កណ្ដាល៖ ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងកាលពីវេលាម៉ោង៥ល្ងាចកាលពី ថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩ ស្ថិតនៅភូមិបឹង ឃុំរកា ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។
ស្ត្រីរងគ្រោះឈ្មោះ ឈុន ទូ អាយុ៥៦ឆ្នាំ មុខរបរ មេផ្ទះ មានស្រុកកំណើតស្ថិតនៅឃុំស្រៃអំបិល ស្រុកបុទុមសាគរ ខេត្តកោះកុង។ បច្ចុប្បន្នស្នាក់នៅភូមិបឹង ឃុំរកា ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។ សម្ភារៈដែលបាត់បង់រួមមាន ៖ លុយដុល្លារចំនួន ៣០០០០ដុល្លារ, លុយខ្មែរចំនួន២លានរៀល, ខ្សែកមាស ២តម្លឹង, ចិញ្ចៀនមាស ៥ជី, ខ្សែដៃមាស ៥ជី។
មុនពេលកើតហេតុ ប្ដីរបស់គាត់បានត្រឡប់មកពីធ្វើការវិញ ស្រាប់តែអត់ឃើញប្រពន្ធរបស់គាត់ ភ្លាមៗនោះគាត់បានហៅពីរទៅបីដងតែអត់តបវិញសោះ ហើយទ្វារផ្ទះបើកចំហទៀត។ គាត់(ប្ដី) ក៏មិនចាំអារម្មណ៍ដែរ ហើយគាត់បានចូលទៅក្នុងផ្ទះ ដើម្បីទុកសម្ភារៈមួយចំនួន រួចក៏ដើរចេញមកវិញ ដើម្បីទៅកាត់សក់ តែពេលទៅដល់ផ្ទះជាង ជាងថារវល់ ភ្លាមៗនោះគាត់បានធ្វើដំណើរត្រឡប់មកផ្ទះវិញ គាត់បានស្រែកហៅប្រពន្ធម្ដងទៀត តែនៅតែមិនឃើញ ក៏បានដើររកជុំវិញផ្ទះនៅតែអត់ឃើញ ហើយទ្វារផ្ទះនៅតែចំហដដែល។
មួយសន្ទុះក្រោយមកគាត់បានដើរចូលទៅក្នុងផ្ទះ ហើយបើកទ្វារបន្ទប់ដើរចូល ស្រាប់តែឃើញប្រពន្ធរបស់គាត់បានដេកស្លាប់នៅពីមុខទូលុយយ៉ាងអាណោចអាធ័ម ភ្លាមៗនោះគាត់បានស្រែកឆោឡោឲ្យអ្នកជិតខាងជួយប្រពន្ធគាត់ផង ព្រោះប្រពន្ធរបស់គាត់បានបាត់បង់បាត់ទៅហើយ ចំណែកឯទូដាក់លុយ និងគ្រឿងអលង្ការមួយចំនួន ត្រូវបានបាត់បង់គ្មានសល់ឡើយ ។ ជនសង្ស័យសមត្ថកិច្ចកំពុងតែធ្វើការស្រាវជ្រាវនិងតាមចាប់ខ្លួនយកមកផ្ដន្ទាទោសទៅតាមផ្លូវច្បាប់៕