ខេត្តបន្ទាយមានជ័យ ៖ សង្ឃក្លែងក្លាយ៣អង្គត្រូវបានព្រះអនុគុណក្រុងប៉ោយប៉ែត និងមន្ត្រីសង្ឃសាលាអនុគុណ និងមន្ត្រីធម្មការ និងសាសនាក្រុងហៅសួរនាំព្រោះពុំមានប័ណ្ណសម្គាល់សង្ឃក្នុងពិធីរាប់បាតព្រះសង្ឃ៤១៦អង្គ នៅបូរីសានស៊ានហូ ក្នុងភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩ ។
សង្ឃទាំង៣អង្គខាងលើទី១-ឈ្មោះ ចៅ ដាវី អាយុ៣៥ឆ្នាំ អះអាងថា មកពីវត្តកោះកែវមុន្នីឧត្តម ក្នុងស្រុកបាកាន ខេត្តពោធិសាត់, ទី២-ឈ្មោះ ភារម្យ អាយុ២០ឆ្នាំ និងទី៣-ឈ្មោះ ឌី រតនា អាយុ២៥ឆ្នាំ ដោយសង្ឃ២អង្គចុងក្រោយអះអាងថា មកពីវត្តមួយក្នុងស្រុកកំរៀង ខេត្តបាត់ដំបង ។
សង្ឃសង្ស័យខាងលើពេលនេះកំពុងត្រូវបានសាកសួរនៅការិយាល័យធម្មការ និងសាសនាក្រុងប៉ោយប៉ែតដែលមានទីតាំងនៅវត្តឃស្ថារាម ហៅវត្តស្រះត្រាច ក្នុងភូមិក្បាលស្ពាន1 សង្កាត់-ក្រុងប៉ោយប៉ែត ។
ក្រោយសាកសួរសង្ឃ២អង្គឈ្មោះ ភារម្យ និង ឌី រតនា ជាសង្ឃក្លែងក្លាយសូម្បីតែឆាយ៉ាសង្ឃក៏ក្លែងត្រាផងដែរ ដោយឡែកសង្ឃឈ្មោះ ចៅ ដាវី ពេលនេះមន្ត្រីសង្ឃ និងមន្ត្រីធម្មការប្រាប់ថា មិនទាន់ចោទប្រកាន់បានទេ ព្រោះមានសង្ឃមួយអង្គ និងញោមរបស់លោកអះអាងតាមទូរស័ព្ទថា ជាសង្ឃត្រឹមត្រូវហើយក៏កំពុងធ្វើដំណើរមកកន្លែងកើតហេតុដើម្បីធានាផងដែរ ។
យ៉ាងណាក៏ដោយមន្ត្រីសង្ឃខាងលើមានសង្ឃដិកាថា បានទាក់ទងសាកសួរទៅចៅអធិការវត្តកោះកែវមុន្នីឧត្តមដោយឆ្លើយតបថា សង្ឃឈ្មោះ ចៅ ដាវី មិនមែនជាសង្ឃក្នុងវត្តកោះកែវមុន្នីឧត្តមទេគ្រាន់តែទៅសុំគង់នៅស្នាក់បណ្តោះអាសន្ន៣យប់នាពេលកន្លងមកតែប៉ុណ្ណោះ ។
ក្រោយចាប់ផ្សឹកអន្ទិតក្លែងក្លាយទាំង២ប្រាប់សមត្ថកិច្ចថា ពួកគេទទួលឆាយ៉ាសង្ឃក្លែងក្លាយតាមរយៈបុរសម្នាក់មិនស្គាល់ឈ្មោះហើយស្លៀកពាក់ស្បង់ចីវរដើរបិណ្ឌបាតរកប្រាក់តែម្តង ៕