បាត់ដំបង ៖ ករណីផ្ទុះមីនមួយគ្រាប់មួយគ្រាប់ទៀតបណ្តាលឲ្យមន្រ្តីយោធាម្នាក់របួសជើងធ្ងន់ធ្ងរ ហេតុការណ៍នេះកើតឡើង កាលពីវេលាម៉ោង១១ និង១៥យប់ថ្ងៃទី២៣ មករា ត្រង់ចំណុចខាងមុខប៉ុស្ដិ៍សារិកា ជិតព្រំដែនខ្មែរ-ថៃ ស្ថិតក្នុងភូមិពាមតា ឃុំតាតោក ស្រុកសំឡូត ។
ជនរងគ្រោះឈ្មោះសាយ ពៅ អាយុ៤៥ឆ្នាំ ជាមន្ត្រីយោធាផ្នែកសឹករងស្រុកសំឡូត ដែលរស់នៅភូមិ-ឃុំកើតហេតុខាងលើ។
បើតាមសមត្ថកិច្ចថា មន្ត្រីយោធារូបនេះបានដើរជាន់មីនស្គរដែលកប់ក្នុងដីសេសសល់ពីសម័យសង្គ្រាម បណ្ដាលឲ្យផ្ទុះរបួសកែងជើងខាងឆ្វេង ហើយអាចឈានដល់កាត់ជើងម្ខាងតែម្ដង ។
ជុំវិញករណីមន្ត្រីយោធាដើរជាន់មីននេះ មានប្រភពអះអាងផ្ទុយគ្នា ។ ប្រភពខ្លះអះអាងថា មន្ត្រីរូបនេះបានដើរជាន់មីនពេលកំពុងដើល្បាតពេលយប់។ ប្រភពខ្លះទៀតអះអាងថា មន្ត្រីរូបនោះ ទំនងដើឆ្លុះសត្វពេលយប់ ទើបដើជាន់មីនក្នុងព្រៃបែបនេះ។
ពីព្រោះជាធម្មតា គេមិនដែលឃើញកម្លាំងប្រដាប់អាវុធចេញល្បាតពេលយប់ ក្នុងព្រៃតាមតំបន់ព្រំដែនណាស់ ។ ទោះយ៉ាងណានេះ គ្រាន់តែជាការអះអាងមិនទាន់ច្បាស់ការតែប៉ុណ្ណោះ ខណ:សមត្ថកិច្ចកំពុងស្រាវជ្រាវលើករណីនេះនៅឡើយ ៕
ប្រភព៖ Heng Ly