តើផ្លូវគោក និង ផ្លូវថ្នល់ នៅកម្ពុជាចែកចេញជាប៉ុន្មានប្រភេទ ? តោះសូមទៅស្វែងយល់ទាំងអស់គ្នា

0
5335

យោងតាមសៀវភៅភូមិវិទ្យាថ្នាក់ទី ៩ ដែលបោះពុម្ពដោយក្រសួងអប់រំ យុវជន និង កីឡា ផ្លូវគោកនៅកម្ពុជាចែកចេញជា ២ ប្រភេទ គឺផ្លូវថ្នល់ និង ផ្លូវដែក ។ បន្ថែមលើពីនេះមន្ត្រីជាន់ខ្ពស់ នៅក្រសួងសាធារណការ និង ដឹកជញ្ជូន ក៏បញ្ជាក់ថា ផ្លូវគោកនៅកម្ពុជា បានចែងក្នុងច្បាប់គឺ មានតែ ២ ប្រភេទពិតមែន គឺផ្លូវថ្នល់ និង ផ្លូវដែក ។

ដោយឡែកតាម​ច្បាប់​ស្តីពី​ផ្លូវថ្នល់ នៃ​ព្រះ​រាជក្រម ធ្វើនៅ​រាជធានី​ភ្នំពេញ ថ្ងៃទី​ ៤ ខែ​ឧសភា ឆ្នាំ​ ២០១៤ បាន​ឲ្យដឹង​ថា ផ្លូវ​ថ្នល់ សំដៅ​ដល់​ទំហំ​ផ្លូវ​ទាំងមូល​រួមមាន តួផ្លូវ ទ្រូងផ្លូវ ជាយផ្លូវ ឬ​ចិញ្ចើមផ្លូវ ស្ពាន ស្ពាន​អាកាស ស្ពាន​រំលង ផ្លូវ​រូង និង​កំពង់​ចម្លង​តភ្ជាប់​ផ្លូវ​ថ្នល់ ។ ផ្លូវថ្នល់នៅកម្ពុជាបែងចែកជា ៦ ប្រភេទដូចខាងក្រោម ៖

១. ផ្លូវ​ល្បឿនលឿន

សំដៅ​ដល់ផ្លូវ​សម្រាប់​យានយន្ត​ធ្វើចរាចរណ៍ មាន​បរិក្ខារ​ចែកទ្រូង​ផ្លូវ​ជាពីរ​ចំណែក​ខុសទិស​គ្នា ឬចែក​ជាគន្លងផ្លូវ គ្មាន​កន្លែង​ផ្លូវ​ប្រសព្វ​លើផ្ទៃរាបមួយ ឬត្រូវមាន​ផ្លូវ​ប្រសព្វ​តិច​បំផុត​ក្នុង​ករណី​ចាំបាច់ និង​បំពាក់​គ្រប់គ្រាន់​នូវ​បរិក្ខារផ្លូវ​ថ្នល់ ដើម្បី​ធានា​លំហូរ​ចរាចរណ៍​អត់ឈប់ សុវត្ថិភាព និង​ដើម្បី​បន្ថយ​ពេលវេលា​ធ្វើ​ដំណើរ និង​មាន​កន្លែង​កំណត់ សម្រាប់​ឲ្យយានយន្ត​ចេញ និង​ចូល​ផ្លូវ​ល្បឿនលឿន ។

២.ផ្លូវជាតិ

សំដៅ​ដល់​ផ្លូវ​ដែល​មាន​ចរាចរណ៍​ច្រើន និង​មាន​លក្ខណៈ​សម្គាល់​ដូច​ខាង​ក្រោម​នេះ៖

ក. ផ្លូវ​ភ្ជាប់​ចេញ​ពី​រាជធានី​ភ្នំពេញ ឆ្ពោះ​ទៅ​កាន់​ក្រុង​នៃ​ខេត្ត​នីមួយៗ នៅ​ទូទាំង​ប្រទេស ។

ខ. ផ្លូវ​ភ្ជាប់​ចេញពី​ក្រុង​នៃ​ខេត្ត​មួយ ឆ្ពោះ​ទៅ​កាន់​ក្រុង​នៃ​ខេត្ត​មួយទៀត ។

គ. ផ្លូវ​ភ្ជាប់​ចេញពី​ផ្លូវ​ជាតិ ឆ្ពោះ​ទៅកាន់​ផ្លូវជាតិ ។

ឃ. ផ្លូវ​បែកចេញ​ពី​ផ្លូវជាតិ ឆ្ពោះ​ទៅកាន់​ក្រុង​នៃ​ខេត្ត​មួយ ។

ង. ផ្លូវ​បែក​ចេញ​ពីផ្លូវជាតិ ឬ​ផ្លូវ​ភ្ជាប់​ចេញពី​ក្រុង​នៃខេត្ត​មួយ​ឆ្ពោះ​ទៅកាន់​តំបន់​សំខាន់ៗ ដូចជា​កំពង់ផែ ស្ថានីយ​រថភ្លើង អាកាសយានដ្ឋាន តំបន់​សេដ្ឋកិច្ច​ពិសេស រមណីយដ្ឋាន​ទេសចរណ៍ ច្រកទ្វារ​ព្រំដែន តំបន់​មាន​សក្តានុពល​សេដ្ឋកិច្ច​សំខាន់ៗ​ផ្សេង​ទៀត ។

ច. ផ្លូវ​សំខាន់ៗ​របស់​ជាតិ មាន​ចរាចរណ៍​ច្រើន​ដែល​កំណត់​ដោយ​រាជ​រដ្ឋាភិបាល​តាម​សំណើ​របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ។

៣. ផ្លូវ​ខេត្ត

ក. ផ្លូវ​ភ្ជាប់​ចេញពី​ក្រុង​នៃ​ខេត្ត​មួយ ឆ្ពោះ​ទៅកាន់​ទីរួម​ស្រុក ខណ្ឌ ។

ខ. ផ្លូវ​បែក​ចេញពី​ផ្លូវ​ជាតិ ឆ្ពោះ​ទៅ​កាន់​ផ្លូវ​ខេត្ត ។

គ. ផ្លូវ​បែក​ចេញពី​ផ្លូវ​ខេត្ត ឬ​ផ្លូវ​ក្រុង ឆ្ពោះ​ទៅកាន់​ទីរួម​ស្រុក​ខណ្ឌ ។

ឃ. ផ្លូវ​ភ្ជាប់​ចេញពី​ក្រុង​នៃ​ខេត្ត​មួយ ឆ្ពោះ​ទៅកាន់​ផ្លូវ​ខេត្ត ។

ង. ផ្លូវ​បែក​ចេញពី​ផ្លូវ​ខេត្ត ឆ្ពោះ​ទៅកាន់​ផ្លូវ​ខេត្ត ។

ច. ផ្លូវ​បែក​ចេញពី​ផ្លូវ​ខេត្ត ឬ​ផ្លូវ​ក្រុង ឬ​ផ្លូវ​ទី​ប្រជុំជន​នានា​ក្នុង​ខេត្ត​ទៅ​កាន់​តំបន់​សំខាន់ៗ​ដូចជា កំពង់ផែ ស្ថានីយ​រថភ្លើង អាកាសយានដ្ឋាន តំបន់​សេដ្ឋកិច្ច​ពិសេស រមណីយដ្ឋាន​ទេសចរណ៍ ច្រកទ្វារ​ព្រំដែន​ទ្វេភាគី តំ​បន់​មាន​សក្តានុពល​សេដ្ឋកិច្ច​មធ្យម​ផ្សេងទៀត ។

៤. ផ្លូវ​ជនបទ

សំដៅ​ដល់៖

ក. ផ្លូវ​ដែល​ភ្ជាប់ពី​ផ្លូវ​ជាតិ ផ្លូវ​ខេត្ត ឆ្ពោះ​ទៅកាន់​ក្រុង ទីរួម​ស្រុក ខណ្ឌ ទីប្រជុំជន​ឃុំ​សង្កាត់ និង​ទៅ​ភូមិ ។

ខ. ផ្លូវ​ដែល​ភ្ជាប់​ពី​ក្រុង​ទីរួម​ស្រុក ខណ្ឌ ឆ្ពោះ​ទៅកាន់​ក្រុង ទីរួម​ស្រុក ខណ្ឌ ។

គ. ផ្លូវ​ដែល​ភ្ជាប់ពី​ក្រុង ទីរួម​ស្រុក ខណ្ឌ ទៅទី​ប្រជុំជន ឃុំ​សង្កាត់ ។

ឃ. ផ្លូវដែល​ភ្ជាប់ពី​ទី​ប្រជុំជន​ឃុំ​សង្កាត់ ទៅ​ទី​ប្រជុំជន​ឃុំ​សង្កាត់ ។

ង. ផ្លូវ​ដែល​ភ្ជាប់​ពី​ទីប្រជុំជន ឃុំ​សង្កាត់​ទៅភូមិ។

ច. ផ្លូវ​ដែល​ភ្ជាប់​ពីភូមិ​ទៅ​ភូមិ។

ឆ. ផ្លូវ​ក្នុង​ភូមិ។

៥. ផ្លូវ​រាជធានី ផ្លូវ​ក្រុង និង​ផ្លូវ​ទីប្រជុំជន​នានា​ក្នុង​ខេត្ត

ផ្លូវនេះ សំដៅ​ដល់​ផ្លូវ​ថ្នល់​ដែល​ស្ថិតនៅ​ក្នុង​បរិវេណ​ភូមិសាស្រ្ត​រដ្ឋបាល​រាជធានី-ខេត្ត ដោយ​រួមមាន​ទ្រូង​ផ្លូវ ចិញ្ចើម​ផ្លូវ និង ​ផ្លូវ​ថ្មើរជើង ។

៦. ប្រភេទ​ផ្លូវផ្សេងៗ​ទៀត ដែល​កំណត់​ដោយ​រាជរដ្ឋាភិបាល ៕

ដក់ស្រង់ពីប្រជាប្រិយ កែសម្រួលដោយ NCNDaily

LEAVE A REPLY

Please enter your comment!
Please enter your name here