(ភ្នំពេញ) តារាចម្រៀង ខេមរៈ ស្រីពៅ ប្អូនតារាចម្រៀង ខេមរៈ សិរីមន្ត បានទទួលមរណភាព ប៉ុន្មានម៉ោងមុននេះ នៅមន្ទីរពេទ្យប្រទេសឥណ្ឌា ហើយសពនឹងត្រៀមបញ្ចូនមកប្រទេសកម្ពុជា ដើម្បីធ្វើបុណ្យនៅពេលខាងមុខនេះ នេះបើយោងតាមក្រុមគ្រួសាររបស់លោក ខេមរៈ សិរីមន្ត ថ្លែងប្រាប់បណ្តាយព័ត៌មាន នៅរសៀលថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩។
ក្រុមគ្រួសាររបស់លោក ខេមរៈ សិរីមន្ត បានបញ្ជាក់ថា តាមការពិត ខេមរៈ ស្រីពៅ មានជំងឺសួត និងក្រលៀនធ្ងន់ធ្ងរ យូរណាស់មកហើយ ប៉ុន្តែក្រុមគ្រួសារ មិនសូវជាចាប់អារម្មណ៍ប៉ុន្មាននោះទេ ពោលគឺទើបតែរយៈពេល២ខែនេះ នាងមានអាការៈធ្ងន់ធ្ងរ ទើបក្រុមគ្រួសារ សម្រេចបញ្ជូនទៅព្យាបាលនៅប្រទេសឥណ្ឌា ប៉ុន្តែជាអកុសលក្រុមគ្រូពេទ្យ មិនអាចជួយសង្គ្រោះជីវិតរបស់នាងបានឡើយ។
ប្រភពដដែលបន្តទៀតថា នៅពេលនេះសពរបស់តារាចម្រៀង ខេមរៈ ស្រីពៅ កំពុងតែរៀបចំដឹកមកធ្វើបុណ្យ តាមប្រពៃណីនៅប្រទេសកំណើតរបស់ខ្លួន ប៉ុន្តែនៅមិនទាន់ដឹងថា នឹងមកដល់នៅពេលណានោះទេ។ ដំណឹងនេះ ពិតជាដំណឹងដ៏សោកសៅ និងក្ដុកក្ដួលជាទីបំផុតសម្រាប់ក្រុមគ្រួសារ តារាចម្រៀង ខេមរៈ សិរីមន្ត ក៏ដូចជាអ្នកសិល្បៈទូទាំងប្រទេស ដែលបានបាត់បង់ អ្នកសិល្បៈម្នាក់ ប្រកបដោយសមត្ថភាពខ្ពស់៕ប្រភពFreshnews