ប្រសើរខ្លាំងណាស់!!! ចំនួនសត្វស្លាបនៅព្រែកទាល់កើនឡើង ៣០ % បន្ថែមទៀត

0
1005

មន្ត្រី​បរិស្ថាន​ខេត្តបាត់ដំបង​បានឱ្យដឹង​ថា ព្រែក​ទាល់​ដែលជា​ដែន​អភិរក្ស​សត្វ​ស្លាបដ៏ធំ​មួយ​នៅ​កណ្តាល​បឹង​ទន្លេសាបនោះ នៅពេលនេះកំពុងមានការ​កើនឡើង​នូវចំនួន​សត្វ​ស្លាប​យ៉ាងច្រើនគិត​មកដល់ ឆ្នាំ ២០១៨ នេះ ។

លោក កប បូរ៉ាន់ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តបាត់ដំបង​បាន​ឱ្យដឹងថា ចំនួន​បក្សី​បាន​កើនឡើងប្រមាណជា ៣០ភាគរយ  បើ​ធៀប​ទៅ​នឹង ២ ឆ្នាំមុន ដោយសារ​នៅទីនេះ​ វា​បាន​ប្រមូលផ្តុំ​សត្វ​នានា​មក​រស់នៅ​ទីនេះ ដែល​សំបូរ​ត្រី​ជា​ចំណី​របស់​វា ។ ហើយ​វា​បាន​កើន ២០ ភាករយ បានមកពី​ការបន្ត​ពូជ​កើតជា​កូន ធ្វើ​សំបុក​រស់នៅ​ទីនេះ​តែម្តង និង ១០ ភាគរយទៀតចូលមករស់នៅពីតំបន់ខាងក្រៅ ។ នៅឆ្នាំ ២០១៨ នេះ​ ព្រែក​ទាល់​ស្ងប់ស្ងាត់​ស្ទើរតែ​គ្មាន​បទល្មើស​ទាំង​ការ​លួច​ចូល​យក​ពង​សត្វ ​និង​ លួច​ចូលចាប់​ត្រី​ក្នុង​ដែន​ការពារនោះឡើយ ។

ព្រែក​ទាល់​គឺជា​បន្ទាយ​សត្វ​ស្លាប​ដ៏​ធំ​មួយ​មាន​សក្តានុពល​ខ្លាំង​ណាស់ ដែល​ធ្វើឱ្យ​សត្វ​ស្លាប ១១០ ប្រភេទ​​រស់នៅ​ជាមួយគ្នា​បាន​ដោយ​សុខដុម​រម្យ​នា ។ ដើមឈើ​មួយចំនួនធំ​ គេ​ឃើញ​សំបុក​សត្វ កំពុង​ក្រាប​ពង​កូន​ និង​​ សំឡេង​សត្វ​ស្រែក​យ៉ាង​កងរំពង និង ​ហើរ​ប្រទាក់ក្រឡា​គ្នា​ពាសពេញ​ផ្ទៃមេឃ នេះ​ក៏​ជា​គោលដៅ​ទេសចរ​មួយ​យ៉ាងសំខាន់ ។

លោកប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តបានឱ្យដឹងទៀតថា ឆ្នាំ ២០១៨ នេះ ភ្ញៀវទេសចរ​បរទេស​បាន​មក​កម្សាន្តនៅទីនេះ​ច្រើន ប៉ុន្តែ​អ្វីដែល​លំបាក​ដល់​ភ្ញៀវ​មកដល់​ទីនេះ គឺ​ផ្លូវទឹក​ធ្វើដំណើរ​តាម​ទូក កា​រណូត​ពិបាក ពេល​រដូវប្រាំង​ទឹក​រាក់​ពេក ។ ព្រែក​ទាល់​ជា​ដែន​អភិរក្ស​មួយ​ល្បី​តាំងពី​ទសវត្សរ៍ឆ្នាំ ៦០ មកម្ល៉េះ ហើយ​រក្សា​ទុក​បាន​រហូតមកដល់​ស​ព្វ​ថ្ងៃនេះ ។

ពេលនេះ ក្រសួងបរិស្ថាន ​និង​ អាជ្ញាធរខេត្ត​គួរ​បើកផ្លូវ​នាវាចរណ៍​ឱ្យបាន​ធំ ដើម្បី​ពង្រីក​សក្តានុពល​ទេសចរណ៍​ឱ្យ​បាន​ខ្លាំងក្លា សម្រាប់​ស្រូបយក​ប្រាក់ចំណូល​ពី​ភ្ញៀវ ដើម្បីកុំ​ឱ្យ​ឱកាស​នេះ​រំលង​ហួសទៅ ៕ប្រភពFB

LEAVE A REPLY

Please enter your comment!
Please enter your name here