(ភ្នំពេញ) នៅសាលាខណ្ឌព្រែកព្នៅ បានរៀបចំពិធីបានប្រកាសតែងតាំងមុខតំណែង ជាអភិបាលរងខណ្ឌ១ រូបគឺ លោកជា វីរៈ មកពីស្ថាប័ន សាលារាជធានីភ្នំពេញ ជាអភិបាលរងខណ្ឌព្រែកព្នៅថ្មី ជំនួសលោក ទូច សាលីន ត្រូវទៅកាន់មុខតំណែងថ្មី ជារដ្ឋលេខាធិការក្រសួងកសិកម្មវិញ ។
ពិធីប្រកាសកាន់មុខតំណែងជាអភិបាលរងខណ្ឌ១រូបនេះ បានប្រព្រឹត្ដទៅ នាព្រឹកថ្ងៃព្រហស្បតិ៍ ថ្ងៃទី២៦ ធ្នូ ឆ្នាំ២០១៨នេះ ក្រោមអធិបតីភាព ឯកឧត្តម នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ និងលោក សុខ សម្បត្ដិ អភិបាលខណ្ឌព្រែកព្នៅ ។
សូមបញ្ជាក់ថា៖ មុខតំណែងជាអភិបាលរងខណ្ឌព្រែកព្នៅ មាន ចំនួន៤រូប ក្នុងនោះបេក្ខភាពនារី១រូប មកពីស្ថាប័នសាលារាជធានីភ្នំពេញផងដែរ ។ ខណ្ឌព្រែកព្នៅ ជាខណ្ឌដែលទើបបំបែកចេញពី ខណ្ឌឬស្សីកែវ និងខណ្ឌសែនសុខមួយផ្នែក មានផ្ទៃដី ជាង១៥៦ ៤០ហិកតា វិសាលភាពមុខរបបប្រជាពលរដ្ឋធ្វើកសិកម្ម ទេសាទ សំណង់ ធ្វើការងាររោងចក្រ និងធ្វើសិបកម្មខ្នាតតូច លក្ខណៈគ្រួសារ ។
លោក ជា វីរៈ បានថ្លែងថា ជាមួយនឹងមុខតំណែងថ្មីនេះ និងដើម្បីឆ្លើយតបទៅនឹងគុណូបការៈ ដ៏ថ្លែថ្លារបស់សម្តេចក្រឡាហោម និងឯកឧត្តមអភិបាលនៃគណៈអភិបាលភ្នំពេញ ដែលបានផ្តល់នូវទំនុកចិត្តដល់រូបខ្ញុំ ខ្ញុំសូមធ្វើការប្តេជ្ញាចិត្ត យ៉ាងមុតមាំ ដូចជា គោរព និងអនុវត្តន៍ឲ្យបានខ្ជាប់ខ្ជួន រដ្ឋធម្មនុញ្ញ ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន ។ អនុវត្តន៍តាមការចាត់តាំង និងការណែនាំរបស់ថ្នាក់ដឹកនាំ គ្រប់លំដាប់ថ្នាក់ ជាពិសេស ខិតខំ ឲ្យអស់ពីកម្លាំងចិត្ត ជួយដល់ លោកអភិបាល នៃអភិបាលខណ្ឌ ក្នុងការសម្របសម្រួល ជំរុញ បម្រើ សេវាសាធារណៈ និងដោះស្រាយបញ្ហានានា ជូនប្រជាពលរដ្ឋ ឲ្យបានឆាប់រហ័ស ប្រសិទ្ធភាព និងប្រសិទ្ធផល ។ បន្តខិតខំប្រឹងប្រែង បម្រើប្រជាពលរដ្ឋ ឲ្យអស់ពីសមត្ថភាព និងលទ្ធភាព ។
ក្នុងឱកាសដែរ ឯកឧត្តម នួន ផារ័ត្ន បានថ្លែងថា ការតែងតែង និងផ្លាស់ប្តូរតំណែងមន្រ្តីរាជការ ជាដំណើរធម្មតារបស់មន្រ្តីរាជការ ស៊ីវិល ក្នុងមុខងារសាធារណៈ។ ដូចនេះដើម្បីពង្រឹងប្រសិទ្ធភាពការងារ បន្ថែមទៀត ត្រូវបង្កើនការយកចិត្តទុកដាក់ និងទទួលខុសត្រូវខ្ពស់ក្នុងការបំពេញការងារ ជាពិសេសត្រូវចេះស្វែងយល់ និងបទដ្ឋានគតិយុត្ត ដែលពាក់ព័ន្ធនឹងតួនាទី ភារកិច្ចរបស់ខ្លួន ៕