អ្នកនាំពាក្យក្រសួងការពារជាតិលោក ឈុំ សុជាតិ បានថ្លែងអោយដឹងថា ពេលដែលកម្ពុជាមានប្រព័ន្ធផ្កាយរណបផ្ទាល់ខ្លួន នឹងជួយសម្រួលដល់ការងារបានច្រើន នៅក្នុងវិស័យការពារប្រទេស ពិសេសការគ្រប់គ្រងបានល្អលើផ្នែកសន្តិសុខជាតិ សណ្ដាប់ធ្នាប់ ការគ្រប់គ្រងបានល្អនូវសន្តិសុខតាមបណ្តាព្រំដែនជាមួយប្រទេសជិតខាង ។លោក ឈុំ សុជាតិ បានបន្ថែមថា បច្ចុប្បន្ននេះ បើសិនត្រូវការតាមដានសន្តិសុខសង្គម ឫក៏បញ្ហាព្រំដែន គឺតម្រូវទិញទិន្នន័យពីផ្កាយរណបបរទេស ដូច្នេះរាល់ការសម្ងាត់ខ្លះៗរបស់យើង ពិបាកក្នុងការលាក់បាំងពីម្ចាស់ប្រព័ន្ធផ្កាយរណបរបស់គេណាស់ ហើយការជួលនោះក៏មានតម្លៃខ្ពស់ថែមទៀត ។
ការលើកឡើងអំពីប្រព័ន្ធផ្កាយរណបបែបនេះ គឺខាងក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប របស់អ្នកឧកញ៉ា គិត ម៉េង និងក្រុមហ៊ុនមួយរបស់ប្រទេសចិន ក្រោមការសម្របសម្រួលដោយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ គ្រោងនឹងបង្ហោះប្រព័ន្ធផ្កាយរណបនៅក្នុងឆ្នាំ២០២១ ខាងមុខនេះ ។លោក អ៊ឹម វុត្ថា អ្នកនាំពាក្យនៃនិយ័តករទូរគមនាគមន៍កម្ពុជា បានអោយដឹងថា គម្រោងបាញ់បង្ហោះផ្កាយរណបដំបូងគេបង្អោះនៅកម្ពុជានេះ គឺកំពុងស្ថិតក្នុងដំណាក់ការសិក្សានៅឡើយ ដើម្បីចង់ដឹងអំពីតម្រូវការប្រព័ន្ធផ្កាយរណប និងទំហំនៃប្រតិបត្តិការ ។
ទំហំវិនិយោគនៃការបាញ់បង្ហោះផ្កាយរណបផ្ទាល់ខ្លួនរបស់ម្ពុជានេះដែរ អាចមានទឹកប្រាក់ប្រមាណជា១៥០លានដុល្លារសហរដ្ឋអាមេរិក ជាមួយនឹងការវិនិយោគរួមគ្នារវាងក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប និងរាជរដ្ឋាភិបាលកម្ពុជា ។ពាក់ព៏ន្ធនឹងការវិនិយោគរវាងក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប ជាមួយក្រុមហ៊ុនចិនមួយផ្សេងទៀតនោះ ភ្នាក់ងារអង្រុតព័ត៌មានយើងមិនទាន់សុំការបញ្ជាក់បន្ថែមបាននៅឡើយទេ នៅរសៀលថ្ងៃទី១៨ តុលា នេះ ។
គួរជម្រាបផងដែរថា កន្លងមកនេះ ប្រទេសចិនបានបាញបង្ហោះផ្កាយរណបគមនាគមន៍មួយរបស់ឡាវចេញពីទីតាំងបាញ់បង្ហោះផ្កាយរណបនៅស៊ីចាង ខេត្តស៊ីឈួន ។ ពីមុនឡាវ ជួលបណ្តាផ្កាយរណបរបស់ប្រទេសដទៃ ។ ពេលនេះឡាវមានផ្កាយរណបផ្ទាល់ខ្លួន ។ផ្កាយរណប LAO SAT-1 ជាផ្កាយរណបដំបូងគេដែលចិនបញ្ជូនទៅប្រទេសអាស៊ានមួយ ហើយវាក៏ជាផ្កាយរណបគមនាគមន៍ដំបូងរបស់ឡាវដែរ ។ ផ្កាយរណបនោះនឹងផ្តល់សេវាកម្មផ្សាយទូរទស្សន៍ ព្រមទាំងគមនាគមន៍អន្តរជាតិ ៕ប្រភព៖ angrut