ភ្នំពេញៈ បុរសម្នាក់ត្រូវឃាតកចាក់សម្លាប់ រួចប្លន់យកម៉ូតូ តៅបាត់នៅក្នុងផ្ទះសំណាក់ “ចន្ធូត្រជាក់ចិត្ត” ហេតុការណ៍នេះ បានបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងកាលនៅវេលាម៉ោង៧៖៣០នាទីយប់ ថ្ងៃអាទិត្យ ទី២៧ ខែមករា ឆ្នាំ២០១៩ នៅផ្ទះលេខ២១៥B នៅតាមបណ្ដោយផ្លូវ៣១MC ក្រុម៥ ភូមិឫស្សី២ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
តាមសម្តីប្អូនថ្លៃជនរងគ្រោះ បានប្រាប់ឲ្យភ្នាក់ងារ ខេមប៉ុស្តិ៍ ឲ្យដឹងថា បុរសរងគ្រោះដែលស្លាប់ចោលប្រពន្ធនិងកូន៣នាក់យ៉ាងអណោចអាធ័មនោះ ឈ្មោះ យ៉ាន់ ជឿន អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបររត់ម៉ូតូឌុប ស្នាក់នៅបន្ទប់ផ្ទះជួលម្ដុំស្ទឹងមានជ័យ ខណ្ឌមានជ័យ មានស្រុកកំណើតនៅឯ ភូមិព្រែកសំបួរ ឃុំអង្គរបុរី ស្រុកអង្គរបុរី ខេត្តតាកែវ។ ប្រភពដដែលបានបន្តទៀតថា សម្ភារៈដែលបាត់រួមមាន ម៉ូតូមួយគ្រឿង ព្រមទាំងចិញ្ចៀនមួយវង់ និងលុយក្នុងការបូបមួយចំនួនទៀត។
ប្អូនថ្លៃប្រុសជនរងគ្រោះ បានឲ្យដឹងទៀតថា ជនរងគ្រោះ គឺជាអ្នករត់ម៉ូតូឌុបនៅខេត្តតាកែវ ដោយយូរៗឡើងមកភ្នំពេញម្តងយកអីវ៉ាន់ដាក់ឲ្យម៉ូយ។ លុះដល់ថ្ងែកើតហេតុទាំងបងប្អូន និងប្រពន្ធកូន មិនឃើញជនរងគ្រោះចូលផ្ទះដូចសព្វដង ក្រោយមកក៏មានសមត្ថកិច្ច ខលមកប្រាប់ថា ជនរងគ្រោះខាងលើត្រូវបានគេចាក់សម្លាប់នៅក្នុងផ្ទះសំណាក់ “ចន្ធូ ត្រជាក់ចិត្ត”ស្លាប់បាត់ទៅហើយ។ ចំណែកឃាតកមិនស្គាល់អត្តសញ្ញាណនៅឡើយ បានចាក់សម្លាប់ជនរងគ្រោះ ហើយជិះម៉ូតូរបស់ជនរងគ្រោះចេញទៅបាត់។
ប្រភពព័ត៌មានពីម្ចាស់ផ្ទះសំណាក់បានឲ្យដឹងថា នៅវេលាម៉ោងជិត៥ល្ងាច ថ្ងៃកើតហេតុខាងលើ ជនរងគ្រោះ បានជិះម៉ូតូម៉ាក ហុងដា ឌ្រីមសង់ (Honda Dream) ស៊េរីឆ្នាំ២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1FL-9986 មួយគ្រឿង ឌុបគ្នា មកជួលបន្ទប់ស្នាក់នៅផ្ទះសំណាក់កើតហេតុខាងលើជាមួយបុរស(មិនស្គាល់អត្តសញ្ញាណម្នាក់ទៀត) មួយសន្ទុះក្រោយមកបុរស(មិនស្គាល់អត្តសញ្ញាណនោះ) បានចេញពីបន្ទប់ចុះមកក្រោមមុន ហើយម្ចាស់ផ្ទះសំណាក់ក៏បានសួរនាំដែរ តែបុរសនោះបានឆ្លើយថា ចេញទៅយកមិត្តស្រីមកគេងជាមួយគ្នា ហើយក៏ជិះចេញទៅបាត់តែម្ដង។
ប្រភពដដែលបានបន្តទៀតថា បន្ទាប់ពីទៅបាត់យូរពេកមកដល់ម៉ោង៧យប់ ថ្ងៃកើតហេតុខាងលើ ម្ចាស់ផ្ទះសំណាក់ក៏បានឡើងទៅមើល ក៏ប្រទះឃើញបុរសរងគ្រោះដេកស្លាប់ នៅក្នុងបង្គន់ បន្ទប់ជាន់ទី៣ ដោយមានស្នាមចាក់ជាច្រើនកាំបិត និងមានកាំបិតចិតបន្លែមួយ នៅក្បែរសពផងដែរ ទើបបង្កឲ្យមានការភ្ញាក់ផ្អើលឡើងតែម្ដង ហើយគាត់ក៏បានរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍នគរបាលស្ទឹងមានជ័យទី៣ អោយចុះមកពិនិត្យមើលកន្លែងកើតហេតុ។
ក្រោយកើតហេតុគេបានឃើញឧត្តមសេនីយ៍ត្រី សុង លី ស្នងការរងទទួលផែនព្រហ្មទណ្ឌ និងលោកវរសេនីយ៍ឯក ម៉េង វិមានតារា អធិការរងព្រហ្មទណ្ឌខណ្ឌមានជ័យ និងលោកអនុសេនីយ៍ឯក គង់ សុវង្ស អធិការរងខណ្ឌមានជ័យ និងលោកអនុសេនីយ៍ឯក កឹមកល្យាណ នាយផ្នែកព្រហ្មទណ្ឌខណ្ឌមានជ័យ និងលោកអនុសេនីយ៍ឯក ឯម ភារី នាយប៉ុស្តិ៍ស្ទឹងមានជ័យទី៣ និងកម្លាំងអាវុធហត្ថខណ្ឌមានជ័យ សហការជាមួយសមត្ថកិច្ចជំនាញផ្នែកកោសល្យវិច្ច័យ នៃស្នងការនគរបាលរាជធានីភ្នំពេញ បានចុះត្រួតពិនិត្យ និងធ្វើកោសល្យវិច័យផងដែរ។
យ៉ាងណាមិញតាមជំហានដំបូងសមត្ថកិច្ចបានបញ្ជាក់ប្រាប់ភ្នាក់ងារខេមប៉ុស្តិ៍ថា សង្ស័យជាករណីឃាតកម្មប្លន់សម្លាប់យកម៉ូតូ ចំពោះព័ត៌មានច្បាស់ការណ៍យ៉ាងណា សមត្ថកិច្ចសុំធ្វើការស្រាវជ្រាវសិន។ ចំណែកសាកសពសមត្ថកិច្ចប្រគល់ឲ្យទៅសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី។
ពាក់ព័ន្ធនិងការគ្រប់គ្រងផ្ទះសំណាក់នេះ កន្លងទៅក៏មានការរិះគន់យ៉ាងខ្លាំងទៅលើផ្ទះសំណាក់ ដែលមិនមានការគ្រប់គ្រលក្ខណៈសន្តិសុខអោយបានត្រឹមត្រូវ និងធ្វេសប្រហែស នៅមុនពេលចូលមកស្នាក់នៅ មិនសាកសួររកអត្តសញ្ញាណប័ណ្ណ ឬឈ្មោះអ្នកមកស្នាក់នៅ ហើយនៅពេលមនុស្សចេញពីបន្ទប់ បុគ្គលិកផ្ទះសំណាក់ មិនបានសួរនាំនិងពិនិត្យមើលឲ្យបានច្បាស់លាស់សិន មុននឹងអនុញ្ញតឲ្យចេញពីបន្ទប់ ចំណែកឯកាម៉េរាសុវត្ថិភាពត្រូវតែមានហើយ ព្រោះអាចថតសកម្មភាព ដែលគេចេញចូលស្នាក់នៅបន្ទប់ផ្ទះសំណាក់ បានផងដែរ៕
ប្រភព៖ FB