(ភ្នំពេញ) រដ្ឋបាលរាជធានី និងអាជ្ញាធរនៅតាមបណ្ដាខណ្ឌនីម័យៗ ដើម្បីដោះស្រាយបញ្ហាសំរាម ដែលបាននិងកំពុងគចោលនៅតាមដងផ្លូវនានា និងមុខផ្ទះរបស់ប្រជាពលរដ្ឋដោយសារកម្មករក្រុមហ៊ុន ស៊ិនទ្រី ផ្ទុះការតវ៉ាសុំតម្លើងប្រាក់ខែ ហើយឈប់ចុះប្រមូលសំរាមនោះ ដូននេះអាជ្ញាធរនៅតាមបណ្តាខណ្ឌ សង្កាត់ បានបើកយុទ្ធនាការប្រមូលសំរាមជាបណ្ដោះអាសន្ន ទម្រាំការការដោះស្រាយជូនពួកគាត់ ។
គិតត្រឹមព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៨នេះ គេសង្កេតឃើញសំរាមនៅតាមដងផ្លូវ តាមទីសាធារណៈនានា និងជាពិសេសមុខផ្ទះប្រជាពលរដ្ឋនោះ ក្លាយជាគំនរដោយសារបងប្អូនកម្មករ ក្រុមហ៊ុនប្រមូលសំរាម ស៊ិនទ្រី បានផ្អាកការងារចុះទៅប្រមូលសំរាម ដោយសារតែពួកគេតវ៉ាសុំឲ្យក្រុមហ៊ុនរបស់ខ្លួន តម្លើងប្រាក់ឈ្នួល ទូទាត់ប្រាក់ឈប់សម្រាកប្រចាំឆ្នាំ និងប្រាក់អតីតភាពការងារជាដើម។
ក្រោយមានបញ្ហានេះកើតឡើង អភិបាលរាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង ម្ខាងបញ្ជាឲ្យអភិបាលខណ្ឌទាំង១២ បញ្ចេញកម្លាំងប្រជាការពារ ចុះប្រមូលសំរាមតាមដងផ្លូវជាបណ្ដោះអាសន្ន និងម្ខាងទៀតឲ្យជួបពិភាក្សាជាមួយភាគីពាក់ព័ន្ធ ដើម្បីរកដំណោះស្រាយបន្ដទៀត។
អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ម៉េត មាសភក្ដី បានថ្លែងប្រាប់អ្នកសារព័ត៌មានថា នៅពេលនេះអាជ្ញាធររាជធានីភ្នំពេញ បាននិងកំពុងជួបពិភាក្សារកដំណោះស្រាយ ជាមួយតំណាងថៅកែក្រុមហ៊ុន តំណាងសហជីព និងតំណាងកម្មករប្រមូលសំរាម ឈានទៅដល់បញ្ចប់បញ្ហាទាំងស្រុង កុំឲ្យរាំងស្ទះចំពោះការប្រមូលសំរាម ក្នុងរាជធានីភ្នំពេញ៕