អាជ្ញាធរខណ្ឌទួលគោក ចាត់វិធានការ រៀបចំសណ្តាប់ធ្នាប់ និងផ្សព្វផ្សាយ ណែនាំដល់ម្ចាស់អាជីវកម្ម តាមចិញ្ចើមផ្លូវទាំងអស់ ដើម្បីលើកកម្ពស់សោភ័ណភាពទីក្រុង

0
428

(ភ្នំពេញ) ដើម្បីរៀបចំសណ្តាប់ធ្នាប់សាធារណៈ តាមដងផ្លូវ និងប្រើប្រាស់ចិញ្ចើមផ្លូវ ទាំងអស់ក្នុង រាជធានីភ្នំពេញ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ក្នុងន័យដោះស្រាយបញ្ហាការកកស្ទះចរាចរណ៍ លើក កម្ពស់សោភ័ណភាពទីក្រុង និងធ្វើឲ្យប្រសើរឡើងនូវការប្រើប្រាស់ចិញ្ចើមផ្លូវនោះ នៅព្រឹកថ្ងៃទី ២៤ ខែមករា ឆ្នាំ២០១៩នេះ លោក ចាន់ បណ្ឌិត អភិបាលរងខណ្ឌទួលគោក បានដឹកនាំកងកម្លាំងចម្រុះ ចុះធ្វើការរៀបចំសណ្តាប់ធ្នាប់ និងផ្សព្វផ្សាយ ណែនាំដល់ម្ចាស់អាជីវកម្មនានា នៅតាមផ្លូវកម្ពុជាក្រោម ម្តុំសាលាសន្ធរម៉ុក ។

លោក ចាន់ បណ្ឌិត  បានថ្លែងប្រាប់អ្នកកាសែតក្នុងពេលចុះរៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវកម្ពុជា ឲ្យដឹងថា យោងតាមបទបញ្ជារបស់លោកអភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងលោកអភិបាល ខណ្ឌទួល គោក ក្រុមការងារបានចុះរៀបចំសណ្តាប់ធ្នាប់ទាំង១០សង្កាត់ក្នុងខណ្ឌទួលគោក ក្នុងគោលបំណងចុះ ផ្សព្វផ្សាយសេចក្តីណែនាំ ក៏ដូចជាអនុក្រឹត្យរបស់រាជរដ្ឋាភិបាល និងសេចក្តីណែនាំរបស់រដ្ឋបាល រាជធានី ភ្នំពេញ្ ក្នុងការកំណត់ចិញ្ចើមផ្លូវសាធារណៈ សម្រាប់ជាប្រយោជន៍ដល់បងប្អូនទូទៅ ក៏ដូចជា សោភ័ណ ភាពក្នុងរាជធានីភ្នំពេញក្នុងពេលបច្ចុប្បន្នផងដែរ។

លោកបានបន្តថា ក្នុងថ្ងៃនេះ ក្រុមការងារបានចុះមកផ្សព្វផ្សាយមានចំនួន៣សង្កាត់ គឺសង្កាត់ទឹកល្អក់១ សង្កាត់ផ្សារដេប៉ូ៣ និងសង្កាត់ផ្សារដេប៉ូ២ ។ នៅសង្កាត់ទឹកល្អក់១ ដូចដែលបងប្អូនបានដឹងហើយ ដោយមានគោលការណ៍ដាក់ចេញជាអាទិភាពក្នុងការរៀបចំតម្រាយផ្លូវ១១ខ្សែរបស់រដ្ឋបាលរាជធានីភ្នំពេញ ដោយអាជ្ញាធរខណ្ឌបានចុះអនុវត្តជាប្រចាំ ក្នុងរយៈកាលកន្លងមក ឃើញមានភាពល្អប្រសើរច្រើន ដោយមានការចូលរួមពីបងប្អូនប្រជាពលរដ្ឋ ប៉ុន្តែដោយឡែកនៅមានបងប្អូនប្រជាពលរដ្ឋខ្លះនៅតែគឃ្លើន មិនសហការ ក្នុងការចូលរួមរៀបចំសណ្តាប់ធ្នាប់សាធារណៈឲ្យមានលក្ខណៈល្អប្រសើរនោះទេ គឺពួកគាត់នៅតែបន្តចតរថយន្ត ម៉ូតូ និងបន្តដាក់តាំងលក់របស់របរនៅលើចិញ្ចើមផ្លូវដដែល ហេតុដូច្នេះហើយទើបនៅថ្ងៃនេះ យើងបានចុះផ្សព្វផ្សាយលើកចុងក្រោយ ។ លោកបានបញ្ជាក់ថា “រដ្ឋបាលខណ្ឌទួលគោកគឺបានកំណត់ឲ្យពួកគាត់ក្នុងរយៈពេលមួយសប្តាហ៍ក្នុងការថយនៅលើចិញ្ចើមផ្លូវសាធារណៈ គឺកំណត់ត្រឹមមួយភាគបី នៃចិញ្ចើមផ្លូវ “។

លោកបានបន្ថែមថា ដោយឡែកចំពោះរថយន្តធុនធំចូលក្រុងភ្នំពេញ ក្នុងរយៈពេលកន្លងមក អាជ្ញាធរខណ្ឌទួលគោក បានអនុវត្តន៍ជាប្រចាំ ដោយជាក់ស្តែងក្នុងរយៈពេលមួយខែចុងក្រោយនេះ បានឃាត់រថយន្តធុនធំចំនួនជាង២០គ្រឿង ហើយបានបញ្ជូនទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ហើយនឹងបន្តចាប់រថយន្តធុនធំទៀត ប្រសិនបើមានរថយន្តធុនធំធ្វើដំណើរឆ្លងកាត់ ក្នុងខណ្ឌនោះ។

យោងតាមសេចក្តីណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ ស្តីពីការរៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវ និងការប្រើប្រាស់ចិញ្ចើមផ្លូវសាធារណៈទាំងអស់ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ គឺទុករយៈពេលមួយខែ គិតចាប់ពីកាលបរិច្ឆេទចេញសេចក្តីណែនាំជូនបងប្អូនប្រជាពលរដ្ឋ ម្ចាស់លំនៅដ្ឋាន ម្ចាស់អាជីវកម្ម និងអ្នកប្រើប្រាស់ផ្លូវថ្នល់ទាំងអស់ ដើម្បីធ្វើការកែសម្រួល និងរៀបចំទីតាំងរបស់ខ្លួន ឲ្យបានត្រឹមត្រូវស្របតាមខ្លឹមសារណែនាំ ប៉ុន្តែក្នុងករណីបងប្អូនប្រជាពលរដ្ឋ និងម្ចាស់អាជីវកម្មដ្ឋាន ម្ចាស់ការដ្ឋាន មិនចូលរួមអនុវត្តន៍តាមខ្លឹមសារនៃសេចក្តីណែនាំ គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌទាំង១២ និងមន្ទីរ អង្គភាពជំនាញពាក់ព័ន្ធ ត្រូវចាត់វិធានការរដ្ឋបាល គឺបិទអាជីវកម្ម ផ្អាកការដ្ឋាន ដកហូតសម្ភារ រុះរើសំណង់ ។ល។ ក្នុងករណីចាំបាច់ត្រូវចាត់វិធានការច្បាប់ជាធរមាន៕

LEAVE A REPLY

Please enter your comment!
Please enter your name here