ពីមួយឆ្នាំទៅមួយឆ្នាំ ចំណូលដែលបានមកពីការលក់សំបុត្រ ចូលទស្សនាប្រាសាទអង្គរ មានការកើ់នឡើងជាលំដាប់ ។ នៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់គ្រឹះស្ថានអង្គរ ដែលចេញផ្សាយកាលពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៩នេះ បានឱ្យដឹងថា ចំណូលដែលទទួលបាន ពីការលក់ប័ណ្ណ ចូលទស្សនារមណីយដ្ឋានអង្គររយៈពេល១២ ខែ ក្នុងឆ្នាំ២០១៨ មានចំនួនសរុប ១១៦,៦៤៦,៦៨៥ ដុល្លារគឺមានការកើនឡើងជាង៨ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៧។
នៅក្នុងសេចក្ដីប្រកាសព័ត៌មានដដែលនោះ បានដឹងទៀតថា ភ្ញៀវទេសចរបរទេស ដែលបាន ទិញសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ កាលពីឆ្នាំ២០១៨ សរុបមានចំនួន ២,៥៩០,៨១៥ នាក់ គឺមានការកើនឡើងជាង៥ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ហើយរយៈពេល១២ខែឆ្នាំ២០១៨កន្លងទៅ រដ្ឋាភិបាលបានដកប្រាក់ពីចំណូលលក់ប័ណ្ណចូលទស្សនារមណីយដ្ឋានអង្គរ ទៅឧបត្ថម្ភមូលនិធិគន្ធបុប្ផា សរុបមានចំនួន៥,១៨១,៦៣០លានដុល្លារ ។
គួរញ្ជាក់ផងដែរថា កាលពីឆ្នាំ២០១៧កន្លងមក ចំណូល ដែលបានមកពីការលក់សំបុត្រចូលទស្សនាតំបន់អង្គរ ទទួលបានជាង ១០៧លានដុល្លារ ៕