ឯកឧត្តម អ៊ាង សុផល្លែត ៖ ផ្តល់យុទ្ធសាស្ត្រ ដើម្បីគាំពារបរិស្ថានអោយកាន់តែប្រសើរឡើងក្នុងរាជធានីភ្នំពេញ

0
241

(ភ្នំពេញ) មន្ទីរបរិស្ថានរាជធានីភ្នំពេញ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១២ កើត ខែបុស្ស ឆ្នាំច សំរិទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩ ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំត្រួតពិនិត្យ និងការកំណត់ទិសដៅការងារមន្ទីរបរិស្ថានរាជធានីភ្នំពេញ ។

បន្ទាប់ពី លោក គាត រង្សី ប្រធានមន្ទីរបរិស្ថានរាជធានីភ្នំពេញបានរាយការណ៍ពីស្ថានភាពមន្រ្តីរាជការបំរើការងារក្នុងមន្ទីរបរិស្ថាន និង ភារកិច្ចស្នូលរបស់មន្ទីរក្នុងកិច្ចគាំពារបរិស្ថាន ការត្រួតពិនិត្យការបំពុល កិច្ចការងារវាយតម្លៃហេតុប៉ះពាល់បរិស្ថាន ការងារអធិការកិច្ច ការគ្រប់គ្រងសំណល់រឹង-រាវ ស្ថានភាពបរិស្ថានក្នុងខណ្ឌទាំង១២ និងការងារអប់រំផ្សព្វផ្សាយបរិស្ថានរួចមក ជាកិច្ចឆ្លើយតបឯកឧត្តម អ៊ាង សុផល្លែត បានវាយតម្លៃខ្ពស់ និង កោតសរសើរដល់របស់មន្រ្តីបរិស្ថានរាជធានីភ្នំពេញទាំងអស់ ដែលមានចំនួនតិចតែបានខិតខំប្រឹងប្រែងគ្រប់គ្រងការងារបរិស្ថានទូទាំងរាជធានីចំនួន១២ខណ្ឌស្មើនឹង៩៦សង្កាត់ ។

ឯកឧត្តម បានបន្តថា ដើម្បីបង្កើនប្រសិទ្ធភាពក្នុងកិច្ចគាំពារបរិស្ថានអោយកាន់តែប្រសើរឡើង ឯកឧត្តមបានណែនាំការងារជាយុទ្ធសាស្ត្រគន្លឹះដល់មន្ទីររាជធានីភ្នំពេញ១.រៀបចំនូវរបាយការណ៍បច្ចុប្បន្នភាព ស្ថានភាពបរិស្ថានរាជធានីភ្នំពេញ ដើម្បីប្រមូលនូវធាតុចូលអោយបានគ្រប់ជ្រុងជ្រោយនូវ បញ្ហាប្រឈម និង សក្តានុពលនៅតាមតំបន់ទុកដាក់សំណល់រឹង-រាវ ដើម្បីរួមគ្នាកែលម្អរស្ថានភាពបរិស្ថាន និងសោភ័ណភាពតំបន់ទាំងនោះអោយក្លាយជាទីមនោរម្យប្រកបដោយបរិស្ថានអនាម័យ សម្រាប់ប្រជាពលរដ្ឋយើង។២.បន្តការងារអប់រំផ្សព្វផ្សាយចំណេះដឹងបរិស្ថានអោយកាន់តែទូលំទូលាយ និង ប្រសិទ្ធភាពជាងមុន ដល់សាលាទាំងអស់ ទូទាំងខណ្ឌក្នុងរាជធានីភ្នំពេញ។ ៣.បន្តពង្រឹងនូវទំនាក់ទំនងផ្ទៃក្នុង សាមគ្គីគ្នា និងរៀបចំការងារជាប្រពន្ធ័ ទាំងកិច្ចការរដ្ឋបាល និងការបំពេញភារកិច្ចស្នូលរបស់មន្ទីរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here