ខេត្តកណ្តាលៈ កាលពីព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩ លោក សាយ សម្ភស្សនសេរី ជាចៅក្រមជំនុំជំរះ សាលាដំបូងខេត្តកណ្តាល និងលោក ងួន វុទ្ធី ជាចៅក្រមស៊ើបសួរ និងអ្នកស្រី ពេជ្រ មារ៉ែន ជាចៅក្រមស៊ើបសួរ និងលោក សេង រិទ្ធី ជាតំណាងអយ្យការ។ បានបើកសវនាការប្រកាសសាលក្រមផ្តន្ទាទោស ក្មេងស្ទាវចំនួន៤នាក់ ករណីសំណុំរឿងក្រុមក្មេងស្ទាវបង្កអសន្តិសុខ នៅតាមដងផ្លូវជិះម៉ូតូដេញវាយយុវជនម្នាក់ស្លាប់ នៅរង្វង់មូលក្រុងតាខ្មៅ។
ក្រោយបញ្ចប់សវនាការលោក សាយ សម្ភស្សនសេរី ជាប្រធានក្រុមប្រឹក្សាជំនុំជម្រះសាលាដំបូងខេត្តកណ្តាល បានសម្រេចផ្តន្ទាទោសជនជាប់ចោទឈ្មោះ លាស់ ខរី ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរឥស្លាម មានទីលំនៅភូមិព្រែកតាពៅ១ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល ដាក់ពន្ធនាគារ៧ឆ្នាំ និងឈ្មោះ ស្លេះ រុំម៉ាលី ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរឥស្លាម ទីលំនៅភូមិព្រែកតាពៅ១ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរកម្មកររោងចក្រ និងឈ្មោះ អាលី មីហ្សាន ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរឥស្លាម មានទីលំនៅភូមិព្រែកតាពៅ១ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរកម្មកររោងចក្រ និងឈ្មោះ ម៉ាត់ ស្មាអ៊ែល ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរឥស្លាម មានទីលំនៅភូមិព្រែកតាពៅ១ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរមិនពិតប្រាកដ ដាក់ពន្ធនាគារក្នុងម្នាក់៣ឆ្នាំ ៦ខែ។
ជនជាប់ចោទទាំងបួននាក់ ត្រូវសងសំណងទៅលើជនរងគ្រោះ២៥លានរៀល។ ជនរងគ្រោះឈ្មោះ ប៉ែន រិទ្ធារាជ្យ ភេទប្រុស អាយុ១៨ឆ្នាំ មានទីលំនៅភូមិដើមគរ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល។ មុខរបរសិស្ស (រងរបួសបាក់ធ្មេញ១ និងរយះបបូរមាត់)។ ដោយសារជនរងគ្រោះរបួសគ្រាំក្នុងធ្ងន់ធ្ងរពេក ទើបមិនអាចសង្គ្រោះបានក៏ដាច់ខ្យល់ស្លាប់តែម្តង។
សូមរំលឹកថា នៅល្ងាចថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៨ លោក អ៊ី សុវណ្ណ ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាល បានសម្រេចចេញដីកាឃុំខ្លួនក្រុមក្មេងស្ទាវ បង្កអសន្តិសុខ នៅតាមដងផ្លូវជិះម៉ូតូដេញវាយយុវជនម្នាក់ស្លាប់ នៅរង្វង់មូលក្រុងតាខ្មៅ ក្រោមបទចោទ «ហិង្សាមានស្ថានទម្ងន់ទោសដោយសារមរណភាពជនរងគ្រោះ» ដែលប្រព្រឹត្តនៅចំណុចរង្វង់មូលតាខ្មៅ ភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៨ តាមមាត្រា២២៤ នៃក្រមព្រហ្មទណ្ឌ។
លោកអធិការបញ្ជាក់ថា នៅមុនពេលកើតហេតុ ក្រុមជនសង្ស័យកំពុងតែអង្គុយលេងលើម៉ូតូ នៅចំណុចអ្នកតាថៃជឺមាត់ទន្លេ ស្រាប់តែជនរងគ្រោះបានជិះម៉ូតូមកគប់ក្រុមជនសង្ស័យ ធ្វើឲ្យពួកគេខឹងក៏បានជិះម៉ូតូដេញតាម ដល់កន្លែងកើតហេតុខាងលើ ស្រាប់តែជនសង្ស័យជិះម៉ូតូបុកម៉ូតូជនរងគ្រោះពីក្រោយធ្វើឲ្យម៉ូតូទាំងពីរជ្រុលចង្កូតទៅបុកខឿនលោក តាម៉ៅ ដួលបោកទាំងសងខាង។ បន្ទាប់មក ជនសង្ស័យក៏ស្ទុះទៅទាត់ធាក់ជនរងគ្រោះបន្ថែមទៀតបណ្តាលឲ្យរងរបួសបាក់ធ្មេញ និងរយះបបូរមាត់ ហើយត្រូវបានក្រុមគ្រួសារ ដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត តែដោយសារជនរងគ្រោះរបួសគ្រាំក្នុងធ្ងន់ធ្ងរពេក ទើបមិនអាចសង្គ្រោះបានក៏ដាច់ខ្យល់ស្លាប់តែម្តង។
ក្រោយពេលជនរងគ្រោះស្លាប់ និងក្រោយទទួលពាក្យបណ្ដឹងពីក្រុមគ្រួសារសពផង សមត្ថកិច្ចបានបើកការស្រាវជ្រាវ និងឈានទៅដល់ការឃាត់ខ្លួនជនសង្ស័យទាំង៤នាក់ ហើយបញ្ជូនទៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីធ្វើការសាកសួរបន្ថែមក៏ដូចជា កសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ៕
ប្រភព៖ FB