(សៀមរាប) កម្ពុជាកំពុងមានមហិច្ឆិតាពង្រីកទីផ្សារក្រពើទៅកាន់ប្រទេសចិនបន្ថែមទៀត ស្របពេលដែលទីផ្សារមួយនេះ ទទួលបានការគាំទ្រពីប្រទេសវៀតណាម ថៃ និងប្រទេសមួយចំនួនទៀត។
ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅក្នុងការចុះពិនិត្យកសិដ្ឋានចិញ្ចឹមក្រពើរបស់លោក ខូយ ឈីន ដែលមានទីតាំងនៅភូមិបុស្សក្រឡាញ់ សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប កាលពីថ្ងៃទី ២៧ខែមករា ឆ្នាំ២០១៩ ម្សិលមិញនេះ បានណែនាំឲ្យកសិដ្ឋានសហការជាមួយរដ្ឋបាលជលផលដើម្បីអនុវត្តការងារបច្ចេកទេសបន្ថែម ច្បាប់ ការងារសាយតេស្ត និងទីផ្សារធ្វើយ៉ាងណាជំរុញទីផ្សារក្រពើកម្ពុជាដែលមានសក្តារនុពលខាងសេដ្ឋកិច្ចឱ្យបានទូលំទូលាយ ពិសេសទីផ្សារចិន។
ឯកឧត្តម បន្តថា ម្យ៉ាងវិញទៀត គួរខិតខំប្រឹងប្រែងឱ្យអស់លទ្ធភាពទាំងការងារផលិតកម្ម និងកែច្នៃ ប្រសើរជាងនាំចេញកូន និងមេ-បាពូជ ដើម្បីបង្កើនតម្លៃបន្ថែម បង្កើតការងារជូនដល់ពលរដ្ឋនៅមូលដ្ឋាន ហើយគួរសិក្សាពីលទ្ធភាពចិញ្ចឹមបង្កងដើម្បីផ្គត់ផ្គង់ឱ្យទីផ្សារខេត្តសៀមរាប។
ទីផ្សារបច្ចុប្បន្នកូនក្រពើ ១ក្បាលថ្លៃ១៥-២០ដុល្លារ ចិញ្ចឹមបានអាយុ ៣ឆ្នាំតម្លៃ ៥-៦ដុល្លារ/kg ហើយជាបច្ចេកទេសក្រពើមានអាយុ ៣ឆ្នាំ ទើបស្បែករបស់វាមានគុណភាពល្អត្រូវតាមស្តង់ដារទីផ្សារនាំចេញ។
លោក ខូយ ឈីន ម្ចាស់កសិដ្ឋានចិញ្ចឹមក្រពើនៅខេត្តសៀមរាបបានឲ្យដឹងថា មកទល់បច្ចុប្បន្ន កសិដ្ឋានរបស់លោកបានដំណើរការមកជាង២០ឆ្នាំហើយ សព្វថ្ងៃកសិដ្ឋានមានមេ-បា ចំនួន១២០០ ក្បាល និងជំទង់ចំនួន ៣២០០ក្បាល ចិញ្ចឹមលើផ្ទៃដី ១៦០០០ម៉ែត្រការ៉េ ដោយបែងចែកជាអាងមេ-បា ពូជ កូន និងក្រពើជំទង់ ។
លោកបន្តបន្តថា ផ្សារកូនក្រពើគឺប្រទេសវៀតណាម និងថៃ ហើយបច្ចុប្បន្នកម្ពុជាបាននាំចេញកូនក្រពើប្រមាណ ៣២ម៉ឺនក្បាលក្នុង១ឆ្នាំ ដោយឡែកកសិដ្ឋាននេះអាចនាំចេញបាន ១-១,៥ ម៉ឺនក្បាល។ ជាមធ្យមក្នុង ១ឆ្នាំកសិដ្ឋានអាចរកបានចំណូលពី១៥-២០ ម៉ឺនដុល្លារ ៕ប្រភពpropertyarea