សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមកិច្ចប្រជុំវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក លើកទី២៧ នៅទីក្រុងសៀមរាប

0
323

នៅព្រឹកថ្ងៃអង្គារ ១០កើត ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូទៅចូលរួមពិធីបើកកិច្ចប្រជុំប្រចាំឆ្នាំនៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក លើកទី២៧ Asian Pacific Parliamentary Forum (APPF-27) ដែលធ្វើឡើងនៅសណ្ឋាគារសុខា ខេត្តសៀមរាប។

កិច្ចប្រជុំឆ្នាំនេះ គឺកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះចាប់ពីថ្ងៃទី១៤ -១៧ ខែមករា ឆ្នាំ២០១៩ ក្រោមប្រធានបទ «ពង្រឹងភាពជាដៃគូសភាដើម្បីសន្តិភាព សន្តិសុខ និងកាអភិវឌ្ឍប្រកបដោយចីរភាព»។ វេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក ជាបណ្តុំស្ថាប័ននីតិប្បញ្ញត្តិមួយដែលបង្កើតឡើងក្នុងគោលបំណងជំរុញសុខសន្តិភាព និងការអភិវឌ្ឍដោយចីរភាព។

វេទិកា APPF បានបង្កើតនៅឆ្នាំ១៩៩៣ នៅក្នុងប្រទេសជប៉ុន ដែលបច្ចុប្បន្នមានសមាជិកចំនួន ២៧ប្រទេសដែលផ្តល់ឱកាសដល់សមាជិកសភា នៃតំបន់អាស៊ី-ប៉ាស៊ីហ្វិក ដើម្បីពិនិត្យការវិវត្តថ្មីៗខាងផ្នែកនយោបាយ សង្គម និង វប្បធម៌ ដែលកើតចេញពីសមាហរណកម្ម និងកំណើនសេដ្ឋកិច្ច។

នៅថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី សប្បាយរីករាយក្រៃលែង ដែលបានអញ្ជើញចូលរួមបើកកិច្ចប្រជុំវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក (APPF) លើកទី២៧។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ស្វាគមន៍ចំពោះគណៈប្រតិភូ សមាជិក សមាជិការ ភ្ញៀវជាតិ និងអន្តរជាតិទាំងអស់ដែលបានញ្ជើញមកចូលរួមក្នុងកិច្ចប្រជុំប្រចាំឆ្នាំ APPF ដែលបានធ្វើឡើងទីក្រុងសៀមរាបដែលជាតំបន់ប្រវត្តិសាស្ត្ររបស់កម្ពុជា។ សម្តេចតេជោមានមោទនភាពដែលកម្ពុជាបានធ្វើជាម្ចាស់ផ្ទះជាលើកដំបូងនៃវិទិកា APPF-27 ដើម្បីរួមគ្នាពិភាក្សាអំពីស្ថានភាពនយោបាយ សង្គមសេដ្ឋកិច្ច បញ្ហាប្រឈមជាសកល សំដៅធ្វើឲ្យកាន់តែប្រសើរឡើងនូវទំនាក់ទងអន្តរជាតិ ជាពិសេសកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ច វប្បធម៌ក្នុងតំបន់ ដើម្បីសម្រេចបានសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព។ វេទិកានេះគឺមានសារៈសំខាន់ណាស់ទាំងសម្រាប់ប្រទេសកម្ពុជា និងពិភពលោក ដើម្បីពង្រឹងមិត្តភាព និងកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ឋជាមួយបណ្តាប្រទេសតំបន់ អាស៊ី-ប៉ាស៊ីហ្វិក។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ជម្រាបជូនដល់គណប្រតិភូជាន់ខ្ពស់ ភ្ញៀងជាតិ និងអន្តរជាតិទាំងអស់ថា ប្រវត្តិកម្ពុជាកាលពី ៤០ឆ្នាំមុន គឺទឹកដីដ៏កម្សត់មួយនេះពោរពេញទៅដោយសង្រ្គាមនិងវាលពិឃាត។ ប៉ុន្តែក្នុងរយៈពេល ៤០ ឆ្នាំកន្លងមកនេះ កម្ពុជាទទួលបានសុខសន្តិភាព និងស្ថេរភាពសង្គម ដែលកាលពីពេលថ្មីកន្លងទៅនេះ កម្ពុជាបានប្រារព្ឋពិធីអបអរសាទររំលឹកខួប ៤០ឆ្នាំនៃថ្ងៃជ័យជម្នះ ថ្ងៃ ៧មករា (១៩៧៩-២០១៩) ដែលបានរំដោះប្រជាពលរដ្ឋកម្ពុជាឲ្យរួចផុតពីសេចក្តីស្លាប់។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថាបន្ទាប់ពីកម្ពុជាមានសុខសន្តិភាពពេញលេខក្នុរយៈពេល ២០ឆ្នាំ ក្រោមនយោបាយ ឈ្នះ ឈ្នះ បានធ្វើឲ្យសេដ្ឋកិច្ចកម្ពុជាមានការរីកលូតលាស់ជាបន្តបន្ទាប់។ ទន្ទឹមនឹងនេះដែរ សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា ក្នុងរយៈពេលជិត២ទសវត្សរ៍ចុងក្រោយនេះ កម្ពុជាបានក្លាយជាប្រទេសដែលមានកំណើនសេដ្ឋកិច្ចខ្ពស់ និងលឿងបំផុតលំដាប់ទី៦នៅលើពិភពលោក ដោយសម្រេចបាននូវកំណើនសេដ្ឋកិច្ចអត្រា ៧% ក្នុងមួយឆ្នាំ តាមរយៈការីកចម្រើនឥតឈប់ឈរយ៉ាងលឿងលើវិស័យរួមមាន ឧស្សាហកម្ម សំណង កសិកម្ម សេវាកម្ម ទេសចរណ៍ អចលនទ្រព្យ គមនាគមន៍ និងការដឹកជញ្ជូន។ រចនាសម្ព័នសេដ្ឋកិច្ចប្រទេសកម្ពុជាកំពុងផ្លាស់ប្តូពីប្រទេសដែលពឹងផ្អែកលើវិស័យកសិកម្មទៅជាប្រទេសពឹកផ្នែកលើវិស័យឧស្សាហកម្ម និងសេវាកម្ម។ ចំពោះអត្រានៃភាពក្រីក្រក៏បានធ្លាក់ចុះប្រមាណ ៥៣.២% នៅឆ្នាំ២០០៤ មកនៅត្រឹមតែ ១៣.៥% នៅឆ្នាំ២០១៤ និងរំពឹងថានឹងថយចុះនៅសល់ត្រឹមតែ ១០%នាពេលបច្ចុប្បន្ននេះ។ កត្តាទាំងនេះ បានធ្វើឲ្យកម្ពុជាកាន់មានមហិច្ឆតាខិតខំប្រឹងប្រែងបន្តទៀត ដើម្បីកា្លយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងក្លាយជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០។ ទាំងអស់នេះ បានមកដោយសារតែកម្ពុជាមានសុខសន្តិភាព ដែលបានផ្តល់ឱកាសឲ្យកម្ពុជាមានការអភិវឌ្ឍ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានផ្តល់អនុសាសន៍ ៥ចំណុចសំខាន់ៗចូលរួមនៅក្នុងវេទិការសភាអាស៊ី-ប៉ាស៊ីហ្វិកៈ

១) ត្រូវរួមគ្នាយកចិត្តទុកដាក់លើតួនាទីរបស់អង្គការសហប្រជាជាតិ តួនាទីអាស៊ាន តួនាទីអង្គការមិនមែនរដ្ឋាភិបាល និងវិស័យឯកជន ជាពិសេស គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ការប្រែប្រួលអាកាសធាតុ គ្រោះមហន្តរាយធម្មជាតិ សន្តិសុខស្បៀង និងការកាត់បន្ថយភាពក្រីក្រដែលបានដាក់ចេញដោយអង្គការសហប្រជាជាតិ។

២) ត្រូវរួមគ្នាលើកកម្ពស់ការគោរពសិទ្ធិ និងសេចក្តីថ្លៃថ្នូររបស់មនុស្ស ដូចបានចែងនៅក្នុងច្បាប់រដ្ឋធម្មនុញ្ញ និងគោលការណ៍របស់អង្គការសហប្រជាតិ ជាពិសេស មិនជ្រៀតជ្រែកការងារផ្ទៃក្នុងរបស់ប្រទេសណាមួយ ឬបង្កើតសកម្មភាពខុសច្បាប់ផ្សេងៗ ដែលបង្កអស្ថេរភាព ឬភាពវឹកវរក្នុងតំបន់ និងពិភពលោក។

៣) ត្រូវរួមគ្នាដោះស្រាយជំលោះដែលកើតឡើងតាមរយៈការចរចារ ដោយសន្តិវិធី ឈរលើកគោការណ៍ច្បាប់អន្តរជាតិ ឬតាមរយៈនយោបាយ ឈ្នះ ឈ្នះ ដែលធ្វើឲ្យភាគីជំលោះទាំងសង្ខាងទទួលយកបានដោយសុខសន្តិភាព។

៤) ត្រូវរួមគ្នាទប់ស្កាត់ និងបង្ក្រាបឲ្យបានទាន់ពេលវេលា និងឲ្យមានប្រសិទ្ធភាពនូវអំពើរភេវរកម្ម និងឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ប្រភេទ ការជួញដូរគ្រឿងញៀន ការជួញដូរវត្ថុបុរាណ បទល្មើសបច្ចេកវិទ្យា ទូរគមនាគមន៍ ជំងឺឆ្លងគ្រប់ប្រភេទ ការជួញដូរស្ត្រី និងកុមារ។

៥) ត្រូវរួមគ្នាលើកតម្កើងវប្បធម៌ តាមរយៈការផ្លាស់ប្តូរបទពិសោធន៍ រវាងប្រទេសនៅក្នុងតំបន់ ពង្រឹងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ឋជាមួយបណ្តាប្រទេសតំបន់ អាស៊ី-ប៉ាស៊ីហ្វិក ដើម្បីថែរក្សាសន្តិភាពឲ្យបានគង់វង្សនៅក្នុងតំបន់ និងពិភពលោកឈានឆ្ពោះទៅរកការអភិវឌ្ឍប្រកបដោយចីរភាព។

មុននឹងបញ្ចប់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានជូនពរ សម្តេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ភ្ញៀវជាតិ និងអន្តរជាតិទាំងអស់ ទទួលបានសេចក្តីសុខចម្រើន និងចងចាំនូវអនុស្សាវរីយ៍ល្អៗក្នុងការស្នាក់នៅទីក្រុងសៀមរាបតំបន់អច្ឆរិយៈនៃព្រះរាជាណាចក្រកម្ពុជា។

កម្មវិធីនៅល្ងាចនេះ សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីអបអរសាទរនៃការប្រកាសបើកក្រុមប្រឹក្សាវប្បធម៍អាស៊ី (Asian Culture Council-ACC) ជាផ្លូវការនៅទីលានជល់ដំរី នៃខេត្តសៀមរាប៕

LEAVE A REPLY

Please enter your comment!
Please enter your name here