នា ។ទី៣ រាជធានីភ្នំពេញ និងទីក្រុងឡុងប៊ិច និងឯកភាពសម្របសម្រួលអោយមានការផ្លាស់ប្តូរដំណើរទស្សនៈកិច្ចរបស់តំណាងទីក្រុងរបស់ខ្លួនទៅវិញទៅមក ។ ទី៤ រក្សាទំនាក់ទំនងជាប្រចាំ ដើម្បីរក្សាបាននូវសម្ព័ន្ធមេត្រីភាពរបស់ថ្នាក់ដឹកនាំ និងអង្គភាពពាក់ព័ន្ធរបស់ទីក្រុងទាំងពីរ ដើម្បីជំរុញអោយមានកិច្ចពិភាក្សាជាបន្តបន្ទាប់ លើបញ្ហាពាក់ព័ន្ធកិច្ចសហប្រតិបត្តិការការផ្លាស់ប្តូរទ្វេភាគី រួមទាំងបញ្ហាផ្សេងៗទៀត ដែលភាគីទាំងពីមានចំណាប់អារម្មណ៍ ។ ទី៥ អនុស្សរណៈនៃការយោគយល់គ្នានេះ គឺដើម្បីពង្រឹងនូវការផ្លាស់ប្តូរកិច្ចសហប្រតិបត្តិការទ្វេភាគី ដោយមិនមានកាតព្វកិច្ចច្បាប់ណាមួយឡើយ ។

ឯកឧត្តមសង្ឃឹមយ៉ាងជឿជាក់យ៉ាងមុតមាំថា បន្ទាប់ពីទីក្រុងទាំងពីរបាន   ក្លាយជាសម្ព័ន្ធមេត្រីភាពការចុះអនុស្សារណៈនៃការយោគយល់គ្នា ស្តីពីការចងសម្ព័ន្ធមេត្រីភាពនេះហើយ ទីក្រុងទាំងពីរនិងមានការផ្លាស់ប្តូរដំណើរទស្សនៈកិច្ចជាបន្តបន្ទាប់ ដើម្បីឈានទៅពង្រឹង និងពង្រីកទំនាក់ទំនងទ្វេភាគី និងបាននាំមកនូវកាលានុវត្តភាពថ្មីមួយ សម្រាប់ជាប្រយោជន៍លើប្រទេសជាតិ និងប្រជាជននៃទីក្រុងទាំងពីរ ក្នុងស្មារតីផ្តល់ការគាំទ្រ និងការជួយគ្នាទៅវិញទៅមក លើគ្រប់វិស័យនាពេលខាងមុខជាក់ជាមិនខាន ៕

LEAVE A REPLY

Please enter your comment!
Please enter your name here