ឆក់បានសំរេចម្តងញ៉ាម ចេញឆក់ម្តងទៀតជាប់ខ្នោះទាំង២នាក់

0
228

ភ្នំពេញ៖ ជនសង្ស័យ២នាក់ បានចេញធ្វើសកម្មភាពឆក់ទ្រព្យសម្បត្តិប្រជាពលរដ្ឋសម្រេចម្តងញ៉ាម ស្រាប់តែឆក់ម្តងទៀត ត្រូវកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ឃាត់ខ្លួនយកមកសាកសួររហូតបញ្ចប់នីតិវិធី លុះនៅព្រឹកថ្ងៃសៅរ៍ ៦រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៩ បានបញ្ជូនខ្លួនពួកគេទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីទទួលទោសតាមច្បាប់ ។

លោកវរសេនីយ៍ឯក ប៊ុន សត្យា នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ការបញ្ជូនជនសង្ស័យទាំង២នាក់នេះ គឺពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោស (ឆក់ទូរស័ព្ទ) បន្ទាប់ពីកម្លាំងធ្វើការបង្ក្រាបនិងឃាត់ខ្លួនពួកគេបាន និងដកហូតទូរសព្ទ័ដៃម៉ាកសាំសុង១គ្រឿង ម៉ូតូម៉ាកហុងដាឃ្លីក និងម៉ាកស៊ុយហ្សុីយគីឡេត២គ្រឿង នៅចំណុចផ្ទះលេខ៤៣៧ ផ្លូវលំ ភូមិមានជ័យ១ ខណ្ឌមានជ័យ កាលពីល្ងាចថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩កន្លងទៅ ។

ជនសង្ស័យទាំង២នាក់ទី១;ឈ្មោះ សេង សុខលាង ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះជួលបន្ទប់លេខ៨ ផ្លូវបេតុង សង្កាត់ទួលសង្កែ២ ខណ្ឌឬស្សីកែវ និងទី២; ឈ្មោះ ផាន់ សារុន ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ២៩ ផ្លូវលំ ភូមិបឹងសាឡាង សង្កាត់បឹងសាឡាង ខណ្ឌទួលគោក ។

លោកវរសេនីយ៍ឯក ប៊ុន សត្យា បានបញ្ជាក់ថា បន្ទាប់ពីការដេញតាមង្ក្រាបឃាត់ខ្លួនជនសង្ស័យជាចោរឆក់កាបូប ក្នុងអំពើលួចមានស្ថានទម្ងន់ទោស ដើម្បីយកមកធ្វើការសាកសួរជាច្រើនម៉ោងទៅតាមជំនាញ ពួកគេបានឆ្លើយសារភាពថា កាលពីរសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩ បានធ្វើសកម្មភាពឆក់កាបូបស្ពាយបានសម្រេចពីជនរងគ្រោះជាស្ត្រីម្នាក់ នៅចំណុចខាងមុខផ្សារស៊ុបភើស្ទ័រ ផ្លូវទ្រុងមាន់ ស្ថិតក្នុងភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ។

លោកនាយការិយាល័យ បានបញ្ជាក់ទៀតថា ជនរងគ្រោះមានឈ្មោះ ស្រ៊ាន ទីណែត ភេទស្រី អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរមេផ្ទះ ស្នាក់នៅផ្ទះលេខ១៦E០ ផ្លូវលំ ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ បានបាត់បង់សម្ភារកាបូបស្ពាយ ចំនួន០១ ក្នុងនោះមានអត្តសញ្ញាណបណ្ណ័សញ្ជាតិខ្មែរឈ្មោះ ស្រ៊ាន ទីណែត ចំនួន០១, ប័ណ្ណបើកបររថយន្តឈ្មោះ ស្រ៊ាន ទីណែត ចំនួន០១, ទូរសព្ទ័ដៃម៉ាកសាំសុង ស៊ីមកាតលេខ ០៨៩ ២៧១ ០៧៩ និងលេខ ០៩៦ ៧៣២២ ៥៨៩ ជាមួយប្រាក់ដុល្លារ ចំនួន៨០០ដុល្លារអាមេរិក។

ដោយឡែកជនសង្ស័យបានឆ្លើយសារភាពទៀតថា ក្រៅពីឆក់កាបបូបបានសម្រេច១ករណីខាងលើ កាលពីយប់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨កន្លងទៅ ពួកគេបានធ្វើសកម្មភាព ឆក់កាបូបស្ពាយ ពណ៌ទឹកប៊ិច បានសម្រេចពីស្ត្រីម្នាក់ទៀត ដែលបានប្រព្រឹត្តនៅចំណុចខាងមុខផ្ទះលេខ៩០CE០ ផ្លូវលេខ២១៤ ក្នុងភូមិ២ ក្រុមទី៩ សង្កាត់បឹងព្រលិត ខណ្ឌ៧មករា ។ ដោយជនរងគ្រោះឈ្មោះ សុខ ឡេង ភេទស្រី អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ ស្នាក់នៅផ្ទះលេខ៩០CE០ ផ្លូវលេខ២១៤ ភូមិ២ ក្រុមទី៩ សង្កាត់បឹងព្រលិត ខណ្ឌ៧មករា ដែលបានបាត់បង់សម្ភារមានកាបូបស្ពាយ ពណ៌ទឹកប៊ិច ចំនួន០១, ប្រាក់ដុល្លារ និងប្រាក់រៀលប្រហែល ៥,០០០ដុល្លារអាមេរិក, ខ្សែកផ្លាកទិនទម្ងន់មួយជី, មានបន្តោងគុជចំនួន០១, ទូរសព្ទ័ដៃម៉ាក OPPO F5 ចំនួន០១គ្រឿង, អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ចំនួន០១សន្លឹក, លិខិតឆ្លងដែនមួយក្បាល និងសៀវភៅធនាគារ ចំនួន០៣ក្បាល ។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់ ត្រូវបានសមត្ថកិច្ចបញ្ជូនខ្លួនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីទទួលទោសតាមច្បាប់ នៅព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៩ ៕

ប្រភព៖ FB

LEAVE A REPLY

Please enter your comment!
Please enter your name here