(ភ្នំពេញ) នៅកិច្ចប្រជុំរដ្ឋបាលរាជធានី ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ កាលពីថ្ងៃ៣ ខែមករា ឆ្នាំ២០១៩ បានថ្លែងអះអាងថា សម្រាប់ប្រព័ន្ធលូប្រឡាយនាពេលបច្ចុប្បន្ននេះឃើញថា ការរំដោះទឹកមានលក្ខណៈល្អប្រសើរហើយ ដោយពីមុនស្ទះទឹក២ថ្ងៃទើបហូរអស់ តែពេលនេះ មិនដល់មួយម៉ោងផង ទឹកបានហូរអស់ពីលើផ្លូវទៅហើយ។ តែទោះបីជាយ៉ាងណាក្តី ឯកឧត្តមថាការងារនេះគឺត្រូវតែបន្តធ្វើទៀត។ ការថ្លែងនេះ នៅក្នុងកិច្ចប្រជុំស្ដីពីការត្រួតពិនិត្យលទ្ធផលការងារគម្រោងជួសជុលប្រព័ន្ធលូក្នុងខណ្ឌទាំង៤កណ្តាលក្រុង ក្នុងឆ្នាំ២០១៨ និងផែនការឆ្នាំ២០១៩ កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០១៩ នៅសាលារាជធានីភ្នំពេញ។
ឯកឧត្តម ឃួង ស្រេង បានបញ្ជាក់ថា សម្រាប់ឆ្នាំ២០១៩នេះ អភិបាលខណ្ឌ មន្ទីរជំនាញ ត្រូវសម្រុកជួសជុលផ្លូវ ស្តារលូ ស្តារប្រឡាយទាំងអស់ឱ្យបានល្អក្នុងរដូវប្រាំងនេះ ដោយមានរយៈពេលត្រឹមតែ៣ខែប៉ុណ្ណោះ។
ឯកឧត្តមបន្តថា ក្រៅពីនេះ អាជ្ញាធរខណ្ឌត្រូវចុះណែនាំអប់រំ ប្រជាពលរដ្ឋ ពិសេសអ្នកលក់អាហារហូបចុក ធ្វើយ៉ាងណាកុំឱ្យពួកគាត់បោះកាកសំណល់ចូលទៅក្នុងអណ្តូងលូ។ ឯកឧត្តមព្រមានថា៖ «បើពួកគាត់មិនស្តាប់ ត្រូវធ្វើកំណត់ហេតុ ជាលើកទី១ ជាមួយនឹងវិធានការផ្លូវច្បាប់របស់អន្តរក្រសួង តែបើពួកគាត់នៅតែមិនអនុវត្តតាមទៀត យើងសម្រេចបិទអាជីវកម្មលក់ដូរអាហារហូបចុកពួកគាត់តែម្តង»។
សូមបញ្ជាក់ផងដែរថា ជំនន់ទឹកភ្លៀងក្នុងរាជធានីភ្នំពេញ កាលពីពេលកន្លងមក«ចំពោះការងារនេះ រដ្ឋបាលរាជធានីភ្នំពេញ បានជំរុញឱ្យធ្វើច្រើនលើកច្រើនសាររួចមកហើយ តែហាក់មិនមានសកម្មភាពសោះ ដូច្នេះបើនៅតែមិនធ្វើ នៅឆ្នាំ២០១៩នេះ ទុកឱ្យរដ្ឋបាលរាជធានីភ្នំពេញជាអ្នកធ្វើម្តង»៕