ភ្នំពេញ៖ កាលពីព្រលប់ថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩ថៅកែមជ្ឈមណ្ឌល កែសម្ផស្ស ឌែម៉ូគ្លីនិក អ្នកស្រី ហូវ ដាណេ និងស្ត្រីឈ្មោះ ពៅ ស៊ីណាត ជាអ្នកគ្រូពេទ្យជំនាញ ខាងដេរប្រដាប់ភេទ ត្រូវបានដោះលែង ចេញពីពន្ធនាគារ ហើយ។
ប្រភពព័ត៌មានច្បាស់ការណ៍ បញ្ជាក់ថា លោក ម៉ុង មុនីសោភា ចៅក្រមស៊ើបសួរសាលាដំបូង រាជធានីភ្នំពេញ បានដោះលែង ថៅកែហាងកែសម្ផស្ស ឌែម៉ូ គ្លីនិក និងគ្រូពេទ្យម្នាក់ ឱ្យនៅក្រៅឃុំ បណ្តោះអាសន្ន ។ ទោះបីយ៉ាងណា ពេលនេះ ពុំទាន់អាចទំនាក់ទំនងលោក អ៊ី រិន្ទ អ្នកនាំពាក្យ សាលាដំបូង រាជធានីភ្នំពេញ បាននៅឡើយទេ ដោយលោកបញ្ជាក់ថា សាកសួរព័ត៌មាននេះសិន ។
គួរបញ្ជាក់ថា ឈ្មោះ ហូវ ដាណេ និង គ្រូពេទ្យឈ្មោះ ពៅ ស៊ីណាត ត្រូវតុលាការចោទប្រកាន់ ចំនួន៣បទល្មើស គឺ បទគំរាមហែកកេរ្តិ៍ បទកំហែងយក និងបទប៉ះពាល់សិទ្ធិខាងរូបភាព នៃបុគ្គល ។
គួររំលឹកថា កាលពីថ្ងៃទី២ ខែមករា ឆ្នាំ២០១៩ លោកស្រី ហូវ ដាណា ត្រូវបានកម្លាំង កងរាជអាវុធហត្ថឃាត់ខ្លួន ។ អ្នកស្រី ហូវ ដាណេ បានរងនូវបណ្តឹង របស់អតិថិជនខ្លួនចោទប្រកាន់ថា «អ្នកស្រី បានគំរាមទារប្រាក់ រាប់ម៉ឺនដុល្លារអាមេរិក» ក្រោមរូបភាព បង្ហោះរូបអតិថិជន ទៅដេរប្រដាប់ភេទ លើបណ្តាញសង្គមហ្វេសប៊ុក បើសិនជាគ្មានប្រាក់ ជាថ្នូនោះទេ៕
ប្រភព៖ Heng Ly